ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បើក​​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ក្នុង​ថ្ងៃ​ខួប​កំណើត​ខ្លួន


រូបឯកសារ៖ ក្រុមអ្នកគាំទ្រ​ លើក​ទង់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
រូបឯកសារ៖ ក្រុមអ្នកគាំទ្រ​ លើក​ទង់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​​ យក​ថ្ងៃ​កំណើត​គណបក្ស​ជា​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ដែល​នឹង​មាន​គណបក្ស​នយោបាយ​ចំនួន​​២០​ ចូលរួម​ដោយ​គ្មាន​គណបក្ស​​សង្គ្រោះ​ជាតិ​បង្កើត​ដោយ​លោក កឹម សុខា​និង​លោក​ សម រង្ស៊ី​ដោយសារ​គណ​បក្ស​​នេះ​ ត្រូវ​រដ្ឋា​ភិបាល​លោក ​​ហ៊ុន​ សែន​រំលាយ​ចោល​កាលពី​ឆ្នាំ​មុន។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នឹង​ចាប់​ផ្តើម​ការ​ឃោសនា​គោល​នយោបាយ​គណបក្ស​សម្រាប់​ការ​បោះ​ឆ្នោត​ ​នៅ​ចំ​ថ្ងៃ​ការប្រារព្ធពិធី​ខួប​កំណើត​គណបក្ស​ខ្លួន​នៅ​ថ្ងៃទី​៧​ខែ​កក្កដា​ខាង​មុខ។​ ​នេះ​បើ​យោង​តាម​លិខិត​របស់​ខុទ្ទកាល័យ​គណបក្ស​កាន់​អំណាច​ដែល​ VOA​ ទទួលបាន។​

លិខិត​របស់​លោក​ ​ម៉ម សារិន​ ​ប្រធាន​ខុទ្ទកាល័យ​គណបក្ស​ប្រជាជន​កម្ពុជាចុះថ្ងៃ​ទី​៤ ​ខែ​មិថុនា​ ឆ្នាំ​២០១៨​ បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ន័យ​ដើម​ថា៖​

«ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្តាល​ សូម​រំឭក​ជូន​ឯក​ឧត្តម​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ ខេត្ត​ មេត្តា​ជ្រាប​ថា​ ការ​រៀបចំ​ចាត់​តាំង​ពិធី​រំឭកខួប​កំណើត​គណបក្ស​លើក​ទី​៦៧​ឆ្នាំ​នេះ​ ត្រូវ​ធ្វើ​គួប​ជាមួយ​នឹង​ការ​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​ ដែលត្រូវ​ចំថ្ងៃ​សៅរិ៍​ ទី​៧​ កក្កដា​ ឆ្នាំ​២០១៨»។​

លោក​ ​សុខ ឥសាន​ ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ ​VOA ​នៅថ្ងៃ​ច័ន្ទនេះ​ថា​ គណបក្ស​កាន់​អំណាច​បាន​ធ្វើការ​សម្រេច​ត្រឹមត្រូវ​ សម្រាប់​ការ​បើក​យុទ្ធនាការ​នៅ​ចំ​ថ្ងៃ​ប្រារព្ធខួប​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា ​គណបក្ស​អាច​សន្សំ​ប្រាក់​បាន​ច្រើន​ ហើយ​ការ​ធ្វើ​បែបនេះ​ វា​ស្រប​តាម​ស្ថាន​ការណ៍​សង្គម​កម្ពុជា។​

«ខ្ញុំ​យល់​ថា​ ថ្នាក់ដឹកនាំ​គណបក្ស​សុទ្ធតែ​មាន​ប្រាជ្ញា​ ឈ្លាសវៃ​ មាន​ឧត្តមគតិ​ដ៏ឧត្តុង្គឧត្តម​ចំពោះ​ប្រទេស​ជាតិ​ និង​ប្រជាជន​ ហើយ​ក៏ជា​បញ្ហា​មួយ​បញ្ជាក់​ថា​ ការ​ដាក់​នេះ​ វា​ស្រប​តាម​សភាព​ការណ៍​ជាក់​ស្តែង ​បាទ។​ ​តែ​អា​ហ្នឹង​ ខ្ញុំនិយាយទៅ​ថា​ ខ្ញុំ​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចេះ​តែគាំទ្រគណបក្ស​ប្រ​ជាជន​កម្ពុជា។​ ​អាហ្នឹង​ជា​ការណ៍ពិតហើយ​ ក៏​ប៉ុន្តែ​ ខ្ញុំ​យល់​ថា​ ​បងប្អូន​មួយ​ចំនួន​ ​ជាពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​និយាយ​ភាសា​ខ្មែរ​ ​ដូច​ជា​មិន​សូវមាន​ទស្សនៈ​ដូច​ខ្ញុំ​ទេ ​បាទ»។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប.)បាន​ប្រកាសឲ្យ​ដឹង​កាល​ពី​ថ្ងៃទី​៣១ ​ខែ​ឧសភា​ថា​ ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​ ដែល​ប្រកួត​ប្រជែង​យកសំឡេង​ឆ្នោត​ក្នុង​ការបោះ​ឆ្នោត​ថ្ងៃទី​២៩ ​ខែ​កក្កដា​ខាងមុខ​នេះ​ ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃទី​២៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨។​ ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​នឹង​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ​ដែល​ច្រើន​ជាង​អាណតិ្ត​មុន។​ ​នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី៥ឆ្នាំ​២០១៣​ ​មាន​គណបក្ស​តែប្រាំបី​ប៉ុណ្ណោះ​បាន​ចូលរួម​ការ​ប្រកួត​ប្រជែង។​

