ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូ​នគរបាល​មាន​និន្នាការ​ទៅ​រក​បក្ស​ជំទាស់​ចោទ​ថ្នាក់លើ​ថា​យក​រឿង​នយោបាយ​មក​បង្ក​ហិង្សា​


រូបឯកសារ៖ ស្លាក​គណបក្ស​ភ្លើង​ទៀន​ នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​ ក្នុង​ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
រូបឯកសារ៖ ស្លាក​គណបក្ស​ភ្លើង​ទៀន​ នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​ ក្នុង​ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

គ្រូ​បង្រៀន​នគរបាល​មួយ​រូប​ និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​ត្រូវ​បាន​ថ្នាក់​លើ​ ដែល​ជា​អនុប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ទះ​កំផ្លៀង​មួយ​ដៃ​ កាល​ពី​សប្តាហ៍​មុន​ ទាក់ទង​ការ​គាំទ្រ​គណបក្ស​នយោបាយ ​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច​របស់​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន។​

ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​ត្បូង​ឃ្មុំ ​និង​ជា​គ្រូ​បង្រៀន​នៅ​អង្គភាព​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​គ្រូ​នគរបាល​ជាតិ​នៃ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​លោក ​អេង ស្រូយ ​ឱ្យ​ដឹង​ថា ករណី​ទះ​កំផ្លៀង​លោក​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ​២២​ខែ​មេសា​ឆ្នាំ​២០២២​ នៅ​ក្នុង​បន្ទប់​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​គ្រូ ​ដែល​មាន​សមាជិក​ប្រជុំ​ក្នុង​នោះ​ចំនួន​៨​នាក់។​

បើ​តាម​លោក​ អេង ស្រូយ​ ដើម​ហេតុ ​ដែល​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​នោះ​ ផ្តើម​ចេញ​ពី​ការ​ថ្លែង​របស់​មេ ​គឺ​អនុ​ប្រធាន​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​លោក ​ប្រាក់ ណារ៉ុង​ ដែល​បាន​លើក​ឡើង​ច្រើន​អំពី​ការ​ចូលរួម​សកម្មភាព​នយោបាយ​ តែ​បិទ​មាត់​លោក​មិន​ឱ្យ​មាន​យោបល់។​

លោក​បន្ត​ថា ​ ​លោក​ ប្រាក់ ណារ៉ុង ​ថែម​ទាំង​បាន​ហាម​ឃាត់​លោក​មិន​ឱ្យ​ថត​រូប​ក្នុង​អង្គ​ប្រជុំ​ដើម្បី​ផុស​ចូល​ក្នុង​ក្រុម​ដើម្បី​ជា​របាយការណ៍​សម្រាប់​ថ្នាក់​លើ​បាន​ដឹង​ពី​សកម្មភាព​ប្រជុំ​ថ្ងៃ​នោះ​ ដោយ​លោក​ ប្រាក់ ណារ៉ុង​បាន​ហក់​មក​ដណ្តើម​ទូរស័ព្ទ​របស់​លោក​ និង​បាន​គំរាម​បោក​ទូរស័ព្ទ​ និង​ប្រើ​ប្រាស់​ពាក្យ​សម្តី​គំរាម​កំហែង​ខ្លាំងៗ​ថែម​ទៀត​ផង។

លោក អេង ស្រូយ ប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ និងជាគ្រូបង្រៀននៅអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ (រូបភាពផ្តល់ដោយ អេង ស្រូយ)
លោក អេង ស្រូយ ប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ និងជាគ្រូបង្រៀននៅអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ (រូបភាពផ្តល់ដោយ អេង ស្រូយ)

លោក​បញ្ជាក់​ថា៖ ​«ដើម​ចម​នៃការ​ទះ​កំផ្លៀង​នេះ​គឺ​បណ្តាល​មក​ពី​រឿង​នយោបាយ។​ ហ្នឹង​រឿង​ទី១​ [និង​]រឿង​ថត​រូប ​[រឿង​ទី២]​ថត​រូប​ពេល​កំពុង​ប្រជុំ​ហ្នឹង»។​

