ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លីកាដូ៖ ជន​រងគ្រោះ​ពី​ការ​រំលោភ​ផ្លូវ​ភេទ​ជាង​៧០​ភាគរយ​អាយុ​ក្រោម​១៨​ឆ្នាំ

  • ពិន ស៊ីសុវណ្ណ

រូប​ឯកសារ៖ គម្រប​មុខ​នៃ​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ស្តី​អំពី​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​សេព​សន្ថវៈ ដែល​របាយការណ៍​នេះ​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

​របាយ​ការណ៍​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​១៦​ថ្ងៃ​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ​និង​កុមារ។

របាយ​ការណ៍​ជា​សំឡេង​អមនឹង​របាយ​ការណ៍​ជា​អក្សរ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បង្ហាញ​អំពី​ការ​រំលោភ​សេព​សន្ថវៈ​អំឡុង​ឆ្នាំ​២០១២​ ឆ្នាំ២០១៣​ និង​ឆ្នាំ​២០១៤ ​ដែល​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​នេះ។ ​របាយ​ការណ៍​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​១៦​ថ្ងៃ​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ​និង​កុមារ។​

របាយ​ការណ៍​នេះ​សរសេរ​អំពី​ជនរងគ្រោះ​នៃ​អំពើ​រំលោភ​សេព​សន្ថវៈ​ចំនួន​៧៦២​នាក់​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ​ចំនួន​៥៨​នាក់​ស្មើនឹង​៧%​ អាយុ​ចន្លោះ​ពី៦ឆ្នាំ​ទៅ​១១​ឆ្នាំ​ចំនួន​១៨១​នាក់​ស្មើ​នឹង​២៣% ​អាយុ​ពី​១២​ឆ្នាំ​ទៅ​១៧​ឆ្នាំ​ចំនួន​៣២៨​នាក់​ស្មើ​នឹង​៤១% ​និង​អាយុ​លើស​ពី១៨​ឆ្នាំ​ចំនួន​២២៦​នាក់​ស្មើនឹង​២៩%។​

របាយ​ការណ៍​អង្គការ​លីកាដូ​បាន​បន្ត​ទៀត​ថា ​ក្នុង​រយៈ​កាល​៣ឆ្នាំ​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន ​ ​អង្គការ​សិទ្ធិ​មនុស្ស​នេះ​រក​ឃើញ​ថា ​មាន​បទល្មើស​ចំនួន​៣៣%​គ្មានការ​ផ្តន្ទាទោស​ត្រឹមត្រូវ​គឺ​ការ​ផ្តន្ទា​ទោស​ស្រាល​ជាង​ទម្ងន់​បទល្មើស ឬ​គ្មាន​ការ​ផ្តន្ទាទោស​តែ​ម្តង​ ដែល​រួមមាន​ការ​ព្យួរទោស។ ​ក្រៅពីនោះ ​របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​មាន​បទល្មើស​៣២%​ត្រូវ​បាន​បិទ​បញ្ចប់​មុន​ការ​ជំនុំ​ជម្រះ​ក្តី​ចាប់​ផ្តើម។ ​របាយ​ការណ៍​នេះ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ​មាន​តែ​បទ​ល្មើស​៣៥%​ប៉ុណ្ណោះដែល​អង្គការ​លីកាដូ​សង្កេត​ឃើញ​ថា ​មាន​ការ​កាត់ទោស​សមស្រប។​

​របាយ​ការណ៍​ឲ្យដឹង​ថា ​ជនល្មើស​បាន​រួចពី​សំណាញ់​ច្បាប់​ដោយសារ​ការ​បញ្ចប់​រឿងក្តីតាម​រយៈ​សំណង ​ជា​ថ្នូរ​នឹង​ការ​ដក​ពា​ក្យបណ្តឹង​ដោយ​ជន​រងគ្រោះ ​ក្រោម​ការសម្រប​សម្រួល​ដោយ​មន្ត្រី​នគរបាល ​មន្ត្រី​តុលាការ។​ ជនរង​គ្រោះបញ្ចប់​រឿងក្តី​ដោយ​ទទួល​សំណង​គឺ​ដោយ​សារ​ភាពក្រីក្រ ពិការភាព​ ​បញ្ចប់​ភាព​អាម៉ាស់​ ផលវិបាក​និង​ការ​ចំណាយ​បន្ត​រឿង​ក្តី​ក្នុង​ប្រព័ន្ធ​តុលាការ​ដែល​គេដឹង​ថា​ ពុករលួយ ​ហើយ​នឹង​ករណី​ជនល្មើស​មាន​អំណាច។

