ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​អាមេរិក​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មាន​ភាព​លម្អៀង


លោក​រដ្ឋមន្ត្រី William Barr ចូលរួម​នៅ​ក្នុង​ «កិច្ចប្រជុំ​កំណែ​ទម្រង់​ពន្ធនាគារ​ឆ្នាំ២០១៩» នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។
លោក​រដ្ឋមន្ត្រី William Barr ចូលរួម​នៅ​ក្នុង​ «កិច្ចប្រជុំ​កំណែ​ទម្រង់​ពន្ធនាគារ​ឆ្នាំ២០១៩» នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។

ប្រធាន​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោក Jerry Nadler បាន​និយាយ​ថា គណបក្ស​ប្រជាធិបតេយ្យ​ចាំបាច់​ត្រូវ​ឃើញ​របាយការណ៍​ទាំង​ស្រុង​របស់​លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller ដោយសារតែ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr មាន​លក្ខណៈ​លម្អៀង។

លោក Nadler បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Face the Nation របស់​ទូរទស្សន៍ CBS កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «លោក William Barr គឺ​ជា​ភ្នាក់ងារ​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump។ លោក​គឺ​ជា​អ្នក​ដែល​លោក Trump បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដូច្នេះ​លោក​ប្រហែល​ជា​ការពារ​ផល​ប្រយោជន៍​របស់​លោក Trump បាន​យ៉ាង​ល្អ​ជា​មិន​ខាន»។

លោក Nadler បាន​បន្ថែម​ដូច្នេះ​ថា លោក Barr គឺ​ជា «អ្នក​ការពារ​លម្អៀង​នៃ​រដ្ឋបាល​របស់​លោក Trump»។

ការ​លើក​ឡើង​របស់​លោក Nadler នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​មាន​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​ថា ក្រុម​របស់​លោក Mueller មិន​សប្បាយចិត្ត​ជាមួយ​នឹង​សេចក្ដី​សង្ខេប​របស់​លោក Barr អំពី​របាយការណ៍​នៃ​ការ​ស៊ើប​អង្កេត​របស់​លោក Mueller លើ​ករណី​ថា ​តើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump មាន​បាន​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​ដើម្បី​ជួយ​ឲ្យ​លោក Trump ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ ២០១៦ ដែរ​ឬ​ទេ។

បើ​យោង​តាម​សេចក្ដី​សង្ខេប​របស់​លោក Barr លោក Mueller មិន​បាន​រក​ឃើញ​ភស្តុតាង​ណា​មួយ​ ដែល​ថា​លោក Trump ឬ​ក៏​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump បាន​ឃុបឃិត​ជាមួយ​នឹង​រុស្ស៊ី​នោះ​ទេ។

លោក Nadler និង​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​បាន​ស្នើ​លោក Barr ឲ្យ​ផ្សព្វផ្សាយ​របាយការណ៍​ទាំងស្រុង និង​ភស្តុតាង​ទាំង​ឡាយ​ណា​ដែល​លោក Mueller បាន​ប្រើ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ៕

XS
SM
MD
LG