លោក​បន្ត​ថា៖​ «ហើយ​គាត់​បាន​ព្រមាន​ខ្ញុំ​ ថា​ឱ្យ​ខ្ញុំ​ទៅ​ប្តឹង​ទៅ!​ ទៅ!​ ទៅ​ប្តឹង​ទៅ!​ គាត់​ប្រើ​ភាសា ​អ៊ីចឹង។​ ហើយ​ប្រើ​ពាក្យ​ថា​ ខ្ញុំ​នៅ​ទីនេះ​ខ្ញុំ​ស្លូត​ទេ ​នៅ​ក្រៅ​វិញ​ហ្អា​ខ្ញុំ​ខ្លាំង​ជាង​នេះ​ទៀត។ សុទ្ធ​តែ​ប្រើ​ភាសា​អ៊ីចឹង​ដាក់​ខ្ញុំ។ ហើយ​ខ្ញុំ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែល​ ឮ​ប្រើ​ភាសា​អ៊ីចឹងៗ​អី។​ខ្ញុំ​ក៏មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ដែរ»។​

លោក​បន្ថែម​ថា​ ករណី​នេះ​ លោក​បាន​បញ្ជូន​របាយ​ការណ៍​ដាក់​ទៅ​ប្រធាន​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​លោក​ សេង ផល្លី​ រួច​រាល់​ហើយ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មេសា ​ដើម្បី​ឱ្យ​ប្រធាន​អង្គភាព​ដោះ​ស្រាយ​បញ្ហា​នេះ ​និង​ថា​ ប្រសិន​បើ​ប្រធាន​អង្គភាព​មិន​អាច​រក​ដំណោះ​ស្រាយ​បាន​ នោះ​រូប​លោក​នឹង​ដាក់​របាយការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង ​និង​ដាក់​ពាក្យ​ប្តឹង​ទៅ​ស្ថាប័ន​តុលាការ​បន្ត​ទៀត។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​អនុប្រធាន​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​គ្រូ​នគរបាល​ជាតិ​ លោក​ ប្រាក់ ណារ៉ុង​ និង​ប្រធាន​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ​លោក ​សេង ផល្លី​ បាន​នៅ​ឡើយ​ទេនៅ​ថ្ងៃ​សុក្រ​នេះ។​

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ ករណី​ទះ​កំផ្លៀង​គឺ​មិន​បាន​កើត​ឡើង​ដូច​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​បក្ស​ជំទាស់​ថ្នាក់​ខេត្ត​នោះ​ឡើយ។​

បើតាម​លោក​ ខៀវ សុភ័គ​ ការ​ចោទ​ប្រកាន់​នោះ​គឺ​គ្រាន់តែ​ជា​ល្បិច​របស់​គណបក្ស​ប្រឆាំង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖ ​«និយាយ​រួម​ចោទ​ប្រកាន់​គេ​តែ​ហ្មង ​...​ប្រឌិត​ព័ត៌មាន​មិន​ពិត​ចោទ​គេ​ថា​ទះ​កំផ្លៀង។​ ចេះ​តែថា​ហើយ​ សាមី​ខ្លួន​ក៏​ដោយ!​ គេ​មាន​សាក្សី។​ គេ​ប្រជុំ​មិន​មែន​ប្រជុំ​ពីរ​នាក់​ឯ​ណា?»​

