ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​សភា​ដក​រនាំង​ឃាំង​ការ​ទាក់ទង​រវាង​អ្នក​នយោបាយ ​និង​ទណ្ឌិត


រូបឯកសារ៖ រូបថតបង្ហាញដៃរបស់អ្នកតវ៉ាមួយក្រុមកាន់របងខ្លោងទ្វារនៅមុខតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣។
រូបឯកសារ៖ រូបថតបង្ហាញដៃរបស់អ្នកតវ៉ាមួយក្រុមកាន់របងខ្លោងទ្វារនៅមុខតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣។

ក្រុម​អ្នក​ជំនាញ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ឲ្យ​ដឹង​ពី​ការ​ចង់​បាន​ការ​ដក​រនាំង​មួយ​ចំនួន​ដែល​រឹតត្បិត​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ពលរដ្ឋ​ ដោយ​ការ​ស្នើ​ឲ្យ​មាន​កំណែ​ទម្រង់​ ឬ​វិសោធន​កម្ម​លើ​ច្បាប់​ស្តីពី​ការ​ហាម​មិន​ឲ្យ​អ្នក​នយោបាយ​ទាក់ទង​ទណ្ឌិត។​

ខ្លឹម​សារ​នៃ​បញ្ញត្តិ​ដែល​សង្គម​ស៊ីវិល​ថា​ មាន​លក្ខណៈ​ចង្អៀត​ចង្អល់​ និង​មិន​ច្បាស់លាស់​នោះ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដ៏​ចម្រូង​ចម្រាស ​ដែល​រដ្ឋ​សភា​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៧​ ដែល​ហាមប្រាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ទណ្ឌិត​ សូម្បី​តែ​ការ​ប្រើប្រាស់​សារ​សំឡេង ​រូបភាព ​ឬ​សំណុំ​ឯកសារ​ណា​មួយ​របស់​ទណ្ឌិត។​

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ​លោក​កន សាវាង្ស​បាន​និយាយ​ថា ​ សំណើ​ខាង​លើ​នេះ​ជា​ផ្នែក​មួយ​នៃ​សំណើ​សុំ​កែប្រែ​ចំនួន​៦​ចំណុច​ ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញ​ តាម​រយៈ​ការ​បើក​លំហ​នយោបាយ​ឲ្យ​ធំ​ជាង​មុន​របស់​អង្គការ​ខុមហ្វ្រែល​ និង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង​៦០​ផ្សេង​ទៀត។​

អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​រូប​នេះ​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​ថា ​ ចំណុច​ពាក់ព័ន្ធ​នឹង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​អ្នក​នយោបាយ​ជាមួយ​ទណ្ឌិត​គឺ​ ស្ថិត​នៅ​មាត្រា​៦ ​ថ្មី​ ២​ នៃ​ច្បាប់​ស្តីពី​វិសោធន​កម្ម​គណបក្ស​នយោបាយ ​ដែល​លោក​ព្រួយ​បារម្ត​ថា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការ​ប្រកួត​ប្រជែង​របស់​គណបក្ស​នយោបាយ។ ​ យ៉ាង​ណា​ក្តី​ លោក​ថា ​ ការ​កែប្រែ ​ឬ​មិន​កែប្រែ​លើ​ច្បាប់​នេះ​គឺ​ស្ថិត​នៅ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល ​និង​ភាគី​ពាក់ព័ន្ធ។ ​

