ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​ថ្មី​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​ចូល​ប្រឡូក​នយោបាយ​ច្រើន​ជាង​មុន


រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី អ៊ឹង កន្ថាផាវី ឈរ​ជជែក​ជាមួយ​អ្នក​តស៊ូ​មតិ​សិទ្ធិ​នារី អ្នកស្រី ធីតា ឃឹះ នៅ​ក្នុង​ពិធី​នៅ​ឯ​សណ្ឋាគារ ​Intercontinental រាជធានី​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី អ៊ឹង កន្ថាផាវី ឈរ​ជជែក​ជាមួយ​អ្នក​តស៊ូ​មតិ​សិទ្ធិ​នារី អ្នកស្រី ធីតា ឃឹះ នៅ​ក្នុង​ពិធី​នៅ​ឯ​សណ្ឋាគារ ​Intercontinental រាជធានី​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​អាច​​រួម​ចំណែក​ធ្វើ​ឲ្យ​តំណាង​របស់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​មាន​ការ​កើន​ឡើង​ ហើយ​ស្ត្រី​វ័យ​ក្មេង​កម្ពុជា​នឹង​ចូលរួម​ក្នុង​សកម្មភាព​នៃ​ដំណើរការ​បោះឆ្នោត​ខាង​មុខ​ច្រើន​ជាង​មុន។

ការ​រើស​អើង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ការ​ដាក់​ឲ្យ​ស្រ្តី​ឈរ​ឈ្មោះ​ជា​បេក្ខភាព​បោះឆ្នោត​នៅ​លេខ​រៀង​ក្រោយ​គេ​ និង​កង្វះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី គឺ​ជា​កត្តា​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​ចំនួន​តំណាង​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​នៅ​តែ​មាន​ចំនួន​តិច​តួច។ កង្វះ​ចំនួន​ស្រ្តី​ក្នុង​វិស័យ​នយោបាយ​ បាន​ធ្វើ​ឲ្យ​គោល​នយោបាយ​ជាតិ​កម្ពុជា​ មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់​ស្តែង​របស់​ស្ត្រី​កម្ពុជា​បាន។

បើ​ទោះ​ជា​ស្ត្រី​នៅ​កម្ពុជា​មាន​៥២% នៃ​ចំនួន​ប្រជាជន​សរុប​ក្តី​ ប៉ុន្តែ​ចំនួន​ស្ត្រី​ដែល​មាន​តួនាទី​ក្នុង​កិច្ចការ​នយោបាយ និង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទៅ​លើ​បញ្ហា​សំខាន់ៗ​ក្នុង​សង្គម​នៅ​តែ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។ ​ការ​រើសអើង​លើ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ការ​មិន​ឲ្យ​តម្លៃ​ស្ត្រី​ជា​បេក្ខនារី​ក្នុង​ការ​ដណ្តើម​យក​សំឡេង​ឆ្នោត និង​កង្វះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី​ គឺ​ជា​ឧបសគ្គ​រាំង​ស្ទះ​ចម្បងៗ​ដែល​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ក្លាយ​ជា​តំណាង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ។ នេះ​បើ​យោង​តាម​កិច្ច​ពិភាក្សា​មួយ​ក្នុង​កម្មវិធី​ប្រកាស​បើក​ការ​អនុវត្ត​គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ នា​ថ្ងៃ​ពុធ​នេះ​ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨​កាន់​តែ​ខិត​ជិត​មក​ដល់។​

គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​អាចរួម​ចំណែក​ធ្វើ​ឲ្យ​តំណាង​របស់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​មាន​ការ​កើន​ឡើង​ ហើយ​ស្ត្រី​វ័យ​ក្មេង​កម្ពុជា​នឹង​ចូលរួម​ក្នុង​សកម្មភាព​នៃ​ដំណើរការ​បោះឆ្នោត​ខាង​មុខ​ច្រើន​ជាង​មុន។

ថ្លែង​នៅ​ក្នុង​កម្មវិធី​បើក​ការ​អនុវត្ត​គម្រោង​នេះ​ លោកស្រី​ អ៊ឹង កន្ថាផាវី ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ លើក​ឡើង​ថា ​ចំនួន​ស្ត្រី​កម្ពុជា​ចូលរួម​ក្នុង​នយោបាយ ​កំពុង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀប​ធៀប​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​អាស៊ាន។ លោកស្រី​លើក​ឡើង​ពី​មូលហេតុ​ ដែល​ស្រ្តី​គប្បី​ចូលរួម​នយោបាយ​ឲ្យ​កាន់​តែ​ច្រើន។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ៊ឹង កន្ថាផាវី និយាយ​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​បើក​ផ្សាយ​គម្រោង​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​កាល​ពី​ថ្ងៃ​ពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ៊ឹង កន្ថាផាវី និយាយ​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​បើក​ផ្សាយ​គម្រោង​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​កាល​ពី​ថ្ងៃ​ពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

