ការសម្លាប់ប៉ូលិស៥នាក់ក្នុងទីក្រុង Dallas ធ្វើឲ្យលោកប្រធានាធិបតីអាមេរិក Barack Obama កាត់បន្ថយដំណើរទៅកាន់សហភាពអឺរ៉ុបរបស់លោកចំនួន១ថ្ងៃ។
នៅក្នុងកិច្ចប្រជុំកំពូលអង្គការអូតង់ លោកប្រធានាធិបតីអាមេរិក Barack Obama បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងកម្លាំងជិត១ពាន់នាក់ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជាផ្នែកមួយនៃអ្វីដែលក្រុមមន្ត្រីហៅថា ជាកងកម្លាំងមិនសូវច្រើន ដែលមានគោលបំណងនឹងបង្រ្កាបភាពគឃ្លើនរបស់រុស្សី។
សមាជិកអង្គការអូតង់ក៏បានឯកភាពនឹងដាក់ពង្រាយកងទ័ពបន្ថែមនៅក្នុងបណ្តាប្រទេសនៅតំបន់បាល់កង់ ដូចជា ប្រទេសអេស្តូនី ប្រទេសឡេតូនី និងប្រទេសលីទុយអានី ដើម្បីជាផ្នែកមួយនៃអ្វីដែលកងកម្លាំងអង្គការអូតង់និយាយថា គឺជាការដាក់ពង្រាយក្រុមសម្ព័ន្ធមិត្តដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់រួចមក។
ការសម្រេចក្នុងការបង្កើនកងកម្លាំងប្រតិកម្មរហ័សត្រូវបានធ្វើឡើង បន្ទាប់ពីមានការដាក់សំពាធពីសំណាក់មេដឹកនាំនៅក្នុងតំបន់បាល់កង់ ដែលក្រុមអ្នកវិភាគនិយាយថា ប្រឈមយ៉ាងខ្លាំងទៅនឹងភាពគឃ្លើនរបស់រុស្សី។ អ្នកវិភាគខាងការពារប្រទេសបាននិយាយថា ការសិក្សារបស់ពួកគេនាពេលថ្មីៗនេះបង្ហាញថា កងកម្លាំងរុស្សីអាចដណ្តើមយករដ្ឋធានីនៃប្រទេសណាមួយក៏បានក្នុងតំបន់បាល់កង់ក្នុងរយៈពេល៦០ម៉ោង។
មន្ត្រីអាមេរិកនិយាយថា បទពិសោធន៍របស់ប្រទេសអ៊ុយក្រែនបណ្តាលឲ្យអង្គការអូតង់ងាកការផ្តោតរបស់ខ្លួនពីការទុកចិត្តទៅជាការរុញរាទៅវិញចំពោះរុស្សី។
លោក Obama នៅថ្ងៃសៅរ៍នេះនិយាយផ្តោតច្រើនទៅលើប្រទេសអ៊ុយក្រែន ដែលរុស្សីមិនបង្ហាញសញ្ញាណអ្វីថានឹងបញ្ចប់ការឈ្លានពានរបស់ខ្លួន បន្ទាប់ពីបានឈ្លានពានអស់រយៈពេលជាង២ឆ្នាំមកហើយនោះទេ។
មុនពេលចាកចេញពីប្រទេសអេស្ប៉ាញ លោក Obama នឹងជួបជាមួយនឹងក្រុមមេដឹកនាំកំពូលរបស់អង្គការអូតង់ ដូចជាមេដឹកនាំប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ផងដែរ៕