ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម ដោះលែង​អ្នកទោស ​៣ពាន់​នាក់ នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ


រូបឯកសារ៖ ទង់ជាតិ​វៀតណាម ដោត​នៅលើជញ្ជាំង​អាគារមួយ​ នៅតាម​ផ្លូវ​មួយ​​ក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម។

ប្រទេស​វៀតណាម កាលពី​ថ្ងៃ​អង្គារ​ បាន​ប្រកាសលើកលែង​ទោស​ដល់​អ្នកទោស​ជាង​៣ពាន់​នាក់​មុន​ខួប​ឯករាជ្យ​ជាតិ​របស់​ខ្លួន​។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Le Quoc Hung អនុ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​និយាយ​ថា ពួក​អ្នកទោស​ដែល​ជាប់​ពន្ធនាគារ​ពីបទពុករលួយ ថ្នាំ​ញៀន​ និង​ទោសព្រហ្មទណ្ឌ​ផ្សេង​ៗ​ទៀត​នោះ​ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ដោះលែង​មុន​ដំបូង​គេ ហើយ​បញ្ជី​ឈ្មោះអ្នក​ដោះលែង​នោះ ​រួមមាន​ជន​បរទេស​ចំនួន ២១​នាក់​ផង​ដែរ។

លោក Hung បាន​បដិសេធ​មិន​និយាយ​ថា ​តើ​អ្នក​ទោស​នយោបាយ​ប៉ុន្មាន​នាក់ ​នឹង​ត្រូវ​ដោះលែង​ទេ​ ដោយ​លោកទទូច​ថា «មិន​មាន​អ្នកទោស​លើ​បទចោទ​ប្រកាន់​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះឡើយ»។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បញ្ជាក់​ថា អ្នក​ទោស​នយោបាយ​ជាង​១៣០​នាក់ បាន​ស្ថិត​នៅ​ក្នុង​ការឃុំឃាំង​នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត​វៀតណាម រហូត​មកដល់​ខែ​ឧសភា​ឆ្នាំ​នេះ ហើយ​វៀតណាម​មានកេរ្តិ៍ឈ្មោះ​ល្បីពីការដាក់ទោស​ធ្ងន់ធ្ងរលើអ្នក​រិះគន់ ​និង​អ្នក​ប្រឆាំង​រដ្ឋាភិបាល។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋបាល​ដែល​ប្រកាន់​នយោបាយ​តឹង​តែង បាន​ព្យាយាម​បង្ក្រាប​ពួក​អ្នក​ប្រឆាំង ​ហើយ​បាន​ចាប់ខ្លួន​អ្នក​រិះគន់ ជាពិសេស​អ្នក​ដែល​បង្ហោះ​ព័ត៌មានលើ​បណ្តាញ​ព័ត៌មាន​សង្គម​នោះ។

ប្រទេស​វៀតណាម​ បាន​ហាមឃាត់​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ទាំងអស់ ហើយ​ប្រទេស​នេះ ទទួល​បាន​ចំណាត់ថ្នាក់​ទី១៧៥​ ក្នុង​ចំណោម​ប្រទេសចំនួន​១៨០ ស្តី​ពីសេរីភាព​សារព័ត៌មាន​ឆ្នាំ២០២០របស់​អង្គការ​អ្នក​យកព័ត៌​គ្មាន​ព្រំដែន។

ការិយាល័យ​ប្រធានាធិបតី​វៀតណាម បាន​បញ្ជាក់​ថា នេះ​ជា​ការលើកលែង​ទោស​លើកទី១ ​នៅ​ក្នុង​រយៈពេល​៤ឆ្នាំ ហើយ​អ្នក​ទោស នឹង​ត្រូវដោះលែង​នៅ​ថ្ងៃ​ពុធ​នេះ។

បើតាម​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម បាន​ឲ្យ​ដឹងថា វៀតណាម​មាន​អ្នកទោស ជាង១សែន​នាក់​ ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ៕

XS
SM
MD
LG