បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកបានរារាំងមិនឲ្យបង្ហាញខ្លួនកាលពីសប្ដាហ៍មុនមក នៅថ្ងៃព្រហស្បតិ៍នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហភាពអឺរ៉ុបលោក Gordon Sondland គ្រោងនឹងបង្ហាញខ្លួននៅពីមុខក្រុមសមាជិករដ្ឋសភាដែលធ្វើការស៊ើបអង្កេតអំពីទំនាក់ទំនងរវាងលោកប្រធានាធិបតី Donald Trump និងប្រទេសអ៊ុយក្រែន ដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង។
គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ គណៈកម្មាធិការកិច្ចការបរទេស និងគណៈកម្មាធិការត្រួតពិនិត្យកិច្ចការរដ្ឋាភិបាលនៃរដ្ឋសភា នឹងបើកសវនាការបិទទ្វារជាមួយនឹងលោក Sondland នៅថ្ងៃព្រហស្បតិ៍នេះ។
លោក Sondland ត្រូវគេរំពឹងថា នឹងនិយាយថា លោក Trump នឹងអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy មកធ្វើទស្សនកិច្ចនៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ប្រសិនបើលោក Zelenskiy យល់ព្រមស៊ើបអង្កេតលើលោក Joe Biden បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យ។
លោក Sondland ដែលជាអ្នកជួយជ្រោមជ្រែងលោក Trump គឺជាមន្ត្រីការទូតម្នាក់ក្នុងចំណោមមន្ត្រីការទូតមួយចំនួនដែលផ្ដល់ប្រឹក្សាដល់ថ្នាក់ដឹកនាំប្រទេសអ៊ុយក្រែនអំពីវិធីអនុវត្តតាមការទាមទាររបស់លោក Trump ក្រោយពីលោក Trump បាននិយាយតាមទូរស័ព្ទជាមួយនឹងលោក Zelenskiy កាលពីខែកក្កដាមក។
នៅក្នុងការសន្ទនាតាមទូរស័ព្ទនោះ លោក Trump ស្នើឲ្យលោក Zelenskiy ជួយស៊ើបអង្កេតលើអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលជាគូប្រជែងបេក្ខភាពប្រធានាធិបតីដ៏ចម្បងម្នាក់របស់លោកខាងគណបក្សប្រជាធិបតេយ្យ និងស៊ើបអង្កេតលើការធ្វើអាជីវកម្មរបស់លោក Hunter Biden ដែលជាកូនប្រុសរបស់លោក Joe Biden។
បើយោងតាមអ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ លោក Sondland និងមន្ត្រីការទូតផ្សេងទៀតបានផ្ញើសារតាមទូរស័ព្ទទៅវិញទៅមកជាច្រើន ដែលនៅក្នុងសារទាំងនោះ មន្ត្រីការទូតទាំងនោះមានចម្ងល់អំពីមូលហេតុដែលជំនួយរបស់សហរដ្ឋអាមេរិកប្រហែល ៤ រយលានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែនត្រូវបានផ្អាក៕