ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​ប្រកាស​ជ្រើស​រើស​បុគ្គលិក​បោះឆ្នោត​ជិត​១៤​ម៉ឺន​នាក់​សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ


រូបឯកសារ៖ មន្រ្តីគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) បង្ហាញ​សន្លឹក​ឆ្នោត​ដែល​គណបក្ស​ប្រជាជនកម្ពុជា ​ត្រូវ​បាន​ក្រុមប្រឹក្សា​ឃុំសង្កាត់​បោះឆ្នោត​ឲ្យ​ កាល​ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ មន្រ្តីគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) បង្ហាញ​សន្លឹក​ឆ្នោត​ដែល​គណបក្ស​ប្រជាជនកម្ពុជា ​ត្រូវ​បាន​ក្រុមប្រឹក្សា​ឃុំសង្កាត់​បោះឆ្នោត​ឲ្យ​ កាល​ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

ខណៈ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ជាង​១ខែ​ទៀត​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)​ ក៏​បាន​ប្រកាស​ជ្រើសរើស​មន្រ្តី​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន​ជិត​១៤​ម៉ឺន​នាក់​ ​ដើម្បី​បម្រើ​ការងារ​ក្នុង​ការរៀប​ចំការ​ដំណើរ​ការ​បោះឆ្នោត​នៅ​ទូ​ទាំង​ប្រទេស។

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)​ ​នៅ​សប្តាហ៍​នេះ​ ​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ជាប់​កិច្ច​សន្យា​រយៈពេល​ខ្លី​ជិត​១៤​ម៉ឺន​នាក់​ ​ដើម្បី​បម្រើ​ការងារ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ទូ​ទាំង​ប្រទេស​ ​នា​ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាង​មុខ។​

សេចក្តី​ជូន​ដំណឹង​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ចេញ​កាលពី​ថ្ងៃ​ទី៨​ ​ខែ​មិថុនា​ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ​ ​បញ្ជា​ក់ថា​ ​គ.ជ.ប.​ ប្រកាស​ជ្រើស​រើស​មន្រ្តី​ជាប់​កិច្ច​សន្យា​រយៈពេល​ខ្លី​ ដើម្បី​បម្រើ​ការងារ​នៅ​តាម​ការិយាល័យ​គណៈកម្មការ​បោះ​ឆ្នោត​ទូ​ទាំង​ប្រទេស។​ ​មន្រ្តី​កិច្ច​សន្យា​ដែល​គ.ជ.ប. ប្រកាស​ជ្រើស​រើស​ក្នុង​មួយ​ការិយាល័យ​មាន​ប្រធាន​គណៈ​កម្មការ​ការិយាល័យ​បោះ​ឆ្នោត​មួយ​រូប​ ​អនុ​ប្រធាន​មួយ​រូប​ លេខាធិការ​មួយ​រូប​ ​សមាជិក​ទីមួយ១​រូប​ ​សមាជិក​ទីពីរ​១​រូប​ ​និង​សមាជិក​ទីបី១​រូប។​

សេចក្តី​ជូន​ដំណឹង​នោះ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ប្រជា​ពលរដ្ឋ​ ​និង​មន្រ្តី​រាជការ​នៅ​ក្នុង​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ឃុំ​ ​សង្កាត់​ ​ដែល​មាន​បំណង​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ​តាម​មុខ​តំណែង​ខាង​លើ​ ​សូម​អញ្ជើញ​ទៅ​ពិនិត្យ​មើល​សេចក្តី​ជូន​ដំណឹង​ស្តីពី​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​សមាសភាព​ ​គ.ក.ប​.​ ការ​ចែក ​និង​ការ​ទទួល​ពាក្យ​សុំ​ចូល​បម្រើ​ការ​ងារ​ ​ដែល​នឹង​បិទ​ផ្សាយ​ចាប់​ពី​ថ្ងៃ​ទី២២​ ​ខែមិថុនា​ ​ឆ្នាំ​២០១៨​ ​នៅ​តាម​គណៈ​កម្មការ​ឃុំ​ ​សង្កាត់រៀប​ចំការ​បោះ​ឆ្នោត​ ​ឬ​/​និង​ទី​កន្លែង​សាធារណៈ​ក្នុង​ឃុំ​ ​សង្កាត់​ ​ដែល​កំណត់​ដោយ ​គឃ.សប»។​

សេចក្តី​ជូន​ដំណឹង​ដ​ដែលក៏​បាន​បន្ថែម​ថា​ ​គ.ជ.ប.ចាប់​ផ្តើម​ទទួល​ពាក្យ​នៅ​គ្រប់ទី​កន្លែង​ដែល​កំណត់​ដោយ​គណៈ​កម្មការ​ឃុំសង្កាត់​ ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គឃ.សប)​ ​រយៈពេល​ត្រឹម​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ ​គឺ​ចាប់​ពី​ថ្ងៃ​ទី២​ ​ខែ​កក្កដា ដល់​ថ្ងៃ​ទី៨​ ខែ​កក្កដា ​ឆ្នាំ​២០១៨។​

លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​ប្រកាស​ជ្រើសរើស​មន្រ្តី​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី​នេះ​ ​គឺ​ដើម្បី​បម្រើ​ការ​នៅ​តាម​ការិយាល័យ​ចំនួន​ជាង​២​ម៉ឺន​នៅ​ទូ​ទាំង​ប្រទេស។

លោក​បញ្ជា​ក់ថា៖​

«គណៈ​កម្មការ​ខេត្ត​រៀប​ចំការ​បោះ​ឆ្នោត​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ​ហើយ​គណៈ​គណៈកម្មការ​ឃុំសង្កាត់​រៀប​ចំការ​ការ​បោះ​ឆ្នោត​ដែល​យើង​ទើប​ហ្នឹង​រើស​មកនោះ​លោក​មាន​តួនាទី​ជា​អ្នក​រើស​បន្ត​ទៅ​ទៀត។ អីចឹង​ជា​យន្តការ ​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទេ។​ ​ជា​យន្តការ​គឺ​គ.ជ.ប.​នឹង​ធ្វើ​បាន​នូវ​ការ​ជ្រើសរើស​មន្រ្តី​តាម​ការិយាល័យ​ការ​បោះ​ឆ្នោត​ចំនួន​ជិត​១៤​ម៉ឺន​នាក់»។​

កម្ពុជា​នឹង​រៀប​ចំការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ ​នៅ​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ​ ​ដោយ​មិន​មាន​ការ​ចូល​រួម​ពីគណ​បក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ជំទាស់​ដែល​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ជាង​៤០​ភាគរយ​បោះ​ឆ្នោត​គាំទ្រ​កាល​ពី​ឆ្នាំ​២០១៧។​ ​ការ​បោះឆ្នោត​ ​នៅ​ពេល​ខាង​មុខ​ត្រូវ​បាន​ក្រុម​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​យល់​ថា​ មិនមាន​ភាព​សេរី​ និង​យុត្តិធម៌​ទេ​ ​ខណៈ​សហរដ្ឋ​អាមេរិក ​និង​ក្រុម​ប្រទេស​នៃ​សហភាព​អឺរ៉ុប​មួយ​ចំនួន​ប្រកាស​ដក​ជំនួយ​លើ​ផ្នែក​បោះឆ្នោត​នៅ​កម្ពុជា។

យ៉ាង​ណាក៏​ដោយ​ ​គ.ជ.ប.​ធ្លាប់​ប្រកាស​ ​នា​ពេល​កន្លង​មក​ថា​ ខ្លួន​បាន​ត្រៀម​ថវិកា​ជាតិ​ប្រមាណ​ជា​៥៣​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ៕

XS
SM
MD
LG