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​ឃ្លាំ​មើល​កិច្ចការ​បោះឆ្នោត​ លោក ​កន សាវាង្ស ​ជំរុញ​ឱ្យ​អង្គភាព​សាលា​ប៉ូលិស​នោះ​ពិនិត្យ​មើល​ករណី​ហិង្សា​រវាង​មេដឹកនាំ​ និង​អ្នក​នៅក្រោម​បង្គាប់​ទៅ​តាម​ផ្លូវ​ច្បាប់​ ហើយ​ជន​រង​គ្រោះ​គួរ​ប្តឹង​ទៅ​អង្គភាព​របស់​ខ្លួន​ដើម្បី​ជា​គំរូ​មួយ​ និង​បង្ការ​កុំ​ឱ្យមាន​ការ​ប្រើ​ហិង្សា​ណា​មួយ​បន្ត​ទៀត​នៅ​ក្នុង​ស្ថាប័ន​ជាតិ​បែប​នេះ​ទៅថ្ងៃ​ខាង​មុខ។

លោក​ថ្លែង​ថា៖​ «ជន​រង​គ្រោះ​អាច​ប្តឹង​ទៅ​ដើម្បី​អាច​ធ្វើ​ការ​ដោះស្រាយ​វិនិច្ឆ័យ​ ជា​គំរូ​មួយ​ដល់​មន្ត្រី​ ឬ​ថ្នាក់​ដឹក​នាំ​ផ្សេងៗ​ទៀត​ដើម្បី​កុំ​ឱ្យ​ប្រើ​ប្រាស់​នូវ​អំពើ​ហិង្សា​បែប​ហ្នឹង»។​
នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR) ​អ្នកស្រី​ ចក់ សុភាព ​ក៏​បាន​ស្នើ​ឱ្យ​ស្ថាប័ន​សាមី ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់ អំពី​មូលហេតុ​ដែល​ឈាន​ដល់​ការ​បង្ក​ហិង្សា​នេះ។​

អ្នកស្រី​បាន​សង្កត់​ធ្ងន់​ថា ​ប្រសិន​បើ​រក​ឃើញ​ថាមាន​ករណី​រើស​អើង​និន្នាការ​នយោបាយ​ក្នុង​ស្ថាប័ន ត្រូវ​តែ​មាន​ការ​លុប​បំបាត់​ និង​ចាត់​វិធាន​ការ​នានា ​ដោយ​មិន​គួរ​ដាក់​ទោស​ត្រឹម​តែ​វិន័យ​រដ្ឋបាល​ ហើយ​ឲ្យ​បុគ្គល​ប្រព្រឹត្ត​រួច​ខ្លួន​នោះ​ទេ។​

អ្នកស្រី​ ចក់ សុភាព ​ថ្លែង​ថា៖​ «អ៊ីចឹង​កន្លែង​នេះ ​ជា​អ្វី​ដែល​យើង​ត្រូវ​ទប់​ស្កាត់​ ហើយ​លុប​បំបាត់​នូវ​បញ្ហា​និទណ្ឌ​ភាព​ហ្នឹង»។

ទាក់​ទិន​ការ​រើស​អើង​ខាង​នយោបាយ​ មេ​ដឹកនាំ​អង្គការ​សិទ្ធិ​មនុស្ស​រូប​នេះ​ ជំរុញ​ឱ្យ​អាជ្ញាធរ​បង្ក​បរិយាកាស​នយោបាយ​ដែល​មាន​លក្ខណៈ​សេរី​ ដើម្បី​បើក​ផ្លូវ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រើ​សិទ្ធិ​មូលដ្ឋាន​ពេញលេញ​ ក្នុង​ការ​ចូលរួម​គណ​បក្ស​នយោបាយ​ដោយ​គ្មាន​ការ​យាយី និង​ការ​រារាំង​ជា​ដើម។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គណ​បក្ស​ភ្លើងទៀន​ ធ្លាប់​បាន​ចេញ​របាយ​ការណ៍​ថា ​នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០២២​ មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ខិត​ជិត​មក​ដល់​ សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​យ៉ាង​តិច​១០​នាក់​ ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ ហៅ​ទៅ​សួរ​នាំ​ដោយ​គ្មាន​បង្ហាញ​ដីកា ​ឬ​បញ្ជាក់​មូលហេតុ​អ្វី​នោះ​ឡើយ៕​

XS
SM
MD
LG