លោក​កន សាវាង្ស​បាន​ថ្លែង​ថា៖ ​«ឆន្ទៈ​នៅ​ក្នុង​ការ​កែប្រែ​ ឬ​ក៏​ការ​កែ​សម្រួល​យ៉ាង​ណា​គឺ​ជា ​រឿង​មួយ​របស់​រដ្ឋាភិបាល​ និង​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​គណបក្ស​នយោបាយ​ទេ។ ​ ប៉ុន្តែ​អ្វី​ដែល​យើង​ជា​ស្ថាប័ន​ឯករាជ្យ ​ អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​ ...​ការ​ចូលរួម​របស់​យើង​គឺ ​ពិនិត្យ​មើល​នូវ​ចំណុច​ ហើយ​បង្ហាញ​នូវ​ចំណុច​ ដែល​ជា​ចំណុច​ចន្លោះ​ប្រហោង​ ជា​ចំណុច​មួយ​ដែល​គិត​ថា​វា​មិនស្រប​ទៅ​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​ផ្សេងៗ​ ឬ​ក៏​ទាក់ទង​ជា​មួយ​នឹង​សិទ្ធិ​មនុស្ស​ហ្នឹង​គឺ​ថា ​យើង​នឹង​ធ្វើ​ការ​បង្ហាញ​នៅ​ក្នុង​តួនាទី​ជា​[សង្គមស៊ីវិល]»។

ចំណែក​នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ថា ​ គណៈ​កម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ គឺ​លោក​សំ គន្ធាមី ​ចាត់​ទុក​សំណើ​ពី​ក្រុម​អង្គការ​សង្គមស៊ីវិល​ខាង​លើ​នេះ​ជា​ចំណុច​វិជ្ជមាន​ ដែល​នឹង​ជំរុញ​ឲ្យ​ការ​បោះឆ្នោត​កាន់​តែ​មាន​ភាព​រលូន ​និង​បើក​ចំហ។​

ដំណាល​គ្នា​នេះ​ដែរ ​លោក​បាន​បង្ហាញ​ការ​គាំទ្រ​ឲ្យ​មាន​ការ​បើក​ទូលាយ​ចំពោះ​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​អ្នក​នយោបាយ​ដែល​កំពុង​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ​និង​គណបក្ស​នយោបាយ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា៖​ «បាទ​អាហ្នឹង​គួរ​តែ​បើក​ទូលាយ​អ៊ីចឹង ។​ ខ្ញុំ​ចង់​និយាយ​អ៊ីចឹង​...​ បើក​ទូលាយ​ឲ្យ​គាត់​មាន​ទំនាក់​ទំនង​មាន​ការ​សួរ​យោបល់ ​ ការ​ពិភាក្សា​អី​បាន​ទៅ។​ មិនមែន​បំបាត់​សិទ្ធិ​គាត់​ឲ្យ​និយាយ​ឯណា​បាទ។ ​យើង​ចង់​បាន​បើក​ទូលាយ​អ៊ីចឹង»។​

ដោយ​ឡែក​ អ្នក​នាំពាក្យ​រដ្ឋ​សភា​លោក​ ឡេង ប៉េងឡុង ​បាន​និយាយ​ថា​ការ​ស្នើ​វិសោធន​កម្ម​ច្បាប់​ណា​មួយ​ ជា​ដែន​សមត្ថ​កិច្ច​របស់​សមាជិក​សភា ​ឬ​នាយក​រដ្ឋមន្រ្តី ​ខណៈ​អង្គការ​សង្គម​ស៊ីវិល​អាច​ចូល​រួម​បញ្ចេញ​មតិ​កែ​លម្អ។ ​ លោក​ប្រាប់​វីអូអេ​ថា៖​

«មុន​នឹង​ចេញ​ច្បាប់​ហ្នឹង​ ត្រូវ​ឆ្លង​មតិ​ច្រើន ​...​ច្រើន​មជ្ឈដ្ឋាន​ផង​ដែរ។​ សង្គម​ស៊ីវិល​ក៏​ត្រូវ​ឆ្លង​មជ្ឈម​ដ្ឋាន​ផ្សេង​ទៀត​ក៏​ត្រូវ​ឆ្លង​ដែរ​បាទ​បាន​ធ្វើ​ច្បាប់​បាន។​ដូច្នេះ​ហើយ​នេះ​គឺ​ជា​ គំនិត​មួយ ​ការ​បញ្ចេញ​មតិ​មួយ​របស់​អង្គការ​សង្គម​ស៊ីវិល។​ប៉ុន្តែ​ឲ្យ​ទៅ​ជាក់​ស្តែង​ហ្នឹង​គឺ​ថា ​ ទាល់​តែ​មាន​តំណាង​រាស្រ្ត ​ឬ​អ្នក​ពង្រាង​អី​ធ្វើ​ច្បាប់ ​ទើប​ចេញ​ច្បាប់​ហ្នឹង​បាន»។​

ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ក៏​ត្រូវ​បាន​អ្នក​សង្កេត​ការណ៍​នយោបាយ​ក្នុង​ស្រុក​មួយ​ចំនួន​យល់​ឃើញ​ថា ​ជា​មធ្យោបាយ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​កាន់​អំណាច ​ប្រើ​ប្រាស់​ដើម្បី​បិទ​ផ្លូវ​ធ្វើ​នយោបាយ​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​និង​ ដែល​ក្រុម​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​ ត្រូវ​បាន​កាត់​ទោស​ក្នុង​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ជា​ច្រើន​ករណី​ ឬ​ក៏​កំពុង​តតាំង​ក្តី​នៅ​តុលាការ​ ក្នុង​នោះ​គឺ​លោក​កឹម​ សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​កឹម​ សុខា​កំពុង​តតាំង​រឿង​ក្តី​នៅ​តុលាការ​ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ​ដ៏​ចម្រូង​ចម្រាស​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៧។​

អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ជា​ស្ថាបនិក​មួយ​រូប​នៃ​គណបក្ស​«កែទម្រង់​កម្ពុជា»​គឺ​លោក​ អ៊ូ ច័ន្ទរ័ត្ន​ គាំទ្រ​ឲ្យ​មាន​ការ​ដក​ចេញ​ច្បាប់​ហាមប្រាម​មិន​ឲ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ទណ្ឌិត។​

លោក​បាន​បន្ត​ថា​ ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ទណ្ឌិត​មិន​បង្ក​ជា​បញ្ហា​ប៉ះពាល់​ដល់​ការ​ធ្វើ​នយោបាយ​ទេ​ប្រសិន​បើ​ការ​ប្រាស្រ័យ​ទាក់ទង​នោះ​ជា​លក្ខណៈ​ធម្មតា ​ឬ​លក្ខណៈ​ផ្ទាល់​ខ្លួន​ ឬ​ផ្តល់​យោបល់​ដើម្បី​ប្រយោជន៍​សង្គម​ជាតិ។​

លោក​បាន​ថ្លែង​ថា៖​ «ខ្ញុំ​ហាក់​ដូចជា​យល់​ថា ​ មិន​ខុស​អី​ទេ ​ព្រោះ​យើង​ដឹង​ហើយ​កន្លែង​ខ្លះ ​ ទណ្ឌិត​ខ្លះ គ្រាន់​តែ​ការ​កាត់​ទោស​អី​វា​ពាក់ព័ន្ធ​រឿង​នយោបាយ​អី​អ៊ីចឹង​ទៅ ។​ ប៉ុន្តែ​លោក​នៅ​មាន​ឧត្តម​គតិ​សម្រាប់​ជាតិ​សម្រាប់​អី​អ៊ីចឹង។​មើល​ទៅ​មិន​ខាត​អី​ទេ​បើ​សិន​ជា​ មាន​ការ​ទាក់ទង​ផ្តល់​យោបល់​អី​ត្រឹមត្រូវ​ ឬ​ក៏​ក្នុង​លក្ខណៈ​ឯកជន»។​

អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ លោក​ ហង្ស ពុទ្ធា​បាន​ឲ្យ​ដឹង​ថា​គ.ជ.ប. ​មិន​មាន​មតិ​យោបល់​ណា​មួយ​ពាក់ព័ន្ធ​នឹង​សំណើ​សុំ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ខាង​លើ​នោះ​ទេ ​ហើយ​ថា​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នឹង​គោរព​តាម​ច្បាប់​ដែល​ត្រូវ​បាន​សម្រេច​ជា​ផ្លូវការ​តែ​ប៉ុណ្ណោះ៕​

XS
SM
MD
LG