ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេធាវី​របស់​លោក Trump ស្នើ​លោក Trump កុំ​ឲ្យ​ផ្ដល់​បទ​សម្ភាសន៍​ដល់​លោក Mueller


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អភិបាល​ក្រុង​នៅ​ក្នុង​សេតវិមាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អភិបាល​ក្រុង​នៅ​ក្នុង​សេតវិមាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។

ក្រុម​មេធាវី​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ផ្ដល់​យោបល់​ដល់​លោក​កុំ​ឲ្យ​យល់ព្រម​បង្ហាញ​ខ្លួន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​មេធាវី​ពិសេស​លោក Robert Mueller។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន The New York Times កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

ក្រុម​របស់​លោក Mueller បាន​និយាយ​រួច​មក​ហើយ​ជាមួយ​នឹង​មន្ត្រី​សេតវិមាន​ជា​ច្រើន​រូប និង​អ្នក​ដទៃ​ទៀត​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ទៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ និង​ដើម្បី​ពិនិត្យ​មើល​ថា​តើ​លោក Trump មាន​បាន​ធ្វើ​ខុស​ច្បាប់​ដែរ​ឬ​ទេ​នៅ​ពេល​ដែល​លោក​បញ្ឈប់​ប្រធាន​ទីភ្នាក់ងារ FBI លោក Jemes Comey ពី​តំណែង​កាល​ពី​លើក​មុន។

សារព័ត៌មាន The New York Times បាន​រាយការណ៍​ថា បើ​យោង​ទៅ​តាម​មនុស្ស ៤ នាក់​ដែល​បញ្ចេញ​មតិ​លើ​បញ្ហា​នេះ ក្រុម​មេធាវី​របស់​លោក Trump មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​លោក Trump និយាយ​ខុស ដែល​អាច​ឲ្យ​លោក​រង​ការ​ចោទ​ប្រកាន់​ថា​បាន​កុហក​អ្នក​ស៊ើប​អង្កេត​សហព័ន្ធ​បាន។

សេចក្ដី​រាយការណ៍​នោះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រុម​មេធាវី​របស់​លោក Trump ជឿ​ថា លោក Mueller មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ដោយ​ស្រប​ច្បាប់​ឲ្យ​សាកសួរ​លោក​ប្រធានាធិបតី Trump អំពី​ចំណុច​មួយ​ចំនួន​នៃ​ការ​ស៊ើប​អង្កេត​នេះ​ទេ។

លោក Trump បាន​បង្ហាញ​ថា លោក​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​ការ​សម្ភាសន៍​របស់​លោក Mueller ហើយ​ស្រប​ពេល​នោះ​ដែរ លោក​ក៏​មាន​ចម្ងល់​ផង​ដែរ​ថា ហេតុអ្វី​បាន​ជា​ចាំបាច់​ត្រូវ​ធ្វើ​ដូច្នេះ ដោយសារតែ​លោក​បាន​បដិសេធ​ថា​គ្មាន​ការ​ឃុបឃិត​ណា​មួយ​កើត​ឡើង​រវាង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​និង​រុស្ស៊ី ហើយ​លោក​មិន​បាន​ធ្វើ​ខុស​ច្បាប់​នៅ​ពេល​ដែល​លោក​បញ្ឈប់​លោក James Comey ពី​តំណែង​ជា​ប្រធាន​ទីភ្នាក់ងារ FBI នោះ​ទេ៕

XS
SM
MD
LG