របាយការណ៍​នេះ​ក៏បាន​ឲ្យដឹង​ថា ​មាន​ករណី​ចំនួន​១១ ​ដែល​ជន​ល្មើស​រួចពី​សំណាញ់​ច្បាប់​ដោយ​ការ​រៀប​អាពាហ៍​ពិពាហ៍​ជនរងគ្រោះ​ឲ្យទៅ​ជន​ល្មើស។ ​ក្រៅ​ពី​នេះ​ក៏មាន​ករណី​រំលោភ​សេព​សន្ថវៈ​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​ ដោយ​ស្វាមី។ ​ករណី​នេះ​កើតមាន​ឡើង​ច្រើន​ជា​ផ្នែក​មួយ​នៃ​អំពើ​ហិង្សា​រយៈ​ពេល​យូរ​អង្វែង ​មុននឹង​ឈាន​ដល់​ការ​លែង​លះ​គ្នា។ ​

លោក អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​ ​បាន​ប្រាប់ ​VOA ​ថា​ អង្គការ​សិទ្ធិ​មនុស្ស​ជ្រើសរើស​ចេញ​របាយ​ការណ៍​ជា​សំឡេង​ និង​អក្សរចំ​ទិវា​អន្តរ​ជាតិ​ព្រោះ​របាយ​ការណ៍​នេះ​និយាយ​អំពី​ស្ត្រី​ដែល​ជា​ជន​រង​គ្រោះ ​ហើយ​ទិវា​នេះ​គឺ​ជា​ថ្ងៃ​ពិសេស​ ដែល​សាធារណជន​មាន​ចំណាប់​អារម្មណ៍​អំពី​សិទ្ធិ​នារី​ និង​កុមារ។ លោក​ឲ្យដឹង​ថា​ របាយ​ការណ៍​ជា​សំឡេង​នេះ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ស្ត្រី​និង​កុមារ ​ដែល​ភាគច្រើន​មិន​ចេះ​អក្សរ​ ឬ​ចេះ​តិច​តួច ហើយ​ពលរដ្ឋ​ដែល​មិន​សូវមាន​ពេល​អាន​របាយ​ការណ៍​ជា​អក្សរ។​

«ជនរងគ្រោះ​ភាគច្រើន ​ខ្លះ​គាត់​អត់​ចេះ​ ខ្លះ​ចេះ​តិចតួច​ ហើយមាន​អ្នកចេះ​ដែរ​ មួយ​ភាគ​ផងដែរ។​ អញ្ចឹង​ហើយ​បាន​ជា​យើង​ចេញ​របាយការណ៍​ជា​សារ​សំឡេង​នេះ​ ឲ្យ​ពួកគាត់​អាច​នឹង​ងាយ​យល់​និង​ងាយ​ស្តាប់​បាន​នោះ​បាទ»។

​លោក​ពន្យល់​ថា ​របាយ​ការណ៍​នេះ​ចេញផ្សាយ​ជា​សាធារណៈ​សម្រាប់​អាជ្ញាធរ​ ឬ​ក្រសួង​ពាក់​ព័ន្ធ​ដើម្បី​ទប់ស្កាត់​ការសម្រប​សម្រួល​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ដើម្បី​រង​យុត្តិធម៌​ពេញ​លេញ​សម្រាប់​ជន​រង​គ្រោះ​ក្រីក្រ​ និង​ទប់​ស្កាត់​ការរំលោភ​សេពសន្ថវៈ​ដែល​ជា​ទម្រង់​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