លោកស្រី​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា៖​«ស្ត្រី​ក៏​ចង់​បាន​ស្រ្តី​ជា​សំឡេង​ខ្លួន​ដែរ លើក​បញ្ហា​របស់​ខ្លួន​ឯង​ ដែល​កន្លង​មក​ស្ត្រី​ឃើញ​ថា ​អ្នក​ដែល​ធ្វើ​នយោបាយ​ លោក​មិន​បាន​លើក​បញ្ហា​ខ្លួន​ឲ្យ​ពិត​ជាក់ស្តែង ដោយសារ​លោក​មិន​បាន​ជួប​បញ្ហា​ហ្នឹង​ដោយ​ខ្លួន​គាត់។ ទី២​ ស្ត្រី​ដឹក​នាំ​ជីវិត​ខ្លួន​ខុស​ពី​បុរស។ យើង​ពាក់ព័ន្ធ​លើ​រឿង​សង្គមកិច្ច​ច្រើន។ ទី៣​ តាម​រដ្ឋធម្មនុញ្ញ​ចែង​ថា ​តាំង​ពី​កំណើត​មក​ ប្រជា​ពលរដ្ឋ​គ្រប់រូប​ទាំង​បុរស និង​ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា»។

លោកស្រី​ អ៊ឹង កន្ថាផាវី អះ​អាង​ថា ​រដ្ឋាភិបាល​មិន​ត្រឹម​តែ​ចង់​ឲ្យ​មាន​ចំនួន​ស្ត្រី​ច្រើន​ក្នុង​ឆាក​នយោបាយ​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​ចង់​ឲ្យស្ត្រី​មាន​សមត្ថភាព​អាច​បំពេញ​តួនាទី​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ រាប់​ទាំង​ភាព​ជា​អ្នក​ដឹក​នាំ​ និង​សមត្ថភាព​ក្នុង​ការ​តស៊ូ​មតិ។

លោកស្រី អ៊ឹង កន្ថាផាវី ពន្យល់​ថា៖ «កន្លង​មក​ យើង​ឃើញ​ថា​ ស្ត្រី​ខ្លួន​ឯង​នៅ​មិន​ទាន់​មាន​ជំនឿ​ចិត្ត​លើ​ស្ត្រី​ខ្លួនឯង​ទេ។ អា​ហ្នឹង​ដោយសារ​អ្វី​ ហេតុអ្វី​បាន​យើង​មិន​សូវ​ជឿ​លើ​ស្ត្រី។ នេះ​ជា​បញ្ហា​មួយ​ គុណភាព​នៃ​បេក្ខភាព​ ដែល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ។ សមត្ថភាព​គាត់​ឲ្យ​រឹង​មាំ មាន​ចំណេះ​ដឹង​ ពេល​គាត់​និយាយ​ទៅ​ ឲ្យ​គាត់​មាន​ជំនឿ​បោះឆ្នោត​ជូន​គាត់»។​

គម្រោង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ ​មាន​សកម្មភាព​ធំៗ​ចំនួន​៣​ជា​អាទិ៍ ការ​អភិវឌ្ឍ​សមត្ថភាព​បេក្ខនារី​ ទៅ​លើ​ជំនាញ​ទំនាក់ទំនង​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ស្រ្តី​វ័យ​ក្មេង​ អំពី​ដំណើរ​ការ​បោះ​ឆ្នោត​ ព្រម​ទាំង​ការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ និង​តម្រូវ​ការ​របស់​ស្ត្រី។ គម្រោង​នេះ​មាន​រយៈ​ពេល​៣ឆ្នាំ​នេះ​ និង​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ចំនួន​៣​ទៀត​គឺ​ កំពង់ធំ បាត់ដំបង​ និង​សៀមរាប។

លោកស្រី​ ធីតា ឃឹះ​ ប្រធាន​អង្គការ​សីលការ​ ដែល​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានភាព​នយោបាយ​កម្ពុជា​ និង​ធ្វើ​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី​នៅ​កម្ពុជា បញ្ជាក់​ប្រាប់​ VOA ​ថា​ ស្ត្រី​កម្ពុជា​ដែល​មាន​សមត្ថភាព​មាន​ចំនួន​ច្រើន​ ប៉ុន្តែ​មិន​មាន​ឱកាស​ចូលរួម​វិស័យ​នយោបាយ។ លោក​ស្រី​គូស​បញ្ជាក់​ពី​ផល​វិជ្ជមាន​នៃ​សមាមាត្រ​រវាង​ស្រ្តី និង​បុរស​ក្នុង​ឆាក​នយោបាយ។

