ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​បុរស​មាន​ក្នុង​រូបថត​ពី​ស២១​គឺ​ជា​ជន​ជាតិ​អាមេរិកាំង


មាន​ស្រ្តី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ប្រគល់​រូប​ថត​ចំនួន​១.៤២៧​សន្លឹក​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ខែ​មុន។
វ៉ាស៊ីនតោន៖​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រកឃើញ​អត្ត​សញ្ញាណ​បុរស​បស្ចិម​ប្រទេសម្នាក់​ដែល​មាន​នៅ​ក្នុង​រូប​ថត​ពីរសន្លឹក​ថា​ជា​ជន​ជាតិ​អាមេរិកាំង​ម្នាក់​ដែល​ក្រុម​ខ្មែរ​ក្រហម​បាន​ចាប់​ខ្លួន​កាលពីឆ្នាំ​១៩៧៨។

មិត្តភ័ក្រ​និង​ឯកសារ​នានា​បាន​បញ្ជាក់​ថា​បុរស​នោះគឺ​លោក​គ្រីស​ស្តូហ្វឺ អេដវឺដ ឌីលែន ​មាន​ដើម​កំណើត​នៅ​រដ្ឋ​កាលីហ្វញ៉ា ​សហរដ្ឋ​អាមេរិក។

លោក​គ្រីសស្តូហ្វឺ​ត្រូវ​បាន​ក្រុម​ខ្មែរ​ក្រហម​ចាប់​ខ្លួនខណៈ​ពេល​ដែល​កំពុង​ជិះ​កប៉ាល​លំហែរ​ជាមួយ​ជន​ជាតិ​អាមេរិកាំង​បីនាក់​ផ្សេង​ទៀតហើយ​ឆ្លង​ចូល​ដែន​សមុទ្រ​កម្ពុជា។ ឯកសារ​នានា​បញ្ជាក់​ថា​លោក​និង​បុរស​បីនាក់​ទៀត​នោះត្រូវ​បាន​យក​មក​ឃុំ​ឃាំង​និង​សម្លាប់​នៅ​គុក​ទួល​ស្លែងក្រោម​ការ​គ្រប់​គ្រង​របស់​កាំ​ង​ ហ្កេកអ៊ាវ​ ហៅ​ឌុច។ ​

ការស្រាវជ្រាវ​ស្វែង​រក​អត្ត​សញ្ញាណ​លោក​គ្រីសស្តូហ្វឺបាន​ទទួល​ពន្លឺ​បន្ថែម​ក្រោយ​ពីមាន​ស្រ្តី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ប្រគល់​រូប​ថត​ចំនួន​១.៤២៧​សន្លឹក​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ខែ​មុន។ ក្នុង​ចំណោម​នោះ​គឺ​មាន​រូបថត​ជន​បស្ចិម​ប្រទេស​ពីរនាក់​ដែល​អ្នក​ស្រាវជ្រាវ​ទើប​អាច​កំណត់​បាន​កាលពី​ថ្ងៃសៅរ៍​កន្លងមក​ថា​គឺលោក​គ្រីសស្តូហ្វឺ​ ឌីលែន ​រីឯជន​បស្ចិម​ប្រទេ​ស​ម្នាក់​ទៀតក្រុម​អ្នក​ស្រាវជ្រាវ​កំពុង​តាម​ស្វែង​រក​នៅឡើយ។

លោក​ឆាង យុ​នាយ​ក​មជ្ឈ​មណ្ឌល​នេះ​បាន​បញ្ជាក់​ថា៖​
«ខ្ញុំ​គិត​ថា​ការ​រក​ឃើញ​នេះ​ក៏​វា​ឆ្លុះបញ្ចាំង​អំពី​សក្ខីកម្ម​របស់​ឌុច​ដែល​តែងតែ​អះអាង​ថា​មាន​ជន​បរទេស​តែ​បួន​រូប​ដែល​បាន​សា្លប់​នៅ​មន្ទីរ​ស២១​ផ្ទុយ​ទៅវិញ​គឺ​មាន​រហូត​ដល់​ទៅ​១២​នាក់​ហើយ​ខ្ញុំ​គិត​ថាជីវិត​មួយ​វា​សំខាន់​មិន​ចាំបាច់​ទៅដល់​១ម៉ឺន​ពីរ​ម៉ឺន​ទេ​គឺ​ជីវិត​មួយ​ក៏​សំខាន់​រឿង​មួយ​ក៏​សំខាន់​ហើយ​ការរក​ឃើញ​នេះ​វា​បន្ថែម​ទៅ​លើ​ការដាក់​បញ្ជាក់​អំពី​ការទទួល​ខុស​ត្រូវ​របស់​ឌុច​ឱ្យ​កាន់តែ​ច្បាស់​ជាង​មុន»។

