ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ ចង់ដក​​សញ្ជាតិ​អាមេរិក​របស់​ចៅ​លោក ​ដើម្បី​ជៀសវាង​​កាតព្វកិច្ច​យោធា​នៅ​សហ​រដ្ឋ​អាមេរិក


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បាន​ប្រកាស​ប្រាប់​ក្រុម​ប្រតិភូកីឡា​កម្ពុជា​ ​ដែល​ត្រៀមចេញ​ទៅ​ប្រកួត​កីឡា​ ​SEA Games​លើក​ទី​២៩​នៅប្រទេស​ម៉ាឡេស៊ី​ ​(Malaysia)​ ​នា​ថ្ងៃ​ព្រហ្បតិ៍​នេះ​ថា​ លោក​កំពុង​រិះរក​មធ្យោបាយ​ ​ដក​សញ្ជាតិ​ជា​ពលរដ្ឋ​អាមេរិកាំង​ពី​ចៅ​របស់​លោក​ម្នាក់​ ដោយ​លោក​បារម្ភ​ថា​ សហរដ្ឋ​អាមេរិក​នឹងបញ្ចូល​ចៅ​របស់​លោក​ទៅ​ក្នុង​កងទ័ព​អាមេរិក​ ក្នុង​នាម​ជា​ទាហាន​ជាប់​កាតព្វកិច្ច។​

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ​លោក​ ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ឲ្យដឹង​ពីបំណង​ប្រាថ្នា​របស់​លោក​ ក្នុង​ការ​ដកសញ្ជាតិ​អាមេរិកាំង​របស់​ចៅ​លោក​ម្នាក់ ដែល​លោក​អះអាងថា​ បាន​ចាប់​កំណើត​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក។​ លោក​ ហ៊ុន សែន​ ថ្លែងថា​ លោកមិន​ចង់​ឃើញចៅ​របស់​លោក​ ក្លាយ​ជា​ទាហាន​ជាប់​កាតព្វកិច្ច​អាមេរិកាំង​ ដើម្បីត្រៀមធ្វើ​សង្គ្រាម​នោះ​ឡើយ​។ លោកនាយក​រដ្ឋ​មន្ត្រី​ ក៏​ព្រមាន​បង្ក្រាប​ក្រុម​ណា​ ដែល​ប៉ុនប៉ង​ធ្វើបាតុកម្ម ​ក្រោយការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨​ខាងមុខ​ផង​ដែរ​។ ​

លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បាន​ប្រកាស​ប្រាប់​ក្រុម​ប្រតិភូកីឡា​កម្ពុជា​ ​ដែល​ត្រៀមចេញ​ទៅ​ប្រកួត​កីឡា​ ​SEA Games​លើក​ទី​២៩​នៅប្រទេស​ម៉ាឡេស៊ី​ ​(Malaysia)​ ​នា​ថ្ងៃ​ព្រហ្បតិ៍​នេះ​ថា​ លោក​កំពុង​រិះរក​មធ្យោបាយ​ ​ដក​សញ្ជាតិ​ជា​ពលរដ្ឋ​អាមេរិកាំង​ពី​ចៅ​របស់​លោក​ម្នាក់​ ដោយ​លោក​បារម្ភ​ថា​ សហរដ្ឋ​អាមេរិក​នឹងបញ្ចូល​ចៅ​របស់​លោក​ទៅ​ក្នុង​កងទ័ព​អាមេរិក​ ក្នុង​នាម​ជា​ទាហាន​ជាប់​កាតព្វកិច្ច។​

ថ្លែង​ទៅកាន់​ក្រុម​កីឡាករ​ ​និង​គ្រូ​បង្វឹក​ជាង​ ២០០នាក់ ក្នុងពិ​ធីជួបជុំមួយ​ ​រៀបចំឡើង​នៅវិមាន​សន្តិភាព​ក្នុង​ក្រុង​ភ្នំពេញ លោក​ហ៊ុន សែន​ ​អះអាង​ថា​ ​លោក​មាន​ចៅម្នាក់​បាន​កើត​នៅ​លើ​ទឹក​ដី​របស់​សហរដ្ឋ​អាមេរិក​ នៅគ្រា​ដែល​ឪពុកម្តាយ​របស់​ចៅ​លោក​រូប​នោះ​ ​កំពុង​បន្ត​ការ​សិក្សានៅ​សហរដ្ឋ​អាមេរិក។​ ​លោក​ថា​ ប្រសិនបើ​ចៅ​របស់​លោក​បន្ត​កាន់សញ្ជាតិ​អាមេរិកាំង​ទៀតនោះ​ អាមេរិក​នឹង​បញ្ចូល​ចៅរបស់លោកក្នុងជួរ​កង​ទ័ព​អាមេរិក​ ដែល​នឹង​អាច​ប្រកាសធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ណាមួយ។