លោក ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​ VOA ​ថា ​លោក​មិនទាន់​បាន​អាន​របាយការណ៍​របស់​អង្គការ​លីកាដូ​លម្អិត​ទេ​ ​ដូច្នេះ​មិន​ទាន់​អាច​អធិប្បាយ​អំពី​របាយការណ៍​នេះ​ទេ។​ ​លោក​សង្កេត​ឃើញ​ថា​ អង្គការ​លីកាដូ​ច្រើន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ពិសេស ​ដែល​មិន​មែន​ជារឿង​ចម្លែក​ទេ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​បន្ថែម​ថា ​ក្រសួង​យុត្តិធម៌​ពិនិត្យរបាយ​ការណ៍​ពី​គ្រប់​ភាគី​ទាំងអស់​ ទោះជា​របាយការណ៍​នោះ​មាន​របៀបវារៈ​នយោបាយ និងគ្មាន​ការចូលរួម​ពី​ភាគី​អាជ្ញាធរ​ក៏ដោយ។ ​

«មិន​មាន​ការចូលរួម​ពី​ខាង​យើង​ក៏ដោយ​ ក៏​យើង​យក​មក​សិក្សា​មើល​ដែរ​ថា​ តើ​ចំណុច​ណា​ខ្លះ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត​ជាក់ស្តែង​ ហើយ​ចំណុច​ណា​ខ្លះ​ ដែល​មិន​ឆ្លុះ​ពី​តថភាព​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​នោះ​ណា៎»។

លោក​ ជិន ម៉ាលីន​ បន្ថែម​ថា ​បើ​របាយការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ពី​ចំណុច​ខ្វះ​ខាត​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ​នោះ​ក្រសួង​តែងតែខិតខំ​បំពេញ​ចំណុច​ខ្វះខាត។

លោក​ អំ សំអាត​បានរំឭកថា ​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បដិសេធ ​ឬ​មើល​ស្រាល​ចំពោះ​របាយ​ការណ៍​សិទ្ធិ​មនុស្ស​សង្គម​ស៊ីវិល។ តែ​លោក​រំឭក​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​ចាប់​អារម្មណ៍​របាយ​ការណ៍​របស់​អង្គការ​លីកាដូ​អំពី​កុមារ​រស់នៅ​ក្នុង​ពន្ធនាគារ ​និង​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​ពន្ធនាគារ។​

«សម្តេច​នាយក​រដ្ឋមន្ត្រី​ លោក​បាន​ចាប់អារម្មណ៍​នឹង​របាយការណ៍​របស់​អង្គការ​លីកាដូ​ទាក់ទង​នឹង​ក្មេង​រស់នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ​ និង​ស្រី្ត​មាន​ផ្ទៃ​ពោះ​ក្នុង​ពន្ធនាគារ​នោះ​បាទ»។

ក្នុង​ទិវា​នារី​អន្តរជាតិ​កាល​ពីឆ្នាំ២០១៥ អង្គការ​លីកាដូ​បានចេញ​របាយ​ការណ៍ឃ្លាំ​មើល​ពន្ធនាគារ​ចំនួន​១៨​នៃ​ពន្ធនាគារ​ទាំង​អស់​ចំនួន​២៧ ​ទូទាំង​ប្រទេស​ដែល​បង្ហាញ​ថា​ ​មាន​កុមារ​រស់​នៅក្នុង​ពន្ធនាគារ​ជាមួយម្តាយ​ និង​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ជាប់​ពន្ធនាគារ។​ ​បន្ទាប់​មក​ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​បាន​អំពាវនាវ​ឱ្យ​ក្រសួង​យុត្តិធម៌​ដោះលែង​ស្ត្រី​២២​នាក់​ ដែល​មាន​ផ្ទៃ​ពោះ​ ឬ​មាន​កូន​នៅ​ក្នុង​ពន្ធនាគារ​ ​នា​ពេល​ចូល​ឆ្នាំ​ខ្មែរ​ និង​ថ្ងៃ​បុណ្យ​ជាតិ៕

XS
SM
MD
LG