តុលាការមួយក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បានកាត់ទោសដាក់ពន្ធនាគារអ្នកកាសែតប្រឆាំងម្នាក់ ដែលមានឈ្មោះបោះសំឡេងក្នុងចំណោមអ្នកកាសែតប្រឆាំងជាច្រើននាក់ឲ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំ ពីបទធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋ ដែលជាការដាក់ពន្ធនាគារចុងក្រោយថ្មីបំផុតមួយទៅលើអ្នកសារព័ត៌មាននៅក្នុងប្រទេសវៀតណាម។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោកស្រី Pham Doan Trang ដែលជាអ្នកធ្វើយុទ្ធនាការដើម្បីសេរីភាពសារព័ត៌មាន និងសិទ្ធិស៊ីវិល បានក្លាយជាបន្លាក្នុងកែវភ្នែករបស់អាជ្ញាធរវៀតណាមអស់រយៈពេលជាយូរមកហើយ ដោយលោកស្រីបានសរសេរនូវអត្ថបទចម្រូងចម្រាស់ជាច្រើន រាប់តាំងពីបញ្ហាដណ្តើមកាន់កាប់ដីធ្លី រហូតដល់ការប្រើអំពើហិង្សារបស់ប៉ូលិសជាដើម។
លោកស្រី ត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំ២០២០ ក្នុងទីក្រុងហូជីមិញ។ លោកស្រី Trang ដែលមានអាយុ៤៣ឆ្នាំ បានបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងទីក្រុងហាណូយកាលពីថ្ងៃអង្គារម្សិលមិញសម្រាប់សវនាការកាត់ក្តីដែលមានរយៈពេលតែមួយថ្ងៃ ហើយត្រូវបានចូលរួមសង្កេតការណ៍ដោយក្រុមអ្នកសារព័ត៌មាន និងអ្នកការទូតផ្សេងៗទៀតផងដែរតាមប្រព័ន្ធវីដេអូដែលមានសំឡេង ត្រូវបានកាត់ផ្តាច់ជាញឹកញាប់។
ចៅក្រម Chu Phuong Ngoc បានបញ្ជាក់ថា អតីតអ្នករាយការណ៍ព័ត៌មានរបស់រដ្ឋវៀតណាមរូបនេះ ត្រូវបានរងការចោទប្រកាន់ពីការ«ផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម»។
ចៅក្រមរូបនេះបន្តទៀតថា «អកប្បកិរិយារបស់លោកស្រី បានបង្កគ្រោះថ្នាក់ដល់សង្គមជាតិ ដោយមានចេតនាបំពានលើរបបសង្គមនិយម ហើយលោកស្រី ត្រូវទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ»។
នៅក្នុងសវនាការនោះ លោកស្រី Trang បានប្រាប់តុលាការថា លោកស្រី ត្រូវបានចាប់ឃុំខ្លួនចំនួន២៥ដងរួចមកហើយចាប់តាំងពីឆ្នាំ២០១៥មក ហើយលោកស្រីត្រូវបានក្រុមកម្លាំងសន្តិសុខធ្វើឲ្យលោកស្រីមានការភ័យខ្លាចយ៉ាងខ្លាំង។
លោកស្រីបានប្រើឈើច្រត់ដើម្បីដើរដោយសារតែលោកស្រីមានរបួសជើង នៅពេលដែលប៉ូលិស បានបង្ក្រាបលើការប្រឆាំងតវ៉ាបរិស្ថានមួយកាលពី៦ឆ្នាំមុនដែលមានលោកស្រីចូលរួមផងដែរ។
ក្នុងឆ្នាំ២០១៦ ក្នុងនាមជាអ្នកកាសែតដែលមិនចំណុះអង្គភាពណាមួយ លោកស្រីបានសរសេរអត្ថបទជាច្រើនពាក់ព័ន្ធនឹងគ្រោះមហន្តរាយបរិស្ថានដ៏អាក្រក់បំផុតមួយដែលជាការបែកធ្លាយនូវជាតិពុលទៅក្នុងផ្ទៃទឹក ដែលបានសម្លាប់ពូជត្រីអស់រាប់តោននៅក្នុងប្រទេសវៀតណាមភាគកណ្តាល ដែលបណ្តាលឲ្យមានការប្រឆាំងតវ៉ាដ៏កម្រមួយនៅពាសពេញផ្ទៃប្រទេសនៅពេលនោះ។
នៅឆ្នាំ២០១៦ដដែលនោះផងដែរ លោកស្រីត្រូវបានចាប់ខ្លួនដោយប៉ូលិស នៅពេលដែលលោកស្រីកំពុងធ្វើដំណើរទៅជួបប្រធានាធិបតីអាមេរិកលោក Barack Obama ដែលនៅពេលនេះកំពុងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងហាណូយប្រទេស ហើយបានអញ្ជើញលោកស្រីចូលរួមនៅក្នុងកម្មវិធីមួយជាមួយសកម្មជនដទៃផ្សេងៗទៀតនៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក។
លោកស្រី Trang ត្រូវបានចាប់ឃុំខ្លួនជាថ្មីម្តងទៀតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបានជួបប្រជុំជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដែលបានត្រៀមធ្វើកិច្ចសន្ទនាប្រចាំឆ្នាំទ្វេភាគីស្តីពីសិទ្ធិមនុស្សរវាងសហភាពអឺរ៉ុប និងវៀតណាម។
ក្នុងសៀវភៅរបស់លោកស្រីដែលមានចំណងជើងថា «នយោបាយរបស់រដ្ឋប៉ូលិស» លោកស្រី បានរៀបរាប់ពីការបន្តធ្វើទុក្ខបុកម្នេញទៅលើរូបលោកស្រីនៅក្នុងរយៈពេលជាច្រើនឆ្នាំ។
នៅក្នុងលិខិតមួយច្បាប់ដែលលោកស្រីបានសរសេរកាលពីឆ្នាំ២០១៩ ដែលមានចំណងជើងថា «បើក្នុងរឿងករណីដែលខ្ញុំត្រូវបានជាប់ពន្ធនាគារ» លោកស្រី បានជំរុញដល់សាធារណជនទាំងអស់ឲ្យផ្តោតលើការប្រយុទ្ធប្រឆាំងដើម្បីការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌នៅក្នុងប្រទេសវៀតណាម ជាជាងការស្វែងរកសេរីភាពសម្រាប់រូបលោកស្រី។
អនុប្រធានអង្គការសិទ្ធិមនុស្ស Amnesty International លោកស្រី Ming Yu Hah បាននិយាយថា ការធ្វើបាបលោកស្រី Trang គឺជានិម្មតិរូបដ៏ឃោរឃៅព្រៃផ្សៃនៃការគាបសង្កត់របស់អាជ្ញាធរវៀតណាម លើការងារសកម្មជនសិទ្ធិមនុស្សដោយសន្តិវិធីនៅទូទាំងប្រទេសវៀតណាម»៕