«អាឡូវ​ខ្ញុំ​កំពុង​រក​វិធី​ធ្វើម៉េច​ ​ឲ្យ​ចៅ​របស់​ខ្ញុំ​ដក​សញ្ជាតិ​ ពី​អាមេរិក​ចេញ​ឲ្យបាន​ ​ព្រោះក្រែង​លោ​អាមេរិក​ ត្រូវ​ធ្វើ​សង្គ្រាម​ជាមួយ​គេ​ តម្រូវ​ឲ្យ​ចៅ​របស់​ខ្ញុំ​ ទៅធ្វើ​ទាហាន​អាមេរិក​ ​កាតព្វកិច្ច​អាមេរិក​ អាហ្នឹង​តែ​ដល់​អាយុ​ ​ទៅ​ធ្វើ​ទាហាន​កាតព្វកិច្ច​ អត់​ទេ​ខ្ញុំ​មិន​ព្រម។​ ​គ្រាន់​តែ​ថា​ ពេល​ហ្នឹង​ប្តីប្រពន្ធគេ​ ទៅ​រៀនបន្ត​នៅ​អាមេរិក​ វា​កើត​នៅ​អាមេរិក​ ​វា​ចូល​សញ្ជាតិ​ វា​ជាប់​សញ្ជាតិ​អាមេរិក​ ដកសញ្ជាតិ​អាមេរិក​ចេញ​មក»។​

ដោយ​មិន​បញ្ចេញ​ឈ្មោះ​ឬ​ភេទ​របស់​ចៅ​ខ្លួន​ ​លោក​ ​ហ៊ុន សែន​ ​ថ្លែង​បន្តថា៖​

«មិន​ចាំ​បាច់​អាមេរិក​ទារ​ដក​ទេ​ អាមេរិក​ទារធ្វើ​ទាហាន​រួចហើយ​ ​តាម​មក​ចាប់​ចៅ​ឯង​ ដល់​ស្រុក​ខ្មែរ​ទៀត​ អាគាត់​នេះ​ ចាប់​តាំង​ ប្រធានាធិបតី​ Duterte គាត់​មិន​និយាយ​ប៉ុន្មានថ្ងៃ​មុនហ្នឹង។​ ​គាត់​ថា​អាមេរិក​ ​ទៅ​ចាប់​ដល់​អាដេញ​ប្រធានាធិបតី​ប៉ាណាម៉ាណ៎​ យក​មក​ដាក់​គុក​ ទៅចាប់​ប្រធានាធិបតី​ប្រទេស​គេយក​មក​ដាក់​គុក។​ ​អញ្ចឹង​ទម្រាំ​ដល់​ចៅយើង​ ដែល​ជាជាតិ​អាមេរិក​ ស្រាប់វាដល់​ពេល​អាយុ​១៨​ ១៩ ត្រូវ​ធ្វើទាហាន​កាតព្វកិច្ច​ ​ដើម្បី​នឹង​ទៅ​វាយ​ប្រទេស​គេ​ ​ឈ្លានពាន​ប្រទេស​គេ​ វាមិន​ងាប់»។

ទោះ​ជា​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ លោក​ ​ហ៊ុន សែន​ ​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​សញ្ជាតិ​អាមេរិកាំង​ក្តី​ ក៏​កូន​ប្រុស​ច្បង​របស់​លោក​ គឺ​ឧត្តម​សេនីយ៍​ឯក​ ​ហ៊ុន ម៉ាណែត​ ​ដែល​ជា​នាយសេនាធិការ​រង​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​ ​ត្រូវ​គេ​ដឹង​ថា​ ​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​បណ្ឌិត​សភា​យោធា​ West Point ​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៩៩​ គឺពីរឆ្នាំ​ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​ ​ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី៥​ និង​ថ្ងៃ​ទី៦​ ​ខែ​កក្កដា​ ឆ្នាំ​១៩៩៧។​

