ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោករដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ថា ​សហរដ្ឋ​អាមេរិក​នឹង​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​​ចិន


លោករដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo ថ្លែង​សេចក្តី​ថ្លែងការណ៍​មួយ​អំពី​ជន​ភៀស​ខ្លួន ទៅ​កាន់​សារព័ត៌មាន កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ក្រសួង​ការបរទេស​ រដ្ឋធានី​វ៉ាស៊ីនតោន។

លោករដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo សន្យា​ថា ​សហរដ្ឋ​អាមេរិក​នឹង​ទទួល​បាន​ជ័យ​ជម្នះក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ​មួយ​ថ្ងៃ​មុន​ការ​យក​ពន្ធគយ​នៅ​ពេល​ថ្មីៗ​បំផុត​នេះ​របស់​រដ្ឋបាល​ប្រធានា​ធិបតី​ត្រាំ​លើ​ការ​នាំ​ចូល​ទំនិញ​របស់​ចិន​ចូល​ជាធរមាន។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ Pompeo ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ Fox News ​នៅ​ថ្ងៃ​អាទិត្យ ​ថា «យើង​នឹង​ទទួល​បាន​លទ្ធផល​ដែល​បង្ខំ​ចិន​ឲ្យប្រកាន់​យក​របៀប​មួយ ​បើ​ចិន​ចង់​ក្លាយ​ជា​មហាអំណាច​សាកលលោក​នោះ ចិន​មិនត្រូវ​លួច​កម្មសិទ្ធ​បញ្ញា​នោះ​ទេ»។

រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ ​បាន​ជជែក​ឲ្យ​ហេតុផល​ថា ការ​យកពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន​នឹង​បង្ខំ​ឲ្យ​ចិន​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​លក្ខខណ្ឌ​ប្រសើរ​ជាង​មុន​ជាមួយ​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​បាន​ទាម​ទារថា ​ចិន​ត្រូវ​តែ​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​សហរដ្ឋ​អាមេរិក​ រួម​មាន​ការ​បញ្ចប់​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ។​ រដ្ឋបាល​របស់លោក​ត្រាំ​ក៏​បាន​អំពាវនាវ​ដល់ប្រទេស​ចិន​ឲ្យ​អនុញ្ញាត​ក្រុម​ហ៊ុន​សហរដ្ឋ​អាមេរិក​ចូល​ទីផ្សារ​ចិន​កាន់​តែ​ច្រើន​ឡើង​ ហើយ​និង​កាត់​បន្ថយ​ពាណិជ្ជកម្ម​របស់​ចិន​ដ៏​លើស​លុប​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក។

កាល​ពី​សប្តាហ៍​មុន សហរដ្ឋ​អាមេរិក​បាន​បញ្ជា​ឲ្យ​យក​ពន្ធ​គយ​លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ​២រយពាន់​លាន​ដុល្លារ​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៤ ​ខែ​កញ្ញា នេះ។ ចិន​បាន​ឆ្លើយ​តប​ដោយការ​បន្ថែម​ផលិតផល​សហរដ្ឋ​អាមេរិក​មាន​តម្លៃ​៦០ពាន់​លាន​ដុល្លារ​នៅ​ក្នុង​បញ្ជីពន្ធគយ​នាំ​ចូល​ទំនិញ​របស់​ខ្លួន៕

XS
SM
MD
LG