ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​សហជីព​បាន​ដឹកនាំ​កូដកម្ម​ជា​បន្តបន្ទាប់​


លោក​ម៉ម សុណង់​ដូង​ នាយក​វិទ្យុ​សម្បុក​ឃ្មុំ បាន​ចូលរួម​ក្នុង​ការតវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ដល់​កម្មករ​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ​និង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​មនុស្សទាំង​២១​នាក់​ដែល​ចាប់​ខ្លួន​ក្នុង​ខែ​មករា។
លោក​ម៉ម សុណង់​ដូង​ នាយក​វិទ្យុ​សម្បុក​ឃ្មុំ បាន​ចូលរួម​ក្នុង​ការតវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ដល់​កម្មករ​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ​និង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​មនុស្សទាំង​២១​នាក់​ដែល​ចាប់​ខ្លួន​ក្នុង​ខែ​មករា។
មេ​ដឹកនាំ​សហជីព​ ដែល​មាន​និន្នាការ​ទាមទារ​ដំឡើង​ប្រាក់​បៀរវត្សរ៍​ឱ្យ​កម្មករ​ បាន​ដាក់​ផែនការ​ធ្វើ​កូដកម្ម​ជា​ស៊ីរី​មួយ​របស់​ខ្លួន​ ស្រប​ពេល​ដែល​កម្មករ​ជា​ច្រើន​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​កំពុង​ធ្វើ​កូដកម្ម​ដោយ​មិន​ធ្វើ​ការ​ថែម​ម៉ោង។​

លោក​អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ (C-CAWDU) ​ថ្លែង​ថា​ នេះ​ជា​ជំហានដំបូង​ក្នុង​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ដល់​កម្មករ​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ​និង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​មនុស្សទាំង​២១​នាក់​ដែល​ចាប់​ខ្លួន​ក្នុង​ខែ​មករា។​
លោក​បន្ថែម​ថា​ សម្ព័ន្ធ​សហជីព​របស់​ពួកលោក​ ដែល​មាន​សមាជិក​ចំនួន​១៨​សហជីព​ បាន​ចែក​ខិត្តប័ណ្ណ​អំពាវនាវ​ឱ្យ​កម្មករ​រោងចក្រ ដោយ​សុំឲ្យពួក​គេធ្វើ​កូដកម្ម​ដោយ​មិន​ធ្វើ​ការ​ថែម​ម៉ោង​ចាប់​ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ។ ​ហើយ​ចាប់​ពី​ថ្ងៃ​ម្សិលមិញ​មក​ មាន​កម្មករ​ជាង​២០​ម៉ឺន​នាក់​នៅ​តាម​រោងចក្រ​ជាង​២០០​ក្នុង​ចំណោម​៦០០​រោងចក្រ​នៅ​ទូទាំង​ប្រទេស​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ។​

«កម្មករ​ចូលរួម​ច្រើន។​ អ្វី​ដែល​គេ​ចូល​រួម​នោះ​គឺ​មាន​ន័យ​ថា ​ដល់​ម៉ោង​៤​រសៀល ​គេ​នាំ​គ្នា​ចេញ​ទៅ​ផ្ទះ ​ដោយ​មិន​ធ្វើ​ការ​ថែម​ម៉ោង​ ដើម្បី​ជា​សម្ពាធ​មួយ​ដាក់​ទៅ​ខាង​ក្រុមហ៊ុន​ ដើម្បី​ធ្វើ​ការ​ពិចារណា​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ទៀត​ និង​ដើម្បី​ជា​សារ​ដាក់​ទៅ​ខាង​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ដោះលែង​អ្នក​ទាំង​២១​នាក់»។​

លោក​អាត់ ធន​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​ខាង​ភាគី​រោងចក្រ​ និង​រដ្ឋាភិបាល​នៅ​តែ​មិន​ឆ្លើយ​តប​នឹង​ការ​ទាមទារ​នេះ​ទេ ​ នោះខាង​សម្ព័ន្ធ​សហជីព​ពួក​លោក​នឹង​រៀបចំ​វេទិកា​សាធារណៈ​មួយ​នៅ​ថ្ងៃ​ទី​៨​ខែ​មិនា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​មាន​កម្មករ​ចូលរួម​ពី​៣​ទៅ​៤​ម៉ឺន​នាក់ ​ បន្ទាប់​មក​នឹង​អំពាវនាវ​ឱ្យ​កម្មករ​ធ្វើ​ពហិកា​មិន​ចូល​ធ្វើ​ការ​រយៈពេល​៤​ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី​១២​ដល់​ទី​១៥​ខែ​មិនា។​
ហើយ​ពី​ថ្ងៃ​ទី​១៦​ដល់​ទី​១៩​ខែ​មិនា ​ កម្មករ​នឹង​មក​រោងចក្រ​ដូច​ធម្មតា​ ប៉ុន្តែ​ធ្វើ​ពហិកា​មិន​ធ្វើ​ការ ​ហើយ​ប្រសិន​បើ​កូដកម្ម​ជា​ស៊ីរី​នេះនៅ​តែ​មិន​បាន​ជោគជ័យ ​ពួកលោក​គ្រោង​នឹង​ធ្វើ​មហា​កូដកម្ម​ និង​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ដោយ​មាន​ការ​ដើរ​ហែ​ក្បួន។

លោក ​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ឱ្យ​ដឹង​ថា ​ដូចគ្នា​នេះ​ដែរ។​ លោក​អះអាង​ថា​ នៅ​ថ្ងៃ​ម្សិលមិញ កម្មករ​ចំនួន​៨០​ភាគរយ​នៃ​កម្មករ​សរុប​ប្រមាណ​៧​ពាន់​នាក់​ដែល​ជា​សមាជិក​សហជីព​របស់​លោក​បាន​ចូលរួម​កូដកម្ម​នេះ ​ហើយ​ពួកគេ​ត្រៀម​ខ្លួន​ចូលរួម​កូដកម្ម​ជាមួយ​សហជីព​លោក​បន្តទៀត។​

អ្នកស្រី​ពឹង សុខណា ​អាយុ​២៨​ឆ្នាំ ​ជា​កម្មការិនី​ម្នាក់​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ដែល​ជា​ទីតាំង​មាន​ការ​បង្ក្រាប​ដ៏​ហិង្សា​លើ​បាតុកម្មកាល​ពី​ខែ​មករា។​ ពេល​កំពុង​ដើរ​ចេញ​ពី​ខ្លោង​ទ្វាររោងចក្រ​នៅ​ម៉ោង​៤​រសៀល​ អ្នកស្រី​ថ្លែង​ថា ​អ្នកស្រី​និង​កម្មករ​ជា​ច្រើន​នាក់​ទៀត​ក្នុង​រោងចក្រ​ជាមួយ​គ្នាបាន​ចូលរួមកូដកម្ម​នេះ​ដែរ។

«ចូល​រួម​ដែរ​ គឺ​ចេញ​ម៉ោង​៤​រសៀល។ ​ចូលរួម​ដើម្បី​ដំឡើង​ប្រាក់ខែ​និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ដែល​គេ​ចាប់​បាន​ពេល​មុន»។

វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិច​បានព្យាយាមទាក់​ទងលោក​កេន លូ (Ken Loo) អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​នៅ​កម្ពុជា ​(GMAC) ​ដើម្បី​ស្នើ​សុំ​អត្ថាធិប្បាយ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ។​ប៉ុន្តែ​លោក​កេន លូ​បាន​ថ្លែង​នៅ​ថ្ងៃ​ម្សិលមិញ​ថា ​មាន​កម្មករ​ក្នុង​រោងចក្រ​តិច​តួច​បំផុត​ដែល​ធ្វើ​កូដកម្ម​មិន​ធ្វើ​ការ​ថែម​ម៉ោង​កាល​ពី​ថ្ងៃ​ម្សិលមិញ ​ពោល​គឺ​មិន​ដូច​ការ​អះអាង​របស់​ក្រុម​សហជីព​ទេ។​

លោក ​ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ថ្លែង​ថា​ ក្រសួង​នេះ​កំពុង​រងចាំ​ការ​វាយ​តម្លៃ​របស់​អ្នក​ជំនាញ​ការអង្គការ​ពលកម្ម​អន្តរជាតិ​អំពី​យន្តការ​និង​រូបមន្ត​កំណត់​ប្រាក់​ខែ​អប្បបរមា​ដល់​កម្មករ ​មុន​នឹង​ខ្លួន​រៀបចំ​ឱ្យ​មាន​ការ​ចរចា​អំពី​ប្រាក់​ឈ្មួល​នេះ​បន្ថែម​ទៀត។​

«ការ​ប្រកាន់​យក​គោល​ការណ៍​ដែល​ជំរុញ​ឱ្យ​បង​ប្អូន​កម្មករ​យើង​ទាំង​អស់​បាត់បង់​ប្រយោជន៍​គឺ​មិន​មែន​ជា​យន្តការ​ល្អ​នោះ​ទេ។ ​តាម​ការណ៍​ពិត ​ទោះ​បី​ជា​គាត់​មិន​អំពាវនាវ​ឱ្យ​បង​ប្អូន​ធ្វើ​កូដកម្ម​ថ្វី ​រដ្ឋាភិបាល​អត់​ដែល​មាន​គោល​ជំហរ​ថា​ ​យើង​បញ្ចប់​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ គឺ​អត់​ទេ​គឺ​ការ​ចរចា​ប្រាក់​ខែ​អប្បបរមា​នេះ​គឺ​នៅ​មាន​បន្ត»។​

លោក​ហេង សួរ​អត្ថាធិប្បាយ​បន្ថែម​ថា​ ការ​ធ្វើ​បាតុកម្ម​និង​កូដកម្ម​ជា​បន្ត​បន្ទាប់​នេះ​មិន​មែន​ជា​ដំណោះស្រាយ​ល្អ​ទេ ​ប៉ុន្តែ​អាច​នឹង​ធ្វើ​ឱ្យ​ម្ចាស់​រោងចក្រងាក​ចេញ​ពី​កម្ពុជា​ទៅ​វិនិយោគ​នៅ​ប្រទេស​ផ្សេង​វិញ។​

ក្រុម​កម្មករ​រោង​ចក្រ​បាន​ចាប់​ផ្តើម​តវ៉ា​ដើម្បី​ទាមទារ​ដំឡើងប្រាក់​ខែ​គោល​ឲ្យ​ដល់១៦០​ដុល្លារ​ក្នុង​មួយ​ខែ ​ចាប់តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៣​មកម្ល៉េះ។​ ការ​តវ៉ា​បាន​រីករាល​ដាល​ដោយ​សារ​រដ្ឋា​ភិបាល​ និង​ថៅ​កែ​រោង​ចក្រ​មិន​យល់​ព្រម​តាម​សំណើ​របស់​ពួក​គេ។​ ហើយ​នៅទី​បំផុត​រដ្ឋា​ភិបាល​បាន​សម្រេច​ចិត្ត​បាញ់​បង្រ្កាប​ហ្វូង​បាតុករ។

មនុស្ស​ចំនួន​បួន​ទៅ​៥​នាក់​យ៉ាង​តិច​បានស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នោះ៕
XS
SM
MD
LG