​ការ​បង្ហាញ​ចេតនា​របស់​លោក​ ​ហ៊ុន សែន​ ​ដូច្នេះ​ ​ធ្វើ​ឡើង​ ​ក្រោយ​ពេល​លោកវាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​ធ្ងន់​ៗ​ ​ប្រឆាំង​នឹង​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​អាមេរិកាំង​ CNN ​ដែល​បាន​ផ្សាយ​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ​ក្មេង​ស្រី​ក្នុង​សង្កាត់​ស្វាយប៉ាក​ ​ខណ្ឌ​ ឬស្សីកែវ​ រាជធានី​ភ្នំពេញ។​ ​លោក​ហ៊ុន សែន​ក៏​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ចំៗថា​ ​ប្រទេស​មហាអំណាចមួយនេះ​ ត្រូវ​ឈប់​បង្ករឿង​ដល់​កម្ពុជា​ ប្រសិន​បើ​មិន​ចង់​ប្រឈម​នឹង​ការ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​របស់​ខ្លួននៅកម្ពុជានោះ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយលោក​ ​ចាន់ វិបុល​ ​បាន​ប្រាប់​ VOA ​ថា​ បញ្ហា​ដក​សញ្ជាតិ​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​នោះ​ ​គឺ​ជា​សិទ្ធិ​បុគ្គល​ ​ដែល​នឹង​មិន​ធ្វើ​ឲ្យ​ចំណង​ទាក់​ទង​កម្ពុជា​ អាមេរិក​ជួ​ប​រឿង​រកាំរកូស​នោះ​ទេ។​

«​អា​នេះ​ ​ជាការសម្រេចចិត្ត​របស់​បុគ្គល​ទេ​ ខ្ញុំ​យល់​ថា​ ​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​តំណាង​ឲ្យ​រដ្ឋ​មួយ​ទេ​បាទ។ ​អញ្ចឹង​ជាការសម្រេចចិត្ត​របស់​ក្រុម​គ្រួសារ​របស់បុគ្គល ជាកាតព្វកិច្ច​របស់​គាត់​ ហើយ​ជា​សិទ្ធិ​របស់​គាត់​ បើ​សិន​បើ​គាត់​ចង់​ដក​សញ្ជាតិ​ គាត់​មិន​ចង់​ជា​សញ្ជាតិ​ជនជាតិ​ណាមួយ​ទេ​ គាត់​មានសិទ្ធិ​ស្នើសុំ​ ហើយ​ខ្ញុំ​គិត​ថា​ មិន​ប៉ះពាល់​ទៅដល់​ ទំនាក់ទំនង​ការទូត​ ​ឬ​ក៏​ពាក់​ព័ន្ធនឹងការ​រើសអើង​ជាតិ​សាសន៍​ទេ​ ទាក់​ទង​ករណី​ប្រសិន​បើ​ព័ត៌មាន​បែបនេះ​បាទ»។

ទាក់​ទិន​នឹង​ការ​វាយប្រហារ​ដោយពាក្យសម្តីធ្ងន់​ៗ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ផ្ទួនៗ​គ្នា​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ទៅ​លើ​សហរដ្ឋ​អាមេរិក លោក​ ចាន់ វិបុល​ ​យល់​ថា​ ​ជា​តាក់​តិក​នយោបាយ​ការ​បរទេស​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន។​ យ៉ាង​ណា​មិញ​ លោក​មាន​ប្រសាសន៍​ថា​ ប្រមុខ​រដ្ឋាភិបាល​គួរ​រក​វិធីសាស្ត្រ​ធ្វើ​សុខុដមនីយកម្ម​ការទូត​ ជា​ជាង​ការ​ប្រឈម​មុខ​ដាក់គ្នា ដែល​អាច​បង្ក​គ្រោះ​មហន្តរាយ​ដល់​កិច្ច​អភិវឌ្ឍ​ប្រទេស​ជាតិ។​

​«ប៉ុន្តែ​គ្រាន់​អ្វី​ដែលយើង​ចង់​ ធ្វើ​សេចក្តី​បរិយាយនោះគឺ​ ទាក់​ទងទៅនឹង​ការ​បង្ក​ឲ្យ​មាន​ ភាព​សុខ​សាន្ត​រវាង​ កិច្ចការ​ការ​ទូតទេ​ មានន័យ​ថា​ យើង​ចង់​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ មានការ​ទំនាក់​ទំនង​ល្អ​ ជាមួយ​ ស្ថាប័ន​ និង​ប្រទេស​ដទៃ​ ជាពិសេស​ប្រទេស​ណាដែល​លើកកម្ពស់​ទៅលើការ​គោរព​សិទ្ធិ​មនុស្ស​ ​ប្រទេស​ណាដែល​លើកកម្ពស់​ទៅលើការ​គោរព​នីតិរដ្ឋ ​ហើយ​និងការ​ធានាឲ្យបាន​នូវ​អភិបាលកិច្ច​ល្អ​មួយ​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ អញ្ចឹងគឺយើង​ចង់​ឃើញ​បែបហ្នុង​ទៅវិញ​ទេបាទ។​ យើង​មិន​ព្យាយាម​ធ្វើ​ការសម្រេច​ហេតុ​អី​បានជាគាត់​មានប្រតិកម្ម​បែបហ្នឹង​នៅឡើយ​ទេ​»។