ឌុច​ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​ការ​ធ្វើ​ឱ្យ​ស្លាប់​អ្នក​ទោស​ជាង​១២.០០០​នាក់​ក្រោម​ការ​គ្រប់​គ្រង​របស់​គាត់។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ទៅ​សម្ភាសឌុចកាលពី​សប្តាហ៍​មុន​ដើម្បី​ឱ្យ​គាត់​ជួយ​បញ្ជាក់ពី​អត្ត​សញ្ញាណ​ជន​បស្ចិម​ប្រទេស​ពីរ​នាក់​ដែល​មាន​នៅក្នុងរូប​ថត​ដែល​ពួកគេ​ទទួល​បាន​ប៉ុន្តែ​ត្រូវ​ឌុចបដិសេធថា​គាត់​មិន​ស្គាល់​ទេ។​

នាង​ ស៊ីរិ សាវីណា ​ប្រធាន​ក្រុម​ការងារ​ឯកសារ​រស់​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ដែលជា​អ្នកបាន​សម្ភាស​ឌុច​ដោយ​ផ្ទាល់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​បាន​បញ្ជាក់​ប្រាប់​វីអូអេ​កាលពី​ពេល​មុន​ថា៖​
«ឌុច​គាត់​អត់​បាន​បញ្ជាក់​អំពី​អត្តសញ្ញា​ណ​របស់​រូបថត​ទាំង​ពីរ​នោះ ​ទេ​ពីព្រោះ ​គាត់​ថា​ជន​បរទេស​ដែល​មក​ដល់​មន្ទីរ​ស២១​ គឺ​មាន​ចំនួន​បួននាក់​ទេ​ហើយ​ពីរ​នាក់​ហ្នឹង​ប្រហែល​ជា​មិន​មែន​ជា​អ្នក​ដែល​នៅ ​ស២១​ទេ»។

យោង​តាម​ឯកសារ​ចម្លើយ​សារភាព​សរសេរ​ជា​ភាសា​អង់​គ្លេស​និង​មាន​ចុះ​ហត្ថលេខា​របស់​លោក​គ្រីសស្តូហ្វឺ ឌីលែន ​ដែល​យក​ចេញ​ពី​មន្ទីរ​ស២១​បង្ហាញ​ថា​ លោក​ត្រូវ​បាន​គេ​សួរ​ចម្លើយ​ចប់​នៅ​ថ្ងៃ​ទី​២៦​ខែ​ធ្នូ​ឆ្នាំ​១៩៧៨។ លោកត្រូវសម្លាប់​ចោល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុននឹង​របប​នេះ​ដួល​រលំ​បន្ទាប់​ពី​កងទ័ព​វៀត​ណាម​បាន​ចូល​ឈ្លាន​ពាន​នៅ​ដើម​ឆ្នាំ​១៩៧៩។​

លោក​គ្រីសស្តូហ្វឺ ឌីលែន​កើត​នៅ​ រដ្ឋ​កាលីហ្វញ៉ា​ក្នុង​ឆ្នាំ​១៩៤៩​ហើយ​មាន​មុខ​របរ​ជា​អ្នកលក់​ទូក​កាណូត។ យោង​តាម​ឯកសារ​ចម្លើយ​សារភាព​ចំនួន​២១​ទំព័រ​សរសេរ​ជា​ភាសា​អង់​គ្លេស​ដែល​វីអូអេ​ទទួល​បាន​បញ្ជាក់​ថា​លោក​បាន​ធ្វើ​ការ​លាក់​មុខ​ឱ្យ​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល​របស់​អាមេរិក​ដែល​ហៅកាត់​ថា​សេអ៊ីអា។ លោក​មាន​បេសកកម្ម​ស៊ើប​ការណ៍​យក​ព័ត៌មាន​ពី​កម្លាំង​យោធា​របស់​ខ្មែរ​ក្រហម​និង​មើល​ពី​លទ្ធភាព​នៃ​ការសាង​សង់​ស្ថានីយ៍​ខួងប្រេង​។

ឯកសារ​នោះ​បញ្ជាក់​ថា៖
«ព័ត៌មាន​នេះ​គឺ​ដើម្បី​បម្រើ​នូវ​គោល​បំណង​ពីរ។ សេអ៊ី​អា​សង្ឃឹម​ថា​នឹង​ដឹង​ថា​តើ​កងកម្លាំង​យោធា​កម្ពុជាជា​ពិសេស​កងទ័ព​ជើ​ង​ទឹក​ជាការ​គំរាម​កំហែង​ដល់​ប្រទេស​ថៃ​ឬ​ទេ។ សេអ៊ីអា​សង្ឃឹម​ថា​នឹង​ដឹង​ព័ត៌មាន​ថា​កម្ពុជា​កំពុង​ពង្រឹង​កងកម្លាំង​ទ័ព​របស់​ខ្លួន​ដើម្បី​ ធ្វើ​ការ​វាយប្រហារ​ធំដុំ​ណាមួយ​ទេ។ គោល​បំណង​ទីពីរ​ចំពោះ​បេសកកម្ម​របស់​យើង​គឺ​ថា​តើ​អាច​នឹង​មាន​លទ្ធភាព​សាងសង់​ស្ថានីយ​ខួង​ប្រេង​ នៅ​ក្រៅ​ពី​ដែន​ទឹក​កម្ពុជា​បន្តិចឬ​ទេ...ពួកគេ​ចង់​ដឹង​ថា​តើ​អណ្តូង​ខួងប្រេង​ដែល​នៅ​ក្នុង​ដែន​សមុទ្រ​នោះ ​អាច​រង​ការ​វាយ​ប្រហារ​ពី​ប្រទេស​កម្ពុជា​ឬ​ទេ»។ ឯកសារ​ចម្លើយ​សារភាពនោះមានចុះហត្ថ​លេខា​ដោយ​លោកគ្រីសស្តូហ្វឺផ្ទាល់និង​មាន​អ្នក​សួរ​ចម្លើយ​ឈ្មោះ​ចាន់។

លោក​ឆាង យុ​បញ្ជាក់​ថា​ក្រុម​អ្នក​សួរ​ចម្លើយ​នៅ ទួលស្លែង​តែង​តែ​ប្រើ​គ្រប់​វិធី​សាស្រ្តឱ្យ​អ្នក​ជាប់​ទោស​ឆ្លើយថា​ពួកគេ​គឺ​ជា​ភ្នាក់​ងារ​ស៊ើប​ការ​ណ៍​របស់​សេអ៊ីអា​ឬ​ជា​ចារកម្ម​វៀតណាមដើម្បី​គេ​យក​ហេតុផល​សម្លាប់​ជន​រងគ្រោះ​។

«អីចឹង​គ្រប់​ចម្លើយ​សារភាព​ស្ទើរ​តែ​ទាំង​អស់​នៅ​ទួលស្លែង​ហ្នឹង​គឺ​មាន​លក្ខណៈ​មួយ​ចុងក្រោយ​អ្នក​ទាំងអស់​គ្នា​បាន​សារភាព​ថា​ជា​ភ្នាក់​ងារ​ស៊ី​អាយ​អេ​ឬ​ចារកម្ម​វៀតណាម​នៅក្នុង​ន័យ​មួយ​ថា​ប្រហែល​ជា​ខ្មែរ​ក្រហម​ឱ្យ​រួចខ្លួន​បើសិន​ជា​សារភាព​ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ហេតុផល​ទាំង​អស់​នេះ​ដែល​វា​កើត​ឡើង​នៅ គ្រប់​ៗ​គ្នា​ហ្នឹង​គឺ​ចុងបញ្ចប់​អ្នក​ទាំង​អស់​ហ្នឹង​ត្រូវ​បាន​សម្លាប់​ចោល​ហើយ​ឌីលែន​ក៏ អញ្ចឹង​ដែរ​។ អញ្ចឹង​យើង​នៅ ពេល​ដែល​យើង​សួរ​មិត្ត​ភ័ក្រ​របស់​គាត់​វាគ្មាន​ហេតុផល​ណាមួយ​ថា​គាត់​ជាភ្នាក់​ងារ​ស៊ីអាយ​អេ​ប៉ុន្តែ​នៅ​ក្នុង​ចម្លើយ​សារភាព​គាត់​បាន​ឆ្លើយ​ថា​គាត់​ជា​ភ្នាក់​ងារ​ស៊ីអាយ​អេ​បើក​ទូក​នាំ​ភា្នក់​ងារ​មួយ​ចំនួន​ទៀត​ដើម្បី​ពិនិត្យ​ស្ថាន​ការណ៍​ទល់​ដែន»។

ការស្រាវជ្រាវ​ធ្វើឡើង​ដោយ​មាន​កិច្ច​សហការ​ជាមួយ​នឹង​លោក​សាស្រ្តាចារ្យ​ Peter Maguire ​អ្នក​និពន្ធ​សៀវភៅ​ស្តី​ពី​របប​ខ្មែរ​ក្រហមដែល​មាន​ចំណង​ជើង​ថា​«ប្រឈម​មុខ​នឹង​មរណភាព​នៅ​ប្រទេស​កម្ពុជា»។ ការព្យាយាម​ទាក់​ទង​លោក​ Maguire ​នៅ​ ថ្ងៃ​ច័ន្ទ​នេះ​មិន​ទទួល​បាន​លទ្ធផល​អ្វី ​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​បាន​បិទ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ដែរ​ថា​ក្រុម​គ្រួសារ​របស់​លោក​គ្រីសស្តូហ្វឺ​មិន​ផ្តល់កិច្ចសហការ​អ្វី​ទេ​ដោយ​សមាជិក​ក្រុម​គ្រួសារ​ខ្លះ​មិន​ទាំងព្រម​ក្រឡេក​មើល​រូបថត​ឡើយ​ដោយ​ព្យាយាម​មិន​រំលឹក​ពី​ស្នាម​ឈឺចាប់​ដែល​មាន​អស់​រយៈ​ពេល​ជាយូរ​មក​នេះ។ មាន​មិត្តភ័ក្រ​របស់​លោកឌីលែន​ដែល​រៀន​នៅ​ វិទ្យាល័យ​ជាមួយ​គ្នា​បាន​ស្គាល់ពេល​ឃើញ​រូបថត​និង​ព្រម​បញ្ជាក់​អត្ត​សញ្ញាណ​របស់​លោក៕
XS
SM
MD
LG