ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទណ្ឌិត​៦៨៣​នាក់​ត្រូវ​បាន​ស្នើ​សម្រាប់​បន្ធូរ​បន្ថយនិង​លើក​លែង​ទោស ​ពេល​បុណ្យ​អុំទូក និង​បុណ្យ​ឯករាជ្យ​ជាតិ


រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។

គណៈកម្មការ​ជំនាញ​នៃ​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អនុម័ត​សំណើ​បន្ធូរបន្ថយ និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​សរុប ៦៨៣នាក់ នៅ​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​ ៩ វិច្ឆិកា និង​បុណ្យ​អុំទូក នា​ពេល​ខាង​មុខ។ នេះ​បើ​តាម​លោក គឹម សន្តិភាព រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រ​សួង​យុត្តិធម៌។

លោក គឹម សន្តិភាព បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ​គណៈ​កម្មការ​ជំនាញ​បាន​វាយ​តម្លៃ​ការ​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន ​៦២៦​នាក់ និង​លើក​លែង​ទោស​ចំនួន​ ៥៧​នាក់ ដែល​កិច្ច​ប្រជុំ​វាយ​តម្លៃ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ ទី​៦ ខែ​តុលា ដោយ​មាន​ការ​ចូលរួម​ពី​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយ​តម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត។

លោក គឹម សន្តិភាព បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​ស្នើ​សុំ​លើក​លែង​ទោស និង​បន្ធូរ​បន្ថយ​ទោស​នេះ​ធ្វើ​ឡើង​នៅ​អំឡុង​ពេល​បុណ្យ​អុំទូក និង​ឯករាជ្យ​ជាតិ​ខាង​មុខ​នេះ។ លោក​បន្ថែម​ថា​ក្នុង​ចំណោម​អ្នក​ទោស​ទាំង​នោះ មាន​អ្នក​ទោស​ស្ត្រី​ចំនួន​៦៤​នាក់។

បើ​តាម​លោក គឹម សន្តិភាព គណៈ​កម្មការ​ជំនាញ​រៀប​ចំ​សំ​ណុំ​ឯក​សារ​គោរព​ស្នើ​សុំ​ការ​សម្រេច​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ផ្តល់​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត។

គួរបញ្ជាក់​ថា​ការ​លើក​លែង​និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត ត្រូវ​ធ្វើ​ឡើង ​៥​លើក​ក្នុង​មួយ​ឆ្នាំ គឺ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ខែ​មេសា បុណ្យ​ពិសាខ​បូជា​ក្នុង​ខែ​ឧស​ភា​ បុណ្យអុំទូក ទិវា​ជ័យ​ជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ៧ មករា និង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា។ នេះ​បើ​យោង​តាម​ព្រះរាជ​ក្រឹត្យ​ថ្មី​ស្តី​ពី​ការ​លើក​លែង​ទោស និង​បន្ធូរ​បន្ថយ​ទោស ចុះ​ថ្ងៃ​ទី​ ១២ ខែមករា ឆ្នាំ​២០២១៕

XS
SM
MD
LG