ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ដ៏​សំខាន់​មួយ​រូប​​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ


លោក Joshua Wong បង្ហាញឯកសារដាក់ពាក្យរបស់លោក ឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតតំណែងជាតំណាងរាស្ត្រ ទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងហុងកុង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
លោក Joshua Wong បង្ហាញឯកសារដាក់ពាក្យរបស់លោក ឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតតំណែងជាតំណាងរាស្ត្រ ទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងហុងកុង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

លោក Joshua Wong ដែល​ជា​មេដឹកនាំ​ម្នាក់​នៃ «​ចលនា​ឆ័ត្រ» ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​កាល​ពី​ឆ្នាំ ២០១៤ ឥឡូវ​នេះ​ឈរ​ឈ្មោះ​ជា​ផ្លូវការ​សម្រាប់​តំណែង​ ជា​តំណាងរាស្ត្រ​នៅ​ក្នុង​ទីក្រុង​ហុងកុង បើ​ទោះ​ជា​មាន​ការ​រឹតត្បិត​ពី​ច្បាប់​សន្ដិសុខ​ជាតិ​ថ្មី ​ដែល​អនុម័ត​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​ដោយ។​

លោក Wong បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឈរឈ្មោះ​ជា​បេក្ខជន​ជា​ផ្លូវការ ​កាល​ពី​ថ្ងៃ​ច័ន្ទ ដើម្បី​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។

លោក​គឺ​ជា​សកម្មជន​វ័យ​ក្មេង​ម្នាក់​ក្នុង​ចំណោម​សកម្មជននិង​បេក្ខជន​មួយ​ចំនួន​ទៀត ដែល​គេ​ហៅ​ថា បេក្ខជន «​ថ្នាក់​មូលដ្ឋាន» ដែល​ទទួល​បាន​ជ័យជម្នះ​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ ដែល​មិន​មែន​ផ្លូវការកាល​ពី​ជាង​មួយ​សប្ដាហ៍​មុន។ ក៏​ប៉ុន្តែ​ទាំង​ទីក្រុង​ហុងកុង និង​ចិន បាន​ព្រមាន​ថា ការ​បោះឆ្នោត​នោះ​ប្រហែល​ជា​ត្រូវ​ទុក​ជា​មោឃៈ ដោយ​យោង​តាម​ច្បាប់​សន្ដិសុខ​ជាតិ​ថ្មី។

ក្រុម​អ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ចង់​ទទួល​បាន​ជ័យជម្នះ​ភាគច្រើន​នៅ​សភា ដែល​អាច​រារាំង​ដល់​ការ​ផ្ដល់​ថវិកា និង​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​ទៀត ហើយ​នៅ​ទីបំផុត​ដើម្បី​អាច​បង្ខំ​ឲ្យ​នាយកប្រតិបត្តិ​ក្រុង​ហុងកុង​អ្នកស្រី Carrie Lam ចុះ​ចេញ​ពី​តំណែង។

នៅ​ពេល​កាន់​ពាក្យ​ស្នើសុំ​របស់​លោក​សម្រាប់​ឈរឈ្មោះ​ជា​បេក្ខជន​ផ្លូវការ​នេះ លោក Wong បាន​និយាយ​ថា ទោះ​ជា​អាច​ត្រូវ​បាន​គេ​បញ្ជូន​ខ្លួន​ទៅ​កាន់​ចិន​ដី​គោក និង​ចាប់​ដាក់​ពន្ធនាគារ​ក៏​ដោយ ក៏​លោក​សង្ឃឹម​ថា លោក​នៅ​តែ​អាច​ប្រជែង​យក​តំណែង​ជា​តំណាងរាស្ត្រ ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន និង​អាច​ឲ្យ​ពិភពលោក​ដឹង​ថា លោក​និង​សមាជិក​នៅ​តែ​បន្ដ​ប្រយុទ្ធ​រហូត​ដល់​ដង្ហើម​ចុងក្រោយ។

យោង​តាម​ច្បាប់​សន្ដិសុខ​ជាតិ​ថ្មី ជន​ណា​ក៏​ដោយ​នៅ​ក្នុង​ទីក្រុង​ហុងកុង ដែល​គេ​ជឿ​ថា​ប៉ុនប៉ង​ចង់​ធ្វើ​ភេរវកម្ម ផ្ដាច់ខ្លួន ចង់​ផ្ដួលរំលំ ឬ​ឃុបឃិត​ជាមួយ​នឹង​បរទេស អាច​នឹង​ត្រូវ​បាន​កាត់ទោស ហើយ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ចិន​បាន​រាយការណ៍​ចោទប្រកាន់ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​លើ​លោក Wong និង​សកម្មជន​លទ្ធិប្រជាធិបតេយ្យ​សំខាន់ៗ​មួយ​ចំនួន​ទៀត ថា​ឃុបឃិត​ជាមួយ​នឹង​បរទេស ចំពោះ​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​បរទេស​ដទៃទៀត៕

XS
SM
MD
LG