ទិន្នន័យថ្មីពីការិយាល័យស្ថិតិអូស្រ្តាលីបង្ហាញថា ពលរដ្ឋមួយចំនួនកំពុងធ្វើការងារពីរ ឬច្រើនជាងនេះ ស្របពេលដែលគ្រួសារនានាកំពុងព្យាយាមទប់ទល់ការកើនឡើងនៃការចំណាយក្នុងការរស់នៅ។ អតិផរណាស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត ហើយពលរដ្ឋអូស្រ្តាលីកំពុងបង់ថ្លៃខ្ពស់បំផុតជាងគេនៅលើពិភពលោកសម្រាប់ចំណាយលើផ្នែកថាមពលប្រើប្រាស់។
«ពលរដ្ឋអូស្ត្រាលីនឹងត្រូវប្រឈមនឹងតម្លៃឧស្ម័ននិងអគ្គិសនីខ្ពស់ជាងគេបំផុតនៅលើពិភពលោកក្នុងពេលមិនយូរប៉ុន្មាននាពេលខាងមុខនេះ»។
ព័ត៌មានខាងលើនេះ វាជាព័ត៌មានមួយដែលពលរដ្ឋអូស្រ្តាលីជាច្រើនមិនចង់ឮ។ ការឡើងថ្លៃខ្ពស់នៅក្នុងតម្លៃថាមពលប្រើប្រាស់កំពុងធ្វើឱ្យវិបត្តិនៃការចំណាយក្នុងការរស់នៅកាន់តែអាក្រក់ឡើង។ នៅតំបន់ខ្លះនៅក្នុងប្រទេស តម្លៃបានកើនឡើងរហូតដល់២៥ភាគរយ។
តម្លៃថាមពលនៅអូស្រ្តាលីកើតឡើងដោយកត្តាមួយចំនួន។ អតិផរណាខ្ពស់បានបង្កផលប៉ះពាល់យ៉ាងខ្លាំង។ ហើយមានការដំឡើងដ៏ថ្លៃលើខ្សែអគ្គិសនីដែលចាស់ៗនិងបណ្តាញប្រព័ន្ធចែកចាយថាមពលផងដែរ។ បន្ទាប់មក អស្ថិរភាពនៃទីផ្សារថាមពលសាកលលោកដែលបង្កឡើងដោយសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។
នៅទីក្រុងស៊ីដនី គេហដ្ឋានគួរជាកន្លែងផ្តល់ភាពកក់ក្តៅក្នុងរដូវរងាសម្រាប់អ្នកស្រី Diana Olmos ដែលជាជនចំណាកស្រុកមកពីប្រទេសកូឡុំប៊ី ប៉ុន្តែអ្នកស្រីបានប្រាប់បណ្តាញផ្សាយក្នុងស្រុកថា ថ្លៃចំណាយកំពុងកើនឡើងបានធ្វើឱ្យអ្នកស្រីស្ទើរតែលែងមានលទ្ធភាពបង់ថ្លៃអគ្គិសនី។ អ្នកស្រីថ្លែងថា៖ «តម្លៃអគ្គិសនីកើនឡើងពី២០ទៅ២៥ភាគរយ។ ខ្ញុំមិនអាចបង់ថ្លៃទាំងនោះបានទេ។ ខ្ញុំមិនដឹងថាតើយើងអាចទ្រាំទ្ររស់នៅបាននាពេលនេះយ៉ាងដូចម្តេច ដោយមានការចំណាយរស់នៅខ្ពស់ ថ្លៃអគ្គិសនីកើនឡើងយ៉ាងខ្លាំង ហើយអាកាសធាតុធ្ងន់ធ្ងរណាស់»។
ពលរដ្ឋអូស្រ្តាលីជិតមួយលាននាក់ ឬប្រមាណ៧ភាគរយនៃកម្លាំងពលកម្មមានការងារពីរ ឬច្រើនជាងនេះ។ នេះបើតាមទិន្នន័យផ្លូវការចេញផ្សាយនាពេលថ្មីៗនេះដោយការិយាល័យស្ថិតិ។
លោក Gary Mortimer ជាសាស្រ្តាចារ្យផ្នែកទីផ្សារនិងចរិតអ្នកប្រើប្រាស់នៅសាកលវិទ្យាល័យបច្ចេកវិទ្យារដ្ឋ Queensland បានប្រាប់បណ្តាញទូរទស្សន៍អូស្ត្រាលី ABC ថា មនុស្សជាច្រើនកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ខណៈមនុស្សផ្សេងទៀតកំពុងកេងចំណេញពីកម្រិតទាបនៃអត្រាគ្មានការងារធ្វើ។ លោកថ្លែងថា៖ «ហេតុផលចម្បងគឺសោហ៊ុយក្នុងការរស់នៅ ហើយពួកគេត្រូវបង្ខំចិត្តស្វែងរកការងារទីពីរធ្វើបន្ថែមទៀត ប៉ុន្តែក៏មានក្រុមមនុស្សដទៃទៀតពាក់ព័ន្ធផងដែរ។ ខ្ញុំចង់មានន័យថាច្បាស់ណាស់មានក្រុមដែលកំពុងឆ្លៀតប្រយោជន៍អំពីរឿងនេះយើងមានអត្រាអ្នកគ្មានការងារធ្វើតែ៣,៥ ភាគរយ។ យើងមានការងារធ្វើគ្រប់គ្រាន់»។
តម្លៃអាហារនៅអូស្រ្តាលីបានកើនឡើងជាង៧ភាគរយក្នុងរយៈពេលមួយឆ្នាំមកនេះ។ តម្លៃធានារ៉ាប់រងក៏បានកើនឡើងផងដែរ។
តម្លៃអចលនៈទ្រព្យក៏បានកើនឡើងផងដែរ។ ធនាគារកណ្តាលបានដំឡើងអត្រាការ ប្រាក់១២លើក ចាប់តាំងពីខែឧសភា ឆ្នាំ២០២២មក ខណៈដែលធនាគារព្យាយាមរក្សាកម្រិតអតិផរណាដែលនៅពេលបច្ចុប្បន្ននេះមាន៦ភាគរយនៅអូស្រ្តាលី ដូចប្រទេសនូវែលសេឡង់ក្បែរខាងផងដែរ។ នៅក្នុងសហរដ្ឋអាមេរិក អតិផរណាដែលជាទូទៅមាន៤ភាគរយដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០២១ ដែលការធ្លាក់ចុះមួយភាគធំដោយសារការធ្លាក់ចុះថ្លៃប្រេងឥន្ធនៈ។
ប៉ុន្តែអតិផរណានៅអូស្រ្តាលីមានកម្រិតទាបជាងនៅចក្រភពអង់គ្លេស ដោយអត្រាអតិផរណាធ្លាក់ចុះមក ៧,៩ ភាគរយនៅខែមិថុនាពីចំនួន៨,៧ភាគរយនៅខែឧសភា។
ទោះយ៉ាងណាក្តី សម្រាប់ពលរដ្ឋអូស្រ្តាលីជាច្រើន ពួកគេនៅតែប្រឈមនឹងការលំបាកក្នុងជីវភាពរបស់ខ្លួន៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា