លោកស្រី Vanessa Trump ដែលជាភរិយារបស់លោក Donald Trump, Jr. ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីព្រឹកថ្ងៃចន្ទ ដើម្បីជាការប្រុងប្រយ័ត្ន បន្ទាប់ពីបើកលិខិតមួយច្បាប់ដែលមានផ្ទុកម្សៅពណ៌ស ដែលគេមិនអាចកំណត់អត្តសញ្ញាណបាននៅឡើយ។ នេះបើយោងតាមប៉ូលិសអាមេរិក។
ការធ្វើតេស្តបឋមបង្ហាញថា សារធាតុនោះមិនមានគ្រោះថ្នាក់នោះទេ។ ក្រុមមន្ត្រីនិយាយថា កូនស្រីប្រសារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបើកសំបុត្រមួយច្បាប់ ដែលផ្ញើជូនលោក Donald Trump, Jr. កាលពីព្រឹកថ្ងៃចន្ទ នៅឯ apartment របស់ពួកគេក្នុងទីក្រុង ញូវយ៉ក។
ប៉ូលិសនិយាយថា លោកស្រីមានអារម្មណ៍ថាឈឺ បន្ទាប់ពីបើកមើលសំបុត្រនោះរួចហើយ និងបានទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ ៩១១ ដោយលោកអ្នកស្រីបញ្ជាក់ថា លោកស្រីមានអាការៈក្អកនិងកលរកក្អួត។
ក្រុមមន្ត្រីនិយាយថា ក្រុមការងារកម្ចាត់សារធាតុពុលបានទៅកាន់ apartment ដែលស្ថិតនៅកណ្តាលសង្កាត់ Manhattan នោះ។
អាជ្ញាធរអាមេរិកមានការប្រុងប្រយ័ត្នចំពោះឥវ៉ាន់ផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍ដែលមានផ្ទុកម្សៅពណ៌សតាំងពីឆ្នាំ២០០១មកម៉្លេះ នៅពេលដែលសំបុត្រមួយចំនួនមានផ្ទុកដោយសារធាតុពុល ត្រូវបានបញ្ជូនទៅកាន់សមាជិករដ្ឋសភាអាមេរិកនិងបណ្តាញផ្សព្វផ្សាយព័ត៌មាននានា៕