ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា​ចុះ​ជណ្តើរ​យន្តហោះ​ពេល​ទៅដល់​អាកាស​យានដ្ឋានអន្តរជាតិ Komodo មុនកិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៤២ នៅ​ទីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ (Willy Kurniawan/Pool Photo via AP)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា​ចុះ​ជណ្តើរ​យន្តហោះ​ពេល​ទៅដល់​អាកាស​យានដ្ឋានអន្តរជាតិ Komodo មុនកិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៤២ នៅ​ទីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ (Willy Kurniawan/Pool Photo via AP)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​អង្គារនេះ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន​លើក​ទី​ ៤២ និង​កិច្ច​ប្រ​ជុំ​កំពូល​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ​បន្ទាប់​ពី​កម្ពុជា។

បើ​តាម​សេក្តីប្រកា​ស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ ចុះ​ថ្ងៃទី​ ៦ ខែ ឧសភា ឆ្នាំ​២០២៣ កិច្ច​ប្រជុំកំពូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ឬ​អាស៊ាន ដែល​មាន​សមាជិក ១០ ប្រទេស ហើយ​កម្ពុជា​ជា​សមាជិក​ផង​ដែរ​នោះ ស្ថិត​ក្រោម​មូលបទ​ «សារៈសំខាន់​អាស៊ាន៖ ស្នូល​នៃ​កំណើន» ដែលនឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​ ១០​ ដល់​ទី​១១ ខែ​ឧសភា ឆ្នាំ​ ២០២៣ នៅទីក្រុង​ឡាប៊ូន បាចូ ប្រទេស​ឥណ្ឌូណេស៊ី។

បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ មន្ត្រី​កម្ពុជា​ដែល​អម​ដំណើរ​លោក ហ៊ុន សែន រួមមាន​លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ផ្សេងៗ​ទៀត​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែមថា​ ថ្នាក់​ដឹកនាំ​អាស៊ាន​ នឹង​ពិភាក្សា​អំពី​វិធីសាស្ត្រ​ និង​មធ្យោបាយ​នានា​ក្នុង​ការ​រក្សា​នូវ​សន្ទុះ​នៃ​ការ​កសាង​សហគមន៍​អាស៊ាន ជំរុញ​លើ​របៀប​វារៈ​នៃ​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​អាស៊ាន​និង​កិច្ច​សហប្រតិបត្តិការ និង​ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​នូវ​ចក្ខុវិស័យ​របស់អាស៊ាន​ក្រោយ​ឆ្នាំ​ ២០២៥។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា៖ «ថ្នាក់​ដឹកនាំ​អាស៊ាន​ក៏​នឹង​ពិភាក្សា​លើ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​ដែល​ជា​ក្តី​បារម្ភ និង​ផល​ប្រយោជន៍រួម​ រួម​ទាំង​ការ​អនុវត្ត​លើ​ការ​ព្រមកិច្ចព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុចរបស់​អាស៊ាន​ស្តី​ពីឥណ្ឌូ-ប៉ាស៊ី​ហ្វិក​ផង​ដែរ»។

អ្នក​តាម​ដាន​នយោបាយ​អន្តរជាតិ​មើល​ឃើញ​ថា​ ជម្លោះ​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​នឹង​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​ជាង​គេ​នៅ​ក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន ក្រោយ​មាន​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​របប​សឹក​មីយ៉ាន់ម៉ា ដែល​ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​រាយការណ៍​ថា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ ១៧០នាក់ កាល​ពី​ខែ​មេសា​កន្លង​ទៅ។ ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ព្រម​ទាំង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ឆ្លើយ​តបយ៉ាង​ម៉ឺងមាត់​ពី​អាស៊ាន​ផង​ដែរ។

កាល​ពី​ថ្ងៃទី​ ៦ ខែមេសា ឆ្នាំ ២០២៣ ការ​វាយ​ប្រហា​រមក​លើ​ក្បួន​រថយន្ដ​របស់​មន្ត្រី​ទូត និង​ក្រុម​មន្ត្រី​សម្រប​សម្រួល​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន រឹត​តែ​ដាក់​សម្ពាធ​មក​លើ​អាស៊ាន។

