រដ្ឋអាជ្ញារបស់ប្រទេសកូរ៉េខាងត្បូងបានចោទប្រកាន់លោក Lee Myung-bak អតីតប្រធានាធិបតីពីបទស៊ីសំណូក និងការលួចបន្លំថវិកា។
លោក Lee ត្រូវបានចោទប្រកាន់ថា បានទទួលប្រាក់សំណូកចំនួន១០លានដុល្លារពីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និងក្រុមហ៊ុន Samsung ។ រដ្ឋអាជ្ញាក៏បាននិយាយផងដែរថា លោក Lee Myung-bak បានកិបកេងប្រាក់៣៣លានដុល្លារពីក្រុមហ៊ុនឯកជនមួយដែលលោកកាន់កាប់។
លោក Lee Myung-bak ដែលត្រូវបានចាប់ខ្លួន និងត្រូវបានឃុំឃាំងចាប់តាំងពីខែមុននោះ បានបដិសេធថា លោកមិនមានកំហុសទេដោយនិយាយថា ការចោទប្រកាន់នេះគឺបណ្តាលមកពីហេតុផលនយោបាយ។
អ្នកជំនួញអភិរក្សនិយមនេះបានធ្វើជាប្រធានាធិបតីពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣នោះហើយលោកជាមេដឹកនាំកូរ៉េខាងត្បូងទី៤ដែលត្រូវចោទប្រកាន់នៅពេលមានជីវិត ទាក់ទងនឹងអំពើពុករលួយមុនពេលចាកចេញពីតំណែង ឬច្រើនឆ្នាំបន្ទាប់ពីចេញពីតំណែង។ អ្នកស្នងតំណែងបន្ទាប់ពីលោកគឺលោកស្រី Park Geun-hye ត្រូវបានកាត់ទោសឱ្យជាប់គុក២៤ ឆ្នាំក្នុងរឿងអាស្រូវពុករលួយដាច់ ដោយឡែកកាលពីថ្ងៃសុក្រ៕