លោក​Arend Zwatjes ​មន្ត្រី​នាំពាក្យ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​មិន​ទាន់​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ VOA​ ​តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​ Email​ ​ទាក់​ទិន​ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន​ ​រហូត​មក​ទល់​នឹងល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នះ។​

លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ដែល​បាន​ស្ថិត​ក្នុង​អំណាច​ជាង​បីទសវត្សរ៍មក​នោះ​ និង​ជា​នាយក​រដ្ឋ​មន្ត្រី​ស្ថិត​ក្នុង​អំណាច​យូរជាង​បង្អស់​ក្នុង​តំបន់​អាស៊ាន​ បាន​ព្រមាន​ក្រុម​ណា​ដែលប៉ុនប៉ង​ធ្វើ​ព្យុះ​ភ្លៀង ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ ដូច​អ្វីដែលបាន​កើត​ឡើង​ ក្រោយការ​បោះឆ្នោត​ កាល​ពីបួន​ឆ្នាំ​មុន។​

នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ លោក​ ហ៊ុន សែន​ បាន​ថ្លែង​ការពារ​ការ​ធ្វើ​វិសោធន​កម្ម​លើក​ទីពីរ​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដ៏​ចម្រូង​ចម្រាស​ផងដែរ។​ ​លោក​ថា​ វិសោធនកម្មនេះ​ នឹង​ជួប​ទប់​ស្កាត់​សកម្ម​ភាព​នយោបាយ​នានា​ ដែល​អាច​នាំភាពវឹកវរ​ដល់​សង្គម​។ លោក​ក៏បាន​ព្រមាន​ក្រុម​អង្គការ​ស៊ីវិល​មួយចំនួន​ មិន​ឲ្យធ្វើ​សកម្មភាព​ ដែល​មានការ​ជាប់​ទាក់​ទង​នឹង​ផល​ប្រយោជន៍​ខាង​នយោបាយ។​ លោក​សង្កត់​ធ្ងន់ ប្រសិន​បើ​អង្គការ​ទាំង​នោះ​នៅ​តែ​គឃ្លើន​ អាជ្ញាធរនឹងចាត់​វិធាន​ការ​បិទចោល​ស្រុង​សកម្មភាព​របស់អង្គការ​ទាំង​នោះ។

លោក​ ហ៊ុន សែន​ បាន​ថ្លែង​យ៉ាង​ដូច្នេះ៖​

«​ការដាក់​ច្បាប់​អំពី​គណបក្ស​នយោបាយ​ អំពីគណបក្ស​នយោបាយ​ ដើម្បី​អី​ ដើម្បី​បញ្ចៀស​ការ​ហូរ​ឈាម សុំ​និយាយ​ឲ្យ​ត្រង់​នៅ​កន្លែង​នេះ​។​ បើអត់​មាន​ច្បាប់​ ធ្វើ​អនាធិបតេយ្យ​ គ្រប់​គ្រង​លេង​កើត​ តើអ្វី​វានឹង​កើត​។​ នៅចាំ​បាន​ទេ​?​ ឆ្នាំ​ ៩៧​វាយគ្នានៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដែលមិន​មាន​ទម្លាប់​វាយ​គ្នា​បែបនេះ​ទេ នៅក្នុង​អតីតកាល​។ ប៉ុន្តែ​អំពើ​អត់​ច្បាប់​នោះ វាបាននាំមក​ នូវការ​វាយប្រហារគ្នា​ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​តែម្តង»។​

លោក​ ហ៊ុន សែន បាន​ថ្លែង​សំដៅ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ដូច្នេះ​៖​

«អញ្ចឹង​ទេ​ សុំពួក​ភ្នាក់ងារ​បរទេស​ និង​ស៊ី​លុយបរទេស​ទាំងប៉ុន្មាន​ ដកខ្លួនថយ​។ យើង​ខ្ញុំ​បាន​ក្តាប់​ជាប់​អស់លោក​ហើយ​ អស់​លោក​ធ្វើ​ អង្គការ​របស់​លោក​អាច​ត្រូវ​រំលាយ​ចោល​ តាមរយៈច្បាប់​បក្ស​នយោបាយ​។​ បើសិន​ជា​ព្រហើន​បំពានច្បាប់​ បក្សនេះ​ក៏រងជាមួយនឹងការរំលាយដែរ»។