លោក សេង សារី​ អ្នក​វិភាគ​នយោបាយ​មួយ​រូប ប្រាប់​វីអូអេ​ថា ​មីយ៉ាន់​គឺ​ជា​បញ្ហា​សំខាន់​ជាង​គេ​នៅ​ក្នុង​របៀប​វារៈ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ាន​នេះ។ លោក​បន្ថែម​ថា​ គ្រា​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​កាល​ពី​ឆ្នាំ​មុន ប្រទេស​ឥណ្ឌូណេស៊ី​ «ហាក់​មើល​ងាយ​កម្ពុជា» រួម​ទាំង​ទទូច​ខ្លាំង​ជាង​គេ​ឱ្យ​កម្ពុជា​ចាត់​វិធាន​ការ​ក្តៅ​ចំពោះ​របប​សឹក​ភូមា ខណៈ​មក​ដល់​ឥឡូវ​នេះ ជាង​៥​ខែ​ហើយ​ដែល​ឥណ្ឌូណេស៊ី​បាន​ក្លាយ​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ ប៉ុន្តែ​មិន​មាន​ការ​វិវឌ្ឍ​វិជ្ជមាន​ណា​ចំពោះ​បញ្ហា​មីយ៉ាន់ម៉ា​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «ហើយ​មក​ដល់​ពេល​នេះ​ក៏​យើង​នៅ​មិន​ទាន់​ឃើញ​មាន​សកម្មភាពអី​ពី​ឥណ្ឌូណេស៊ី​នៅ​ក្នុង​ការ​លូក​ទៅ​ក្នុង​កិច្ច​ការងារ​របស់​ប្រទេស​ភូមា​នៅ​ឡើយ​ដែរ។ សម្រាប់​ខ្ញុំ​មើល​ឃើញ​ថា ​ប្រហែល​ជា​មិន​អាច​មាន​លទ្ធភាព​អី​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​ក៏​មិន​មាន​សមត្ថភាព​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ដែរ ដូច​តែ​កម្ពុជា​ដែរ»។

ភាព​ចលាចល​និង​អំពើ​ហិង្សា​នៅក្នុងប្រទេស​មីយ៉ាន់ម៉ា បាន​កើត​ឡើង​ក្រោយ​មាន​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អោងសាន ស៊ូជី​ (Aung San Suu Kyi)​ កាល​ពីឆ្នាំ​ ២០២១។ អាស៊ាន​បាន​និង​កំពុង​ស្វែង​រក​មធ្យោបាយ​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នៅ​ប្រទេស​មួយ​នេះ។ ប៉ុន្តែ​រាល់​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ប្លុក​ ១០ ​ប្រទេស​នេះ ហាក់​មិន​មាន​ការ​រីក​ចម្រើន​អ្វី​បន្តិច​នោះ​ឡើយ ហើយ​របប​សឹក​ភូមា​រង​ការ​ចោទ​ប្រកាន់​ថា​មិន​គោរព​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ដែល​ខ្លួន​បាន​សន្យា​ជាមួយ​មេដឹកនាំ​អាស៊ាន។

អ្នក​សិក្សា​ភូមិ​សាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា ប្រាប់​វីអូអេ​ថា​ គេ​នៅ​មិន​ទាន់​អាច​វាយ​តម្លៃ ក៏ដូច​ជា​ធ្វើ​ការ​ប្រៀ​ប​ធៀ​ប​បាន​នៅ​ឡើយ​ទេ​ ចំពោះ​ភាព​ជា​ប្រធាន​ប្តូរ​វេន​របស់​កម្ពុជា និង​ឥណ្ឌូណេស៊ី។ អ្នក​តាមដាន​នយោបាយ​អន្តរ​ជាតិ​រូប​នេះ​លើក​ឡើង​ថា ​បញ្ហា​ដែល​កម្ពុជា​និង​ឥណ្ឌូណេស៊ី​កំពុង​តែ​ពើប​ប្រទះ​គឺ​ដូច​ជា​គ្នា ដែល​បញ្ហា​ទាំង​អស់​នោះ​មាន​ដូចជា​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ សមុទ្រ​ចិន​ខាង​ត្បូង កោះ​តៃវ៉ាន់​ និង​វិបត្តិ​នៅ​ឧបទ្វី​បកូរ៉េ​ជាដើម។

