គម្រោងមួយឈ្មោះ«អំពើហិង្សាលើដៃគូស្និទ្ធស្នាល និងការមើលឃើញតាមប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា» ដែលដឹកនាំដោយអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដើម្បីទប់ស្កាត់ខ្លឹមសារហិង្សាដែលបង្កប់នៅក្នុងកម្មវិធីផ្សាយតាមទូរទស្សន៍ និងវិទ្យុ។ នេះបើយោងតាមលោក មី សម្បត្តិ ទីប្រឹក្សាកម្មវិធីទប់ស្កាត់អំពើហិង្សាលើដៃគូសិ្នទ្ធស្នាលនៃមូលនិធិអាស៊ីប្រចាំនៅកម្ពុជា។ លោកបានមានវត្តមាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីខែមិថុនាកន្លងទៅនេះ ដើម្បីចូលរួមជាវាគ្មិននៃវេទិកាសាធារណៈមួយរបស់មូលនិធីអាស៊ី។
ប្រព្រ័ន្ធផ្សព្វផ្សាយព័ត៌មាន រួមមានទូរទស្សន៍ និងវិទ្យុ អាចប្រៀបដូចជាកំបិតមុខពីរ៖ទី១ ប្រព័ន្ធផ្សព្វផ្សាយអាចជំរុញឲ្យមនុស្សទទួលយកការប្រព្រឹត្តអំពើហិង្សាថា ជារឿងធម្មតា។ ទី២ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះក៏អាចលើកកម្ពស់បង្កាការប្រព្រឹត្តអំពើហិង្សា និងការរើសអើងភេទ។ នេះបើយោងតាមសេចក្តីសង្ខេបសម្រាប់កំណត់គោលដៅទី២ ស្តីពីអំពើ«ហិង្សាលើដៃគូស្និទ្ធស្នាល និងការមើលឃើញតាមប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា»របស់អង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា។
លោក មី សម្បត្តិ បានប្រាប់ VOA ថា កម្មវិធីទូរទស្សន៍នៅកម្ពុជាមានខ្លឹមសារអំពើហិង្សាជាច្រើន។ លោកថ្លែងថា៖
«កាលណាមានខ្លឹមសារអំពើហិង្សាច្រើន ទូរទស្សន៍មានទាំងរឿងភាគរបស់ថៃ រឿងភាគរបស់ខ្មែរខ្លះ និងរឿងភាគរបស់កូរ៉េ។ អញ្ចឹងការមានខ្លឹមសារអំពើហិង្សាច្រើនលើកញ្ចក់ទូរទស្សន៍វាធ្វើឲ្យអ្នកដែលមើល ជាពិសេសតាំងពីក្មេងមក ពួកគាត់យល់ថា អំពើហិង្សាលើស្ត្រី ឬលើដៃគូសិ្នទ្ធស្នាលជាស្ត្រី គឺជារឿងធម្មតា។ អញ្ចឹងដល់ពេលអំពើហិង្សាកើតឡើង ពួកគាត់អាចទទួលយករឿងហ្នឹង»។
បើយោងតាមការស្ទង់មតិរបស់ក្រសួងកិច្ចការនារីកាលពីឆ្នាំ២០០៥ បានឲ្យដឹងថា អ្នកដែលមើលទូរទស្សន៍អាចក្លាយជាជនរងគ្រោះនៃអំពើហិង្សាដោយដៃគូស្និទ្ធស្នាលរបស់គេក្នុងអត្រា១,៧៨ភាគរយ ខ្ពស់ជាងអ្នកដែលមិនមើលទូរទស្សន៍សោះ។ បន្ថែមលើនេះ អ្នកស្តាប់វិទ្យុអាចក្លាយជាអ្នកប្រព្រឹត្តអំពើហិង្សាលើដៃគូស្និទ្ធស្នាលរបស់គេ ក្នុងអត្រា១,៥៤ភាគរយ ខ្ពស់ជាងអ្នកមិនស្តាប់វិទ្យុ។
លោក មី សម្បត្តិ ក៏បានបញ្ជាក់បន្ថែមថា ការទទួលយកអំពើហិង្សាដោយសារតែការមើលកម្មវិធីទូរទស្សន៍ដែលមានខ្លឹមសារអំពើហិង្សា បណ្តាលឲ្យប៉ះពាល់ដល់លទ្ធភាពនៃការធ្វើអន្តរាគមន៍តាមផ្លូវច្បាប់របស់សមត្ថកិច្ច នៅពេលដែលអំពើហិង្សាកើតឡើង។
ជាមួយគ្នានេះ លោកក៏បានចោទសួរលើក្រមសីលធម៌របស់អ្នកសារព័ត៌មានតាមទូរទស្សន៍ ទាក់ទងនឹងការធ្វើសេចក្តីរាយការណ៍អំពីអំពើហិង្សាលើរូបកាយ និងផ្លូវភេទរបស់ស្ត្រី។
លោកថ្លែងថា៖
«អ្នករាយការណ៍ព័ត៌មានខ្លះបែរជាបន្ទោសជនរងគ្រោះ។ ទិន្នន័យអស់ហ្នឹង ដែលគាត់បន្ទោសបង្អាប់ស្ត្រីដែលជាជនរងគ្រោះ វាធ្វើឲ្យមានបញ្ហាច្រើននៅក្នុងសង្គមដែលធ្វើឲ្យគេទទួលយកថា រឿងរំលោភដូចជាអាចទទួលយកបាន មិនចាំបាច់ដល់ប្តឹងផ្តល់អី ឬក៏អំពើហិង្សាក្នុងគ្រួសារជារឿងដែលអាចទទួលយកបាន។ អញ្ចឹង ខ្លឹមសាររបស់ទូរទស្សន៍គឺវាសំខាន់។ អញ្ចឹងយើងកំពុងពិនិត្យមើលអាហ្នឹង ដើម្បីកែសម្រួលវា»។
ក្រៅពីកម្មវិធីរឿងភាគ កម្មវិធីកំប្លែងខ្មែរភាគច្រើនក៏មានបញ្ជ្រាបខ្លឹមសារហិង្សាដែរ។ ហើយអ្នកទស្សនាកម្មវិធីកំប្លែងតាមទូរទស្សន៍បានរិះគន់ខ្លឹមសារកំប្លែង ដែលប្រើវោហាស័ព្ទអាសអាភាស និងម៉ាក់ងាយលើស្ត្រី ហើយពួកគេចង់ឲ្យមានការកែសម្រួល។ នេះបើយោងលោក មី សម្បត្តិ និងក្រុមការងាររបស់លោក ដែលបានធ្វើការស្រាវជ្រាវលើខ្លឹមសារកម្មវិធីផ្សាយរបស់ទូរទស្សន៍។
លោកបន្តថា៖
«របាយការណ៍ដែលយើងរកឃើញលើបញ្ហារឿងកំប្លែងគឺថា ទស្សនិកជនគាត់សើចសប្បាយពេញចិត្ត មិនចាំបាច់តែប្រើពាក់ចង្អេះចង្អះ ឬក៏ពាក្យប្រមាថមាក់ងាយដល់ស្ត្រីទេ។ កាយវិការ សម្លៀកបំពាក់ ឬកាយវិការក្រមិចក្រមើមរបស់គាត់ និងសកម្មភាពទាំងអស់ហ្នឹង គាត់ក៏សប្បាយ។ មិនមែនទាល់តែជេរ ទាល់តែបន្ទោសស្ត្រី ឬបង្អាប់ បានគាត់សើចទេ។ អញ្ចឹងពួកគាត់រិះគន់ចំណុចមួយចំនួនអស់ហ្នឹង»។
គម្រោងស្តីពី«អំពើហិង្សាលើដៃគូសិ្នទ្ធស្នាល និងការមើលឃើញតាមប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា»របស់មូលនិធិអាស៊ីប្រចាំនៅកម្ពុជានេះ កំពុងធ្វើការជាមួយនឹងស្ថានីយ៍ទូរទស្សន៍ចំនួន៥ ក្នុងនោះរួមមាន ទូរទស្សន៍បាយ័ន និងទូរទស្សន៍ CTN ជាដើម។ លោក មី សម្បត្តិ ក៏បានបញ្ជាក់ថា តំណាងទូរទស្សន៍ទាំង៥នេះបានទទួលស្គាល់សារៈសំខាន់នៃការទប់ស្កាត់ខ្លឹមសារដែលអាចជំរុញឲ្យមានការទទួលយកអំពើហិង្សា ហើយតំណាងទូរទស្សន៍ទាំងនេះមានឆន្ទៈចូលរួមក្នុងគម្រោងនេះ។
គម្រោងដែលមានរយៈពេលជាងពីរឆ្នាំនេះ កំពុងតែធ្វើការសហការជាមួយនឹងក្រសួងបី រួមមានក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចូលរួមចំណែកក្នុងផែនការថ្នាក់ជាតិរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី៕