វាគ្មិន​ពាក់ព័ន្ធ​ជជែក​ពិភាក្សា​ជាមួយ​នឹង​អ្នក​ចូល​រួម​ក្នុង​ពិធី​បើក​គម្រោង​បង្កើន​ចំនួន​ស្ត្រី​ជា​អ្នក​តំណាង​ក្នុង​ផ្នែក​នយោបាយ នៅ​ឯ​សណ្ឋាគារ ​Intercontinental រាជធានី​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
វាគ្មិន​ពាក់ព័ន្ធ​ជជែក​ពិភាក្សា​ជាមួយ​នឹង​អ្នក​ចូល​រួម​ក្នុង​ពិធី​បើក​គម្រោង​បង្កើន​ចំនួន​ស្ត្រី​ជា​អ្នក​តំណាង​ក្នុង​ផ្នែក​នយោបាយ នៅ​ឯ​សណ្ឋាគារ ​Intercontinental រាជធានី​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

លោកស្រី​ ធីតា ឃឹះ​ ថ្លែង​ប្រាប់ VOA៖ «ទី១ ​ស្ត្រី​ក្លាយ​ជា​អ្នក​ធ្វើ​គោល​នយោបាយ​របស់​ជាតិ​ ស្ត្រី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទៅ​លើ​តម្រូវការ​សង្គម។​ ចឹង​ទៅ​ ក្នុង​ការ​ធ្វើ​គោល​នយោបាយ​ ឬ​ក្នុង​ការ​អនុម័ត​ថវិកា ស្ត្រី​អាច​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សង្គម​កិច្ច​ច្រើន ពីព្រោះ​ថវិកា បើ​ប្រុសៗ​អ្នក​ធ្វើ​ ភាគ​ច្រើន​ការ​សម្រេច​របស់​គេ​ វា​ធ្លាក់​ទៅ​លើ​អាទិភាព​មនុស្ស​ប្រុស។ មួយ​ទៀត​ កាលណា​មិន​សូវ​មាន​ស្រ្តី​ក្នុង​នយោបាយ វា​មិន​សូវ​មាន​គំរូ​ល្អ​ដល់​កូន​ស្រី ប្អូន​ស្រី​យើង​ទៅ​ថ្ងៃ​អនាគត​ ក្នុង​ការ​ឲ្យ​ស្រីៗ​ យើង​មាន​ចិត្ត​ក្លាហាន ហ៊ាន​សួរ​ ហ៊ាន​ថា ហ៊ាន​ធ្វើ​ការ​សម្រេច​ចិត្ត»។

យ៉ាង​ណា​ក៏​ដោយ​ លោកស្រី​ ធីតា​ ឃឹះ​ អះ​អាង​ថា​ ការ​រើសអើង​ចំពោះ​ស្ត្រី​ក្នុង​នយោបាយ​នៅ​តែ​មាន​ ជាពិសេស​ការ​ដាក់​ឲ្យ​ស្រ្តី​ឈរ​ឈ្មោះ​ជា​បេក្ខភាព​បោះឆ្នោត​នៅ​លេខរៀង​ក្រោយ​គេ​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។​ លោកស្រី​បន្ថែម​ថា វិធានការ​ផ្ទៃ​ក្នុង​ និង​ផ្លូវ​ច្បាប់​ដើម្បី​ធានា​ឲ្យ​ចំនួន​ស្ត្រី​អាច​កើន​ឡើង​ដល់​៥០%​ក្នុង​វិស័យ​នយោបាយ​ត្រូវ​តែ​មាន។

ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា​ ត្រូវ​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ និង​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ ដើម្បី​បង្កើន​សមាមាត្រ​ស្ត្រី​ក្នុង​វិស័យ​សាធារណៈ និង​នយោបាយ​ ព្រម​ទាំង​អភិវឌ្ឍ​សមត្ថភាព​ស្រ្តី​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ។ ក៏ប៉ុន្តែ​ កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ កម្ពុជា​មិន​បាន​សម្រេច​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​នៃ​អង្គការ​សហប្រជាជាតិ​ ក្នុង​ការ​លើក​កម្ពស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ដែល​ធានា​ឲ្យ​មាន​ការ​កើន​ឡើង​តំណាងស្ត្រី​ក្នុង​សភា​ជាតិ​ឱ្យ​បាន​ដល់​៣០​ភាគរយ (ឬ​៣៦​រូប)៕

XS
SM
MD
LG