ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយកើតឡើងនៅតំបន់កំពង់ផែនៃរដ្ឋធានីបេរុត ប្រទេសលីបង់កាលពីថ្ងៃអង្គារ ដែលបានបង្កឲ្យតំបន់មួយចំនួនរងការបំផ្លិចបំផ្លាញ ហើយបន្តខូចខាតជាបន្ដបន្ទាប់។
មន្ត្រីម្នាក់នៃកាកបាទក្រហមលីបង់បានឲ្យដឹងថា មនុស្សរាប់រយនាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លានេះ ប៉ុន្តែលោកនៅមិនទាន់ដឹងពីតួលេខជនរងគ្រោះពិតប្រាកដនៅឡើយទេ។
រូបភាពបង្ហាញពីហេតុការណ៍ផ្ទុះនេះ និងទិដ្ឋភាពខូចខាតក្រោយហេតុការណ៍នេះកើតឡើង បានបង្ហាញពីកម្ទេចកម្ទីកញ្ចក់បង្អួចបែក និងការបំផ្លិចបំផ្លាញផ្សេងទៀត ដែលស្ថិតនៅចម្ងាយរាប់គីឡូម៉ែត្រពីតំបន់កំពង់ផែនោះ។
គេនៅមិនទាន់ដឹងភ្លាមៗអំពីមូលហេតុដែលបង្កឲ្យហេតុការណ៍ផ្ទុះនេះកើតឡើងនៅឡើយទេ ប៉ុន្តែបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ថា ហេតុការណ៍ផ្ទុះនេះកើតឡើងក្នុងតំបន់កំពង់ផែ ដែលមានឃ្លាំងស្ដុកផាវ៕