ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥស្សរជនអូស្ត្រាលីល្បីៗជំរុញឱ្យរដ្ឋាភិបាលធ្វើការងារបន្ថែមទៀតដើម្បីកាត់បន្ថយភាពតានតឹងរវាងអាមេរិកនិងចិន


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អមដោយគណៈប្រតិភូ និងប្រធានាធិបតីចិនលោក Xi Jinping អមដោយគណៈប្រតិភូ ពិភាក្សាគ្នា​ក្នុងកិច្ចប្រជុំទ្វេភាគីមួយ នៅទីក្រុង​ Woodside រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អមដោយគណៈប្រតិភូ និងប្រធានាធិបតីចិនលោក Xi Jinping អមដោយគណៈប្រតិភូ ពិភាក្សាគ្នា​ក្នុងកិច្ចប្រជុំទ្វេភាគីមួយ នៅទីក្រុង​ Woodside រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឥស្សរជនអូស្ត្រាលី​ដែល​មាន​ឥទ្ធិពល​ខ្លាំង​មួយ​ក្រុម​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ដើម្បី​គេចចេញ​ពី​ជម្លោះ​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន។

ក្រុម​ដែល​ដឹកនាំ​ដោយ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី ​លោក Bob Carr ​និង​លោក Gareth Evans ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី​៣១​ ខែមករា​ថា ​បើ​គ្មាន​ «ការ​បន្ថយគ្រប់​ជ្រុងជ្រោយ​ថ្មី​ទេ»​ ភាពតានតឹង​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​អាច​កើន​ឡើង​ទៅជា​ជម្លោះ​ដែល​អាច​ពាក់ព័ន្ធ​នឹង​ប្រទេស​អូស្ត្រាលី។

ឥស្សរជន​សាធារណៈ​អូស្ត្រាលី​ល្បីៗ​ចំនួន ​៥០​ នាក់ ​រួមទាំង​អតីត​នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ​ អ្នកការទូត ​អ្នកនិពន្ធ​ និង​អ្នកសិក្សា​ស្រាវជ្រាវ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដើរតួ​ជា​អន្តរការី​ដើម្បី​កាត់បន្ថយ​ភាព​តាន​តឹង។

ក្រុម​នេះ​បាន​និយាយ​ថា ​ខ្លួន​គាំទ្រ ​«តុល្យភាព​នៃ​អំណាច​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ដែល​សហរដ្ឋ​អាមេរិក ​និង​ចិន​គោរព ​និង​ទទួលស្គាល់​គ្នាទៅវិញទៅមក​ថា​ស្មើភាពគ្នា»។

ក្រុម​នេះ​បាន​បន្ថែម​ថា ​បើ​ «គ្មាន​ភាគី​ណា​មួយ​ទាមទារ​ឧត្តមភាព​ដាច់ខាត»​ទេ​ ហានិភ័យ​ចំពោះ ​«សន្តិភាព ​និង​វិបុលភាព​សកល»​ នឹង​ត្រូវ​កាត់បន្ថយ។ មកទល់​ពេលនេះ​គ្មាន​អត្ថា​ធិប្បាយ​ជា​ផ្លូវការ​ណាមួយ​ពី​ទីក្រុង​វ៉ាស៊ីនតោន​ ឬ​ទីក្រុង​ប៉េកាំង​ លើ​ការប្រកាស​នេះ​ទេ។

ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​របស់​អូស្ត្រាលី។ រដ្ឋាភិបាល​ប្រកាន់​នយោបាយ​កណ្តាល​ឆ្វេង​និយម​របស់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ​លោក Anthony Albanese​ បាន​រក្សា​ស្ថិរភាព​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង ​បន្ទាប់ពី​មាន​ការខ្វែង​គំនិតគ្នា​ និង​ការមិនទុកចិត្ត​ជាច្រើន​ឆ្នាំ​លើ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ និង​ពាណិជ្ជកម្ម ​រួមទាំង​មហិច្ឆតា​របស់​ចិន​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ និង​ប្រភព​ដើម​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩។

ប្រទេស​អូស្ត្រាលី​ក៏​មាន​ទំនាក់ទំនង​សន្តិសុខ​យ៉ាង​ស៊ីជម្រៅ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដែល​មាន​តាំងពី​ដើម​ទសវត្សរ៍​១៩៥០។

លោក Carr ​បាន​ប្រាប់​ទូរទស្សន៍​ Australian Broadcasting Corp. ​ថា​ អូស្ត្រាលី​មាន​ឱកាស​ដើរតួ​ជា​អ្នកសម្រប​សម្រួល​ដ៏​ស្មោះត្រង់​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន។

លោកបានថ្លែងថា៖ «តួនាទី​របស់​អូស្ត្រាលី​គឺ​ដើម្បី​បណ្តុះ​គោលគំនិត​នៃ​ការសហការ​កាន់តែ​ធំ​ និង​មិនសូវ​មានជម្លោះ​ក្នុង​ទំនាក់ទំនង​នេះ។ តៃវ៉ាន់ ​ដែល​ជា​បញ្ហា​ការទូត​ដ៏​លំបាក​បំផុត​នៅ​ទីនេះ​ ផ្តល់​ឱកាស​ដ៏ល្អ​ឥតខ្ចោះ​នៃ​ការប្រើប្រាស់​ភាសា​ការទូតដាក់​គ្នា​ ជាជាង​ទទួល​យក​ជម្រើស​មួយ​ដែល​ធ្លាក់​ចូល​ទៅក្នុង​ជម្លោះ​ និង​ការប្រកែក​គ្នា​ដែល​អាច​បង្ក​ឱ្យ​មាន​សង្រ្គាម»។

រដ្ឋាភិបាល​អូស្ត្រាលី​ធ្លាប់​បាន​ទទួលស្គាល់​ថា​នឹង​មាន​ភាពខុសគ្នា​ និង​ការលំបាក​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​របស់​ខ្លួន​ជាមួយ​ចិន។

រដ្ឋាភិបាល​កំពុង​ជំរុញ​ផែនការ​ទិញ​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ​ក្រោម​កិច្ចព្រមព្រៀង​ AUKUS ​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​អង់គ្លេស។

ក្រុមអ្នកវិភាគ​និយាយ​ថា​ ការបង្កើន​ភាពគឃើ្លន​របស់​ចិន​គឺជា​ការជំរុញ​ទឹកចិត្ត​ដ៏​សំខាន់​មួយ​ឲ្យ​ប្រទេស​ទាំង​បី​សម្រេច​លើ​កិច្ចព្រមព្រៀង​ត្រីភាគី​ AUKUS ​ ប៉ុន្តែ​ប្រទេស​ចិន​បាន​ចោទ​ប្រកាន់​ប្រទេស​ទាំងបី​ថា​មាន​ «គំនិត​ធ្វើ​សង្រ្គាម​ត្រជាក់» ​ដោយ​និយាយ​ថា​សម្ពន្ធភាព​នេះ​កំពុង​ចាប់ផ្តើម​ ដើរ​លើ​«ផ្លូវ​ខុសឆ្គង​ និង​គ្រោះថ្នាក់»៕

ប្រែសម្រួលដោយលោក ម៉ែន គឹមសេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG