ក្លឹបសារព័ត៌មានជាតិនៅវ៉ាស៊ីនតោនកំពុងអំពាវនាវឱ្យផ្តោតការយកចិត្តទុកដាក់ចំពោះករណីលោកAustin Tice អ្នកកាសែតអាមេរិកនៅខួប៩ឆ្នាំនៃការចាប់ពង្រាត់គាត់អំឡុងពេលធ្វើដំណើរយកព័ត៌មាននៅប្រទេសស៊ីរី។
នៅក្រៅអគាររបស់ខ្លួនស្ថិតនៅចម្ងាយបីបួនប្លុកពីសេតវិមានក្លឹបសារព័ត៌មាននេះនៅថ្ងៃសៅរ៍នឹងដាក់នាឡិកាបង្ហាញរយៈពេលសរុបដែលលោកTiceបានជាប់ឃុំឃាំង។ ក្លឹបសារព័ត៌មានជាតិកំពុងស្នើឱ្យប្រជាជនចុះហត្ថលេខាលើញត្តិអំពាវនាវឱ្យលោកប្រធានាធិបតី Joe Biden កំណត់ការដោះលែងលោក Tice ជាអាទិភាព។
ក្លឹបនេះនិយាយថា«បើបណ្តោយឱ្យគេឃុំឃាំងលោក Austin វាបង្ហាញថាវិស័យសារព័ត៌មានអាចត្រូវបានបញ្ឈប់ដោយចាប់អ្នកកាសែតដាក់ពន្ធនាគារ។ ការឃុំខ្លួនគាត់គឺបំភិតបំភ័យមិនឱ្យអ្នកកាសែតយកព័ត៌មាននៅមជ្ឈិមបូព៌ា។សហរដ្ឋអាមេរិកត្រូវតែបង្ហាញថាខ្លួនប្តេជ្ញាការពារអ្នកកាសែតអាមេរិកមិនឱ្យគេចាប់ជាចំណាប់ខ្មាំងនិងប្តេជ្ញានាំគេមកផ្ទះវិញ»។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា«លោកTiceត្រូវតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញជួបមនុស្សជាទីស្រឡាញ់របស់គាត់។ខ្ញុំផ្ទាល់ប្តេជ្ញាធ្វើយ៉ាងណាឱ្យជនជាតិអាមេរិកទាំងអស់ដែលត្រូវចាប់ជាចំណាប់ខ្មាំងឬឃុំឃាំងមិនត្រឹមត្រូវនៅបរទេសនោះបានមកផ្ទះវិញ។ យើងជឿជាក់ថាលោក Bashar al-Assad មានអំណាចដោះលែងលោកAustin។យើងនឹងបន្តខិតខំតាមគ្រប់មធ្យោបាយដើម្បីនាំលោកAustinមកផ្ទះវិញ»។
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters)