ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ញើ​កាត​ប្រៃសណីយ៍​ពី​ក្រុងTimbuktu ដំណើរការ​ឡើង​វិញ


នាយក​ប្រៃសណីយ៍​ក្រុង Timbuktu លោក Ousmane Aliou Maiga ជាមួយនឹង​លោក Ali Nialy មគ្គុទេសក៏​ទេសចរណ៍ និង​ប្រជាពលរដ្ឋក្នុងក្រុង Timbuktu។
នាយក​ប្រៃសណីយ៍​ក្រុង Timbuktu លោក Ousmane Aliou Maiga ជាមួយនឹង​លោក Ali Nialy មគ្គុទេសក៏​ទេសចរណ៍ និង​ប្រជាពលរដ្ឋក្នុងក្រុង Timbuktu។

សង្គ្រាម ដែល​នៅ​តែ​បន្ត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ម៉ាលី ​បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ ​ដែល​ជា​វិស័យ​ដ៏​ចម្បង​មួយ​នៃ​ប្រទេស​នេះ។​ ប៉ុន្តែ​នៅ​ក្នុង​ក្រុង Timbuktu ​អាជីវកម្ម​លើ​កាត​ប្រៃសណីយ៍ (postcard) កំពុង​តែ​មាន​ការ​លូត​លាស់​ខ្លាំង។ ​មគ្គុទេសក៍​​​ទេសចរណ៍​ ដែល​បាត់​បង់​ការងារ​ បាន​រក​កម្រៃ​ពី​គេហទំព័រ​មួយ ​ដែល​អនុញាត​ឲ្យ​មនុស្ស​នៅ​ជុំ​វិញ​ពិភពលោក​ផ្ញើ​នូវ​កាត​ប្រៃសណីយ៍​ដែល​បាន​បោះត្រា​រួច​ពី​ទីស្នាក់ការ​នៅ​វាលខ្សាច់​ដ៏​ល្បីល្បាញ​មួយ។ ​​

​ការិយាល័យ​ប្រៃសណីយ៍​ក្នុង​ក្រុងTimbuktu ​ខ្វះ​នូវ​បរិក្ខារ​សូម្បី​តែ​បង្អួច​ និង​ទ្វារ។​ គ្រឿង​សង្ហារឹម​តែ​មួយ​គត់​ដែល​មាន​នៅ​ក្នុង​អាគារ​ថ្ម​ទាប​មួយ​នោះ​គឺ ​តុ​មួយ​សម្រាប់​អ្នក​រត់​សំបុត្រ​តែ​ម្នាក់​គត់​នៅ​ក្នុង​ក្រុង​នោះ​ ដែល​មាន​ឈ្មោះ​ថា​ Ousmane Aliou Maiga។

សំបុត្រ​គរ​នៅ​ក្នុង​បន្ទប់​ជិត​នោះ ដែល​មាន​ដាក់ លិខិត​ វិក័យបត្រ​ ក្រដាស​ទាមទារ​បំណុល​នា​នា​ ។​ អ្នក​រស់​នៅ​ទីនោះ​ជា​ច្រើន​បាន​រត់​ភៀស​ខ្លួន​នៅ​ពេល​ដែល​ជម្លោះ​បាន​ផ្ទុះ​នៅ​ឆ្នាំ​២០១២។​

លោក Maiga​ ដែល​ជា​នាយក​ការិយាល័យ​ប្រៃសណីយ៍​នោះ​និយាយថា ​«ពួក​យើង​ត្រូវ​បាន​រដ្ឋ​បោះ​បង់ចោល។ ​អស់​រយៈ​ពេល​យ៉ាង​យូរ​ខ្ញុំ​មិន​រវល់​ទាំង​បើក​ការិយាល័យ​នោះ​ផង។​ គ្មាន​នរណា​ផ្ញើ​លិខិត​មក​ទៀត​ទេ។ ​ប៉ុន្តែ​ប្រហែល​ជា​ប៉ុន្មាន​ខែ​ក្រោយ​មក​នេះ​ លោក Ali បាន​ទៅ​យក​កាត​ប្រៃសីណីយ៍​របស់​គាត់។ ​តាំង​ពី​ពេល​នោះ​មក​ អ្វីៗ​ក៏​បាន​ល្អ​ប្រសើរ​ឡើង​វិញ»។

​លោក Ali Nialy ​គឺ​ជា​អតីត​មគ្គុទេសក៍​ទេសចរណ៍​ម្នាក់។ ​លោក​ និង​មគ្គុទេសក៍​ទេសចរណ៍​ឯ​ទៀត​មិន​អាច​នាំ​ភ្ញៀវ​ទេសចរណ៍​ដើរ​តាម​ដង​វិថី​ពោរពេញ​ដោយ​ខ្សាច់​នៅ​ក្នុងទីក្រុង​នេះ​ទៀត​ទេ។ ពួក​ជ្រុល​និយម​ឥស្លាម​បាន​កាន់​កាប់​ភាគ​ខាង​ជើង​នៃ​ប្រទេស​ម៉ាលី​នៅ​ឆ្នាំ​២០១២​ និង​ការ​គំរាម​កំហែង​ចេះ​តែ​បន្ត​កាត់​ផ្តាច់​ទេសចរណ៍​នៅ​តំបន់​នេះ។​

​ប៉ុន្តែ​នៅ​ឆ្នាំ​មុន​ លោក Nialy ​បាន​សហការ​ជាមួយ​ម្ចាស់​សណ្ឋាគារ​អាមេរិក​មួយ​នៅ​បាម៉ាកូ​ (Bamako) គឺ​លោក​ Phil Paoletta​ ដើម្បី​ផ្តួចផ្តើម​នូវ​គេហទំព័រ​ ដែល​មាន​ឈ្មោះ​ថា «កាត​ប្រៃសណីយ៍​ដែល​ផ្ញើ​ពី Timbuktu» (Postcards from Timbuktu)។​

​«សម្រាប់​មនុស្ស​ជា​ច្រើន​ ជា​ពិសេស​នៅ​សហរដ្ឋ​អាមេរិក ​វា​គឺ​ជា​កន្លែង​ដែល​មាន​តែ​នៅ​ក្នុង​ការ​ស្រមើរ​ស្រមៃតែ​ប៉ុណ្ណោះ។ ​វា​ដូច​ជា​ទីក្រុង​ស្រមើល​ស្រមៃ​មួយ ​ដែល​ស្ថិត​នៅ​តាម​ព្រំ​ប្រទល់​នៃ​វាល​ខ្សាច់​ដែល​សល់​ពីបុរាណ​កាល។ ​ពួក​គេ​មិន​ដឹង​ថា ​វា​ជា​ទីក្រុង​ពិត​ប្រាកដ​នោះ​ឡើយ​ ហើយ​ក៏​មិន​ដឹង​ថា​មាន​មនុស្ស​រស់​នៅ​ដែរ»។​

​ក្រុង Timbuktu ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​សតវត្សរ៍​ទី​៥ ​និង​ធ្លាប់​ជា​មជ្ឈមណ្ឌល​ប្រៃសណីយ៍​នៅ​តាម​វាល​ខ្សាច់​ដ៏​សំខាន់​មួយ​អស់​រយៈពេល​រាប់​សតវត្សរ៍។​

តាម​រយៈ​អ៊ីនធឺណិត ​ភ្ញៀវ​ឥឡូវ​បាន​ប្រាប់​លោក Nialy និង​អតីត​មគ្គុទេសក៍​ទេសចរណ៍​ដទៃ​ទៀត​អំពី​សារ​អ្វី​ដែល​ពួក​គេ​ចង់​ឲ្យ​គេ​សសេរ​នៅ​ក្នុង​កាត​ប្រៃសណីយ៍​នោះ។​

​លោក Nialy និយាយ​ថា​ «កាត​ខ្លះ​គឺ​ជា​សំបុត្រ​ស្នេហា​ពី​បុគ្គល​ដែល​មាន​អារម្មណ៍​ដោយ​សារ​តែ​កាត​ទាំង​នេះ​ត្រូវ​បាន​ផ្ញើ​មក​ពី​ទី​ឆ្ងាយ​ដូចជា​ទីក្រុង ​Timbuktu។​ វា​បង្ហាញ​អំពី​ជម្រៅ​ស្នេហា​របស់​ពួក​គេ។​ ​អ្នក​ខ្លះ​និយាយ​អំពី​ប្រវត្តិ​ និង​វប្បធម៌។ ​ខ្លះ​ទៀត​គឺ ​មក​ពី​មនុស្ស​ដែល​បាន​សិក្សា​ពី​ប្រវត្តិ​នៃ​ទីក្រុង​បុរាណ​ ហើយ​សង្ឃឹម​ថា ​បាន​ទៅ​លេង​ទីនោះ​ ប៉ុន្តែ​មិន​អាច​ទៅ​បាន​ដោយ​សារ​អសន្តិសុខ»។​

ដើម្បី​ផ្ញើ​កាត​មួយ​យើង​ត្រូវ​ចំណាយ​១០​ដុល្លារ។​ ពាក់​កណ្តាល​នៃ​ប្រាក់​ចំណេញ​បាន​ទៅ​លោក Nialy និង​ពាក់​កណ្តាល​ទៀត​បាន​ទៅ​ក្រុម​ការងារ​របស់​លោក។​

ហើយ​នៅ​ឯ​ការិយាល័យ​ប្រៃសណីយ៍​វិញ​ អ្នក​រត់​សំបុត្រ​តែ​មួយ​គត់​របស់​ក្រុង Timbuktu មាន​ភាព​មមាញឹក​ជាង​ពេល​ណាៗ​ទាំង​អស់។​

​គាត់​និយាយ​ថា​ «ខែ​មុន​ ​ខ្ញុំ​បាន​ផ្ញើ​កាត​លើស​ពី​២០០។​ លោក Ali ​គឺ​ជា​ភ្ញៀវ​សំខាន់​ជាង​គេ​របស់​ខ្ញុំ។​ ​ទោះ​បី​ជា​គាត់​មក​នៅ​ថ្ងៃ​សៅរ៍​ដូច​ថ្ងៃ​នេះ​ក្តី ខ្ញុំ​នឹង​បើក​ការិយាល័យ​សម្រាប់​គាត់»។​

កាត​ទាំង​នេះ​ជួយ​បង្ហាញ​ថា​ ក្រុង Timbuktu មិន​មែន​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​នោះ​ទេ​ ប៉ុន្តែ​ក៏​កំពុង​តែ​បើក​ដំណើរការ​ជា​ធម្មតា​ផង​ដែរ។​

ប្រែ​សម្រួល​ដោយ​ រីទ្ធី ឧត្តម

XS
SM
MD
LG