ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​បង្គាប់​ឱ្យ​លោក​អាត់​ ធន់​បង់​ប្រាក់​នៅ​ក្រៅ​ឃុំ​និង​ដាក់​ក្រោម​ការ​ឃ្លាំមើល​របស់​ប៉ូលិស

  • ម៉ែន​ គឹមសេង

លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​ស៊ីខៅ​ឌូ​​​នៅ​ក្នុង​បាតុកម្ម​មួយ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មីនា ឆ្នាំ​២០១៤​ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
ប្រធាន​សហជីព​កម្មករដ៏​សកម្មម្នាក់​ដែលរិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​ត្រូវ​បាន​តុលាការ​កម្ពុជា​បង្គាប់ឱ្យ​បង់​ប្រាក់​ធានា​ចំនួន២៥.០០០​ដុល្លារ​និង​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍ប៉ូលិស​ជារៀងរាល់ចុង​ខែ​បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។ នេះ​បើ​តាម​ដីកា​សម្រេច​របស់​តុលាការ​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍។

ដីកា​សម្រេច​របស់​តុលាការ​នេះ​ទាក់​ទង​នឹង​បទចោទ​ប្រកាន់​លើ​លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​ស៊ីខៅ​ឌូពីបទ«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ​ដែល​ប្រព្រឹត្ត​នៅ​រោងចក្រ​អេសអឹល​កាលពី​ថ្ងៃ​ទី​០១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣។

យោងតាម​ដីកា​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ចុះ​ថ្ងៃទី​៨​ខែ​មេសា​ដោយព្រះ​រាជ​អាជ្ញាសៀង សុខ​ និង​ចៅក្រម​ស៊ើបសួរ​ ជា សុខហៀង ​បាន​បញ្ជាក់​ថា​គឺ​«ដើម្បី​ធានា​ថា​ជន​ត្រូវ​ចោទ​មាន​វត្តមាន​ចំពោះ​មុខ​តុលាការ​ដើម្បី​ជៀសវាង​ការ​រាំងស្ទះ​ក្នុង​ដំណើរ​ការ​នីតិវិធី» ​របស់​រឿងក្តី នេះ។​

លោក​អាត់ ធន់​បញ្ជាក់​ប្រាប់​វីអូអេថា​លោក​បាន​ទទួល​ដីកា​សម្រេច​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ប៉ុន្តែ​លោក​សម្តែង​នូវ​ការ​ហួស​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ។​

«ការ​ដែល​ឱ្យ​យើង​ដម្កល់​ប្រាក់​រហូត​ដល់​២៥.០០០​ដុល្លារ​វាមាន​ន័យ​ថា​ជា​ចំនួន​ច្រើន​លើស​លប់​ដែល​គិតថា​យើង​មិន​អាច​មាន​សមត្ថភាព​បង់​ដល់​ចំនួន​នេះ​ទេ​ហើយ​ការដាក់​នេះ​ខ្ញុំ​គិត​ថា​ដូច​ជា​ច្រើន​ហួស​ហេតុពេក​ហើយ។ ចំណុច​ផ្សេង​ទៀត​ដែល​ឱ្យ​យើង​ទៅ ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍នៅ​ពេល​ដែល​ករណី​រឿង​ដែល​យើង​អត់​មាន​ជាប់​ពាក់​ព័ន្ធ​អ្វី​សោះ​ យើង​ត្រូវ​ជាប់​កាតព្វកិច្ច​តុលាការ​វា​ជា​ការបាត់​បង់​សិទ្ធិ​របស់​យើង​មួយ​ចំនួន​ទៅ​ហើយ។ ខ្ញុំ​គិត​ថា​នេះ​ជា​ការ​ពិបាក​សម្រាប់​យើង»។
លោក​ចាត់ទុក​ថា​វា​ជា​ការរំខាន​ដល់​ដំណើរ​ការ​របស់​សហជីព​ក្នុង​ការ​ការពារ​សិទ្ធិ​របស់​កម្មករ។

«នេះ​ជាការ​ដាក់​ទណ្ឌកម្ម​មួយ​ដែល​ធ្វើ​ឱ្យ​យើង​ពិបាក​ក្នុង​ការ​តស៊ូ​មតិ​ឬ​ធ្វើ​ការ​ដើម្បី​សិទ្ធិ​កម្មករ។​ នេះ​គឺ​វា​បង្ហាញ​នូវ​ការ​មិន​ស្មើ​ភាព​គ្នា​នៃ​ប្រជា​ពលរដ្ឋ​ទន់​ខ្សោយ​ដូច​យើង​នៅ​ចំពោះ​មុខ​ច្បាប់»។

ទាំងព្រះ​រាជអាជ្ញា​និង​ចៅក្រមស៊ើប​សួរ​មិន​អាចទាក់​ទង​ដើម្បី​បញ្ជាក់​បន្ថែម​ទេ​ប៉ុន្តែ​ក្នុង​ដីកា​សម្រេច​នេះ​បញ្ជាក់​ថា​លោក​អាត់ ធន់​មាន​ពេល​មួយ​ខែ​ដើម្បី​ប្រមូល​ប្រាក់​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​យក​មក​បង់​ធានា។

លោក​សុខ សំអឿន​ប្រធាន​អង្គការក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​បញ្ជាក់​ថា​ច្បាប់​កម្ពុជា​មិន​កំណត់​ថា​ឱ្យ​ត្រូវ​បង់​ប្រាក់​ធានា​កម្រិត​ណា​ទេ​ហើយទំហំ​ទឹក​ប្រាក់​នេះ​គឺ​ចង់​ដាក់​សម្ពាធ​ឱ្យ​ជន​ជាប់​ចោទ​រូប​នេះ​ជាប់​ពន្ធនាគារ​តែ​ម្តង៖

«យើង​មើល​ទំហំ​ឱ្យ​អាត់ ធន់​បង់​លុយ​ វា​ដូច​ជា​ហួស​មាឌ​បន្តិច​ហើយ​ បើ​ក្នុង​ករណី​បែប​ហ្នឹង​នៅ​ស្រុក​ខ្មែរ​យើង​អ្នក​ដែល​នៅ​ក្រៅ​ឃុំ​មាន​តែ​អ្នក​មាន​ទេ​ដែល​អាច​នៅ​ក្រៅ​ឃុំ​បាន។ អ្នក​ក្រ​មាន​លុយ​ឯណា​បង់​ដល់​ទៅ​ប៉ុណ្ណឹង»។

ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​អេសអឹល​ដើម្បី​សុំ​ដំឡើង​ប្រាក់​បៀរវត្សរ៍​និង​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ​កាលពី​ចុង​ឆ្នាំ​២០១៣​បានឈាន​ដល់​អំពើ​ហិង្សា​រវាង​ក្រុម​កម្មករ​និង​អាជ្ញាធរ​ប៉ូលិស​ដោយ​មាន​ការ​ដុត​បំផ្លាញ​រថយន្ត​កងកម្លាំង​មាន​សមត្ថកិច្ចនិង​ការ​បាញ់​ស្លាប់​មនុស្ស​ម្នាក់​ផង៕
XS
SM
MD
LG