តុលាការមួយក្នុងប្រទេសវៀតណាម បានកាត់ទោសដាក់ពន្ធនាគារអតីតប្រធានគ្រប់គ្រងស្ថាប័នរបស់ទីក្រុងហាណូយមួយរូបចំនួន៨ឆ្នាំបន្ថែមទៀត កាលពីថ្ងៃចន្ទលើបទរំលោភអំណាច ដែលនេះ ជាការផ្តន្ទាទោសលើកទី២ចំពោះរូបលោកនៅក្នុងការបង្ក្រាបទៅលើអំពើពុករលួយរបស់គណបក្សកុម្មុយនីស្តវៀតណាម។ នេះ បើតាមការផ្សព្វផ្សាយរបស់ប្រព័ន្ធឃោសនារដ្ឋរបស់វៀតណាម និងត្រូវបានរាយការណ៍បន្តដោយទីភ្នាក់ងារព័ត៌មាន Reuters។
លោក Nguyen Duc Chung អាយុ ៥៤ ឆ្នាំ ត្រូវបានតុលាការរកឃើញថា មានទោសពីបទផ្ទេរប្រាក់ប្រមាណ១លាន ៥សែន ៧ម៉ឺន ដុល្លារ ចេញពីគម្រោងអភិវឌ្ឍន៍វិនិយោគទុនសាធារណៈមួយដែលលោកធ្លាប់បានជួយដល់ក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសាររបស់លោកនោះ។
កាលពីឆ្នាំមុន លោក Chung ក៏ត្រូវបានកាត់ទោសរួចម្តងមកហើយឲ្យជាប់ពន្ធនគារចំនួន៥ឆ្នាំ ពីបទបន្លំឯកសារសម្ងាត់របស់រដ្ឋ និងការប្រើប្រាស់ទ្រព្យសម្បត្តិមិនត្រឹមត្រូវដែលធ្វើឲ្យបាត់បង់នូវថវិការបស់រដ្ឋប្រមាណ៤០លានដុល្លារ។
មេធាវីការពារក្តីរបស់លោក បានបដិសេធនូវព័ត៌មានពីសាលក្រមដែលប្រកាសកាលពីថ្ងៃចន្ទ។ លោក Chung ធ្លាប់កាន់តំណែងជាប្រធានប៉ូលិសក្រុងហាណូយ ហើយបន្ទាប់មកបានក្លាយជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយនៅចុងឆ្នាំ២០១៥។
ក្នុងអំឡុងពេលនៃការកាន់តំណែងរបស់លោក ទីក្រុងហាណូយ បានទទួលសិទ្ធិរៀបចំការប្រកួតរថយន្ត Formula 1 ដែលក្រោយមកត្រូវបានលុបចោលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។
ការចាប់ខ្លួនលោក Chung ត្រូវបានធ្វើឡើងកាលពីឆ្នាំទៅ ស្របពេលដែលគណបក្សគ្រប់គ្រងអំណាចនៅក្នុងប្រទេសវៀតណាម កំពុងបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនោះ៕