ក្នុង​ការ​បោះឆ្នោត​សភា​អាណត្តិ​ទីប្រាំ​មួយ​នេះ​ គណបក្ស​ប្រឆាំង​ធំមួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេផាត់ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ដោយ​សារ​គណបក្ស​ ដែល​បង្កើត​ដោយ​លោក​កឹម សុខា​ ដែល​ពេលនេះ​កំពុង​ជាប់ឃុំ​ និង​លោក​សម រង្ស៊ី​ ដែល​ពេល​នេះ​កំពុង​រស់​នៅនិរទេសនៅ​ក្រៅ​ប្រទេសនោះ​ ត្រូវ​បាន​រំលាយ​ចោល​កាលពី​ឆ្នាំមុន​ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​ កឹម សុខា​ ដែល​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា​ បាន​ឃុ​បឃឹត​ជាមួយ​សហ​រដ្ឋ​អាមេរិក​ប៉ុន​ប៉ង​ផ្តួល​រំលំរដ្ឋាភិបាល​របស់​កម្ពុជា។ ​ទាំង​អាមេរិក​ និង​លោក​កឹម សុខា​ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ។​

នៅ​មុន​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​មកដល់​នោះ​ ក្រុម​មេ​ដឹកនាំ​ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ពី​ក្រៅប្រទេស​ ឲ្យពលរដ្ឋធ្វើពហិការ​ការ​បោះឆ្នោត​ ដោយ​បាន​ទាមទារ​ឲ្យ​ពលរដ្ឋ​ដែល​គាំទ្រ​គណ​បក្ស​ប្រឆាំង​នៅតែ​ផ្ទះដើម្បី​ឈ្នះ​ឯង។​ ​លើស​ពីការ​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង​ សហគមន៍​ប្រជាធិបតេយ្យ​ជាច្រើន ​មាន​ដូច​ជា​សហ​រដ្ឋ​អាមេរិក​ និង​អឺរ៉ុប​បាន​បង្ហាញ​ការ​បារម្ភពី​ភាព​ស្រប​ច្បាប់​ក្នុង​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ។​

នាពេល​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ និង​បេក្ខ​ជន​សម្រាប់​ការ​បោះ​ឆ្នោ​ត​បាន​ចាប់​ផ្តើម អ្នកស្រី ​រ៉ូណា ស្មីត​ (Rohna Smith) ​ប្រេសិត​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ប្រកាស​ច្បាស់ៗ​ថា​ ការ​បោះឆ្នោត​លើក​នេះ​មិន​មែន​ជា​ការ​បោះឆ្នោត​ពិតប្រាកដ​ទេ​ ពោល​គឺ​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​គេអនុញ្ញាត​ឲ្យចូល​រួម​ឈរ​ឈ្មោះ ​ហើយ​ក្រុម​មន្ត្រី​គណបក្ស​នេះ​ជាង​១០០​នាក់​ទៀត​ក៏​បាន​បាត់​បង់​សិទ្ធិ​ធ្វើ​នយោបាយ​ ដោយ​សារ​បម្រាម​ធ្វើឡើង​ដោយ​អំណាច​សាល​ដីការ​របស់​តុលាការ​កំពូល។​

ទោះបីជា​បញ្ហា​ចម្រូងចម្រាស​មួយ​ចំនួន​បាន​កើត​ឡើង​នៅ​មុន​ការបោះឆ្នោត​នេះ​ក្តី​ ក៏​លោក​ សុខ ឥសាន​ អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ នៅ​មាន​ការ​យល់​ឃើញ​ជា​វិជ្ជ​មាន​ថា​ ​ពលរដ្ឋ​ខ្មែរ​នឹង​ប្រើ​សិទ្ធិ​បោះឆ្នោត​សម្រាប់​ចូលរួម​រើស​មេ​ដឹក​នាំ​ខ្លួន។​

លោកមាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម​ថា​ ប្រជា​ពលរដ្ឋ ​ដែល​ជា​ម្ចាស់​ឆ្នោត​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជាង​៨៤​ភាគ​រយ​ ដែល​គិត​ចំនួន​ជាង​៨​លាន​៣​សែន​នាក់​ហ្នឹង​ ក៏លោក​ប្រាកដ​ជា​នឹង​អញ្ជើញ​ទៅ​បំពេញ​ករណី​កិច្ច​របស់​ខ្លួន​ មិន​លុះ​ដោយ​ការ​ញុះញង់ ការ​ឃោសនា​អកុសល​របស់​ទណ្ឌិត​ សម រង្ស៊ី​ ដែល​ជា​មេក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ នៅក្រៅប្រទេស​ ដែល​កំពុង​រត់​ភៀស​ខ្លួន​ មិន​ហ៊ាន​ទទួល​ត្រូវ​ចំពោះ​មុខ​ច្បាប់​ហ្នឹង​ រត់​ទៅ​នៅក្រៅ​ ហើយ​ញុះញង់​ពី​ក្រៅមក។ ​វា​អត់​ប្រយោជន៍​ទេ​ បាទ។ ​អីចឹង​ទេ ​ប្រជា​ពលរដ្ឋ​មិន​ជឿ​គាត់​ទេ។ ​ប្រជា​ពលរដ្ឋ​លោក​ជឿ​តាម​ ព្រះ​រាជ​តម្រិះ​របស់​ព្រះ​ករុណា​ ដែល​បាន​ចេញ​ព្រះ​រាជសារ​ដ៏​ពិត​ប្រាកដ​ដើម្បី​អំពាវនាវ​ឲ្យ​បង​ប្អូន​ទៅ​បំពេញ​ករណី​កិច្ច​របស់​បងប្អូន​ ក្នុង​ការ​បោះឆ្នោត​ដោយ​សតិសម្បជញ្ញៈ​របស់​បងប្អូន​ម្នាក់ៗ​បាទ»។​

ការ​បញ្ជាក់​របស់​អ្នកច្បាប់​មួយ​ចំនួន​បានឲ្យដឹង​ថា​ ពលរដ្ឋខ្មែរ​មាន​សិទ្ធិ​ក្នុង​ការ​ទៅ ឬ​មិន​ទៅ​បោះ​ឆ្នោត​ ដោយសារ​ពួកគេ​មិន​ត្រូវបាន​ចង​ដោយ​ច្បាប់​ឲ្យ​មាន​ករណីកិច្ច​ក្នុង​ការទៅ​បោះ​ឆ្នោត​នោះ​ឡើយ។​

ដោយមិន​បាន​ថ្លែង​ដល់​ករណី​កិច្ច​នៃ​ការ​បោះឆ្នោត​នោះ​ ​លោក​ ​ឯម សុវណ្ណារ៉ា​ ​អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ លើក​ឡើ​ថា​ ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នោះ​ទំនង​ជា​នឹង​ប្រឈម​នឹង​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​ទាក់ទង​នឹង​ភាព​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​ ដែល​នឹង​ធ្វើឡើង​ ដោយ​មិន​មាន​ការ​ចូល​រួម​របស់​គណបក្ស​សង្គ្រោះជាតិ។

លោក​ថ្លែង​ថា៖​

«មើល​ផ្អែក​ទៅលើ​ព្រឹត្តិ​ការណ៍​ ឬ​ក៏​និន្នាការ​របស់​អ្នក​សង្កេត​ការណ៍​ ឬក៏​អ្នក​គាំទ្រ​ពី​អន្តរជាតិ​ យើង​ឃើញ​ថា​ នៅ​កម្ពុជា​ការ​រៀបចំ​ការ​បោះឆ្នោតនេះ​ វា​មាន​ការ​ខ្វះខាត​នូវ​ការ​គាំទ្រ​ពី​មតិ​អន្តរជាតិ​ ដែល​ទាម​ទារ​ឲ្យកម្ពុជា​ហ្នឹង​ រៀបចំ​ឲ្យ​ គេ​ហៅថា​ បើក​សេរីភាព​ច្រើន​ជាង​នេះ​ បន្ថយ​ឥទ្ធិពល​ និង​អាគាប​សង្កត់​ហ្នឹង​ឲ្យថយ​នៅ​ក្នុង​កម្រិត​មួយ​ដើម្បី​ឲ្យ​គេ​ទទួល​យក​បាន។​ ប្រសិន​បើ​ស្ថានភាព​នៅតែ​បន្ត​ធម្មតា​គឺ​បើ​ស្ថាន​ភាព​បរិយាកាស​នៅ​បែប​ហ្នឹង​ អន្តរជាតិ​គេ​នឹង​មិន​ទទួល​យក​ទេ​ ព្រោះ​បច្ចុប្បន្ន​នេះ​ វា​មាន​គេ​ហៅ​ថា​ គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​នៅ​ក្រៅ​ស្រុក​ហ្នឹង​ លោក​ទាមទារ​ ឬ​ក៏​គេហៅ​ថា​ ជា​ការ​តវ៉ា​ទៅ​សហគមន៍​អន្តរជាតិ​ ឲ្យ​ជួយ​អន្តរាគមន៍​ពី​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​ បញ្ហា​នយោបាយ​នៅ​កម្ពុជា​ហ្នឹង ​បាន​អន្តរាគមន៍​លើ​បញ្ហា​នយោបាយ​កម្ពុជា​រួចទៅ​ហើយ​ ដូច្នេះ​កម្ពុជា​អាច​ប្រឈម​បញ្ហា​នេះ​នៅ​ថ្ងៃ​អនាគត»។​

ទាក់​ទិន​ការ​ផ្តើម​ឃោសនា​បោះឆ្នោត​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ អ្នក​វិភាគ​នយោបាយ​រូប​នេះ​យល់​ថា​ នេះជា​យុទ្ធសាស្ត្រ​សមស្រប​មួយ​របស់​គណបក្ស​កាន់​អំណាច​ ​ដើម្បី​បង្អួត​ពី​សមិទ្ធផល​ដែល​ខ្លួន​បាន​ធ្វើ​ជូនប្រទេស​ រាប់ចាប់តាំង​ពីថ្ងៃ​បដិ​សន្ធិ​របស់​គណបក្ស។​

«ខ្ញុំ​គិត​ថា​ ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​ឃោសនា​ បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​បង្កើត​គណបក្ស​នយោបាយ​ដែល​អាច​ជួយ​ទៅ​ដល់​ការ​ដែល​មាន​គុណ​សម្បត្តិ​ទៅដល់​ប្រទេស​ជាតិ​ដែល​គាត់​បាន​ដឹកនាំ​ គាត់​នាំ​នូវ​គេហៅ​ថា​ ស្នាដៃ​មួយ​ចំនួន​ទៅលើ​ការ​ដឹកនាំ​របស់​គាត់។​ អា​នេះ​ខ្ញុំគិត​ថា​អត្ថ​ប្រយោជន៍​ច្រើន​ ​ទៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត ​ច្រើន​ជាង»។

នា​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​៦៦​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​ត្រូវ​បាន​ធ្វើឡើង​កាល​ពី​ឆ្នាំ​មុន ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ​បាន​ស្តី​បន្ទោស​ខ្លាំងៗ​ដល់​បន្ទប់​ស្ថាន​ការណ៍​របស់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ថា ​បាន​ធ្វើ​ឲ្យ​អាប់​អួរ​ស្ថាន​ការណ៍​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ​ហើយ​លោក​ក៏​ស្នើ​ឲ្យ​សមាជិក​សភា​របស់​គណបក្ស​កាន់​អំណាច​ធ្វើ​ ​«វិសោធន​កម្ម​បន្ថែម​ទៀត»​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​ដើម្បី​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​របស់អ្នក​មាន​ពិរុទ្ធ​ភាព។​

ប៉ុន្មាន​ខែ​ក្រោយ​ការ​ប្រកាស​របស់​លោក​ ​ហ៊ុន សែន​ បែប​នោះ​ គណបក្ស​ប្រឆាំង​ក៏​ត្រូវ​បាន​រំលាយ​ចោល។​ ​ការ​រំលាយ​នោះ​កើត​មាន​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​លោក​ ​កឹម សុខា​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ដើម​ខែ​កញ្ញា​ ​ដោយ​បាន​ដាក់​ការ​សង្ស័យ​ថា ​ ​លោក​ ​កឹម សុខា​ ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ក្បត់ជាតិ​ ដោយ​ការ​សមគំនិត​ជាមួយ​នឹង​បរទេស​ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។​

ដោយ​ឡែក​ គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ ខ្លួន​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​១៩៥១​ ក្រោម​ឈ្មោះ​ថា​ «គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា»​ ​ដើម្បី​ប្រឆាំង​នឹង​របប​អាណានិគម​និយម​បារំាង៕

XS
SM
MD
LG