ក្រោយ​កា​របោះឆ្នោត​ឃុំ-សង្កាត់​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៤​ ​ខែមិថុនា​កន្លង​ទៅ​ ​បន្ទប់​ស្ថាន​ការណ៍​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការ​សង្គមស៊ីវិល​មួយ​ក្រុម​ ​បាន​ឲ្យ​ដឹង​ថា​ ​ការ​ខ្វះ​ឯករាជ្យ​ភាព​របស់​មន្ត្រី​តុលាការ​ ​ការ​លម្អៀងនយោបាយ​នៃ​មន្ត្រី​ជាន់​ខ្ពស់​កង​កម្លាំង​ប្រដាប់​អាវុធ​ ​ដែល​ដាក់​សម្ពាធ​ដល់​សេរីភាព​បញ្ចេញ​មតិ ​ការ​គំរាម​ដល់​សកម្មភាព​គណបក្ស​ប្រកួត​ប្រជែង​ និង​សមាគម​ ​សហជីព ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​បាន​ញ៉ាំងឲ្យ​បរិយាកាស​សម្រាប់​ដំណើរ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ស្ថិត​នៅ​ក្នុង​កម្រិត​រឹតត្បិត​សេរីភាព​ ​និង​ខ្វះ​យុត្តិធម៌​ពេញ​លេញ។​

លោក​ ​យឿង សុធារ៉ា​ ​មន្ត្រី​ផ្នែក​ច្បាប់​ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល ដែល​ជាប្រតិបត្តិករ​មួយ​របស់​បន្ទប់​ស្ថានការណ៍​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិលដែល​ធ្វើ​ប្រតិ បត្តិការ​បន្ទប់​ស្ថាន​ការណ៍​នា​ពេល​កន្លង​មក​ មិន​ទាន់​អាច​បញ្ជាក់បាន​ថា​ ខ្លួន​នឹង​បង្កើត​បន្ទប់​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​នាពេលខាងមុខ​ទៀត​ ឬយ៉ាងណានោះឡើយ​ ដោយ​ត្រូវ​រង់​ចាំ​ការ​ជួប​ប្រជុំ​ជា​មួយ​ក្រុមមន្ត្រី​របស់​ក្រសួងមហាផ្ទៃ។​ យ៉ាងណាក្តី​ លោក​ យឿង សុធារ៉ា​ ថ្លែង​ថា​ អង្គការ​ ខុម​ហ្វ្រែល​នឹង​បន្ត​ដាក់​ពង្រាយ​អ្នក​អង្កេត​ការណ៍នៅក្នុងកា​របោះឆ្នោតនានា​ ហើយ​ថា​ សារនយោបាយ​របស់​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ មាន​ចរិត​គំរាម​កំហែង​ខាង​នយោបាយ​។​

លោក​ ​យឿង សុធារ៉ា​ ​មន្ត្រី​ផ្នែក​ច្បាប់​ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល៖​

«​តែ​ទោះ​ជា​យ៉ាងណា​ ខ្ញុំ​យល់​ឃើញ​ថា​ ការ​លើកឡើង​នេះ​ ជា​សញ្ញាណមួយនៃ​ការ​ គំរាម​កំហែង​ ជា​សញ្ញាណ​មួយនៃ​ការ​បំភិតបំភ័យដល់​ អង្គការ​សង្គមស៊ីវិល​ ដែល​ធ្វើការ​ងារ​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ដែល​ជាសិទ្ធិ​ស្របច្បាប់​ ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ​ក៏ដូចជា​ មាន​ចែង​ផងដែរ​នៅ​ក្នុង​ច្បាប់​បោះឆ្នោត​ ស្តី​អំពី​តួនាទី​ របស់​អង្គការ​សង្គម​ស៊ីវិល​ ស្តីអំពី​ការ​ចូលរួម​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ក្នុង​ជីវភាព​នយោបាយ​ ក្នុង​សកម្ម​ភាព​នយោបាយ​ ក្នុង​អង្គការ​សង្គម​ផ្សេងៗ​ ដើម្បី​រួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ជាមួយ​នឹង​រាជរដ្ឋាភិបាល»។​

ក្នុង​ការ​ថ្លែងសារ​នយោបាយ​របស់​លោក​ទៅកាន់​ប្រតិភូកីឡា​កម្ពុជា​ នាថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ក៏​បាន​គាំទ្រ​ លោក​ វង​ សូត​ រដ្ឋ​មន្រ្តី​ក្រសួង​សង្គម​កិច្ច​ដែល​បាន​ព្រមាន​វាយ​សំពង​អ្នក​តវ៉ា​លទ្ធផល​ឆ្នោត​ដោយ​ប្រើ​ «​ដំបង​ឬស្សី» ផងដែរ៕​

XS
SM
MD
LG