ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Obama នឹង​ថ្លែង​សុន្ទរកថា​នៅ​ទីគោរពវិញ្ញាណក្ខន្ធ​ចំពោះ​ប៉ូលិស​ក្នុង​ទីក្រុង Dallas


ប៉ូលិស​ម្នាក់​បាន​មក​ទីលាន​រំលឹក​វិញ្ញាណ​ក្ខន្ធ​បណ្តោះអាសន្ន​នៅ​ទីស្នាក់កណ្តាលរបស់​ប៉ូលិសនៅ​ទីក្រុង​​ Dallas កាលពីថ្ងៃទី ១១ កក្កដា​២០១៦។
ប៉ូលិស​ម្នាក់​បាន​មក​ទីលាន​រំលឹក​វិញ្ញាណ​ក្ខន្ធ​បណ្តោះអាសន្ន​នៅ​ទីស្នាក់កណ្តាលរបស់​ប៉ូលិសនៅ​ទីក្រុង​​ Dallas កាលពីថ្ងៃទី ១១ កក្កដា​២០១៦។

លោក​ប្រធានាធិបតី​អាមេរិក Barack Obama នឹង​ថ្លែងសុន្ទរកថា​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​ទីក្រុង Dallas រដ្ឋ​តិចសាស់ នៅ​ទីគោរពវិញ្ញាណក្ខន្ធ​មួយ ចំពោះ​ប៉ូលិស​ទាំង​៥​នាក់​ដែល​ត្រូវ​បាន​សម្លាប់​កាល​ពី​សប្តាហ៍​មុនដោយ​ការ​លួចឆ្មក់បាញ់​ ក្នុង​អំឡុង ពេល​ធ្វើ​បាតុកម្ម​តវ៉ា​ដោយ​សន្តិវិធី​មួយ។ ​សុន្ទរកថា​នេះនឹង​ក្លាយ​ជា​សុន្ទរកថា​លើក​ទី​១១ក្នុង​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក ដែល​លោក​តែង​តែ​ថ្លែង​ក្រោយ​ពេល​មាន​ការបាញ់​ប្រហារ​រង្គាល។

នៅ​ទីនោះ​ក៏​នឹង​មាន​វត្តមាន​របស់​លោក​អនុប្រធានាធិបតី​ Joe Biden និង​អតីត​ប្រធានាធិបតី​លោក​ George W. Bush ផង​ដែរ។ លោក Josh Earnest អ្នកនាំពាក្យ​របស់​សេតវិមាន​បាន​ប្រកាស​ថា លោក Obama ​ចង់ព្យាយាម​លួងលោម​មនុស្ស​ទូទាំង​ប្រទេស​ បន្ទាប់​ពី​មាន​ការបាញ់ប្រហារ​នៅ​ទីក្រុង Dallas និង​ការបាញ់សម្លាប់​របស់​ប៉ូលិស​ទៅ​លើបុរស​ជនជាតិ​អាហ្វ្រិក​អាមេរិកាំង​២​នាក់ ដែល​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​ជាថ្មី​ឡើង​វិញ​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន។

លោក Earnest បាន​មាន​ប្រសាសន៍​ថា៖ «លោក​ប្រធានាធិបតី​ទទួល​ស្គាល់​ថា មិនមែន​មាន​តែប្រជាជន​ក្នុង​ទីក្រុង Dallas ប៉ុណ្ណោះ​ទេ​ដែល​កំពុង​តែ​មាន​ទុក្ខសោក ប៉ុន្តែ​ ប្រជាជន​នៅ​ទូទាំង​ប្រទេស​ដែល​មាន​ការព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​ ចំពោះ​ហេតុការណ៍​ដែល​ប្រជាពលរដ្ឋ​អាមេរិក​ជាច្រើន​នាក់​បាន​ឃើញ​កាល​ពី​សប្តាហ៍​មុន​នេះ​ក៏​មាន​ការ​ព្រួយបារម្ភដែរ។ ហើយ​ការពិតនោះគឺ​ថា នេះ​គឺ​ជា​អំពើ​ហិង្សា​ដែល​យើង​ធ្លាប់ជួប​រួច​មក​ហើយ មិនមែន​ទើប​តែកើត​ឡើង​កាល​ពី​សប្តាហ៍​មុន​នេះ​នោះ​ទេ ប៉ុន្តែ​វា​បាន​កើត​ឡើង​ញឹក​ញាប់​ខ្លាំង​ណាស់ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ។»

លោក Earnest បាន​មាន​ប្រសាសន៍​ថា លោក Obama ក៏​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​នៅ​ឯ​សេតវិមាន ​ជាមួយ​នឹង​ក្រុមមន្ត្រី​អនុវត្ត​ច្បាប់ ក្រុមសកម្មជន សាស្រ្តាចារ្យ និង​មេដឹកនាំ​សង្គម​ស៊ីវិល ដើម្បី​ព្យាយាម​ជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា​ក្នុង​ការស្វែង​រក​ដំណោះស្រាយ​ទៅ​លើ​ការដាច់​ទំនាក់ទំនង​រវាង​ប៉ូលិស​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ជាច្រើន៕

XS
SM
MD
LG