បើ​តាម​អ្នក​ជំនាញ​រូប​នេះ​ វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​គឺ​ជា​បញ្ហា​ដែល​ស្មុគ​ស្មាញ​ជាង​គេ​ ហើយ​ឥណ្ឌូណេស៊ី​មិន​ទំនង​បោះ​ជំហាន​ប្រកប​ដោយ​វិជ្ជមាន​ឡើយ។

លោក​ថ្លែង​ថា៖ «បើ​សិន​ជា​យើង​ក្រឡេក​មក​មើល​បញ្ហានៅ​មីយ៉ាន់ម៉ា វា​មក​ដល់​ពេល​នេះ វា​នៅ​តែ​ជា​បញ្ហា​ក្តៅ​គគុក ហើយ​ស្មុគស្មាញ​ពិបាក​ដោះស្រាយ​ ហើយ​ភាគី​ម្ខាងៗ​នៅ​តែ​ប្រកាន់​គោលជំហរ​ ឬ​ក៏​ប្រើប្រាស់​ហិង្សា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ឬ​ក៏​ឆ្លើយ​តប​នឹង​បញ្ហា​ទាំង​អស់​នេះ​ផង​ដែរ»។

ដោយ​សារ​តែ​របប​សឹក​ភូមា​គ្រោង​រៀបចំ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ លោក វណ្ណ ប៊ុន​ណា វិភាគ​ថា ​វិញ្ញាសា​សំខាន់​សម្រាប់​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​ គឺ​ថា​តើ​ឥណ្ឌូ​ណេស៊ី​នឹង​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​របស់​របប​សឹក​ភូមា​ឬយ៉ាង​ណា។

លោក សេង វណ្ណលី គ្រូឧទ្ទេស​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ក្នុង​តំបន់ ប្រាប់​វីអូអេ​ថា ឥណ្ឌូណេស៊ី​ក្នុងនាម​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន គឺ​ព្យាយាម​ពង្រឹង​មជ្ឈភាព​ឬ​ភាពជា​កណ្តាល​របស់​អាស៊ាន ជាពិសេស​ពង្រឹង​សាមគ្គីភាព​របស់​អាស៊ាន។ លោក​បន្ថែម​ថា ឥណ្ឌូណេស៊ី​និង​កម្ពុជា មាន​ភាព​ស្រដៀង​គ្នា​ដោយ​ការ​ផ្តោត​ទៅ​លើ​ការ​រួមគ្នា​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ ឥណ្ឌូណេស៊ី​នឹង​បន្ត​ផ្តោត​សំខាន់​ទៅ​លើ​ការ​ពង្រឹង​និង​ជំរុញ​មជ្ឈភាព និង​សាមគ្គី​ភាព​របស់​អាស៊ាន ការ​កសាង​គោល​ការណ៍​កុងសង់ស៊ីស និង​ការ​ផ្តល់​ប្រឹក្សា។ ខ្ញុំគិត​ថា​ជា​ចំណុច​ស្នូល​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​របស់​ឥណ្ឌូណេស៊ី»។

កាល​ពី​ដើម​ឆ្នាំ​ ២០២២ លោក ហ៊ុន សែន ធ្លាប់​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​បាន​ជួប​មេដឹកនាំ​យោធា​ភូមា។ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា អាច​នឹង​បន្ត​យ៉ាង​តិច​រយៈពេល​ ៥ ឆ្នាំ​ទៀត។

កាល​ពី​ខែ​មេសា ​ឆ្នាំ​ ២០២១​ មេដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​លើ​ ៥ ​ចំណុច ដើម្បី​ដោះស្រាយ​បញ្ហា​តាន​តឹង​នយោបាយ ក្រោយ​ប្រទេស​នេះ​ធ្លាក់​ក្នុង​រដ្ឋប្រហារ​យោធា កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​ ២០២១។ ទី ១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។​ ទី​ ២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បីផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​ ៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្របសម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។​ ទី​ ៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ទី​ ៥​ ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG