ទួរប៊ីនម៉ាស៊ីនកម្តៅនិងចំហាយទឹករបស់ក្រុមហ៊ុនផលិតអគ្គិសនីនៅប្រទេសកូតឌីវ័រឈ្មោះ Ciprel ដែលស្ថិតនៅដំណាក់កាលចុងក្រោយនៃគម្រោងមួយ ដែលមានតម្លៃ ៣៨២ លានដុល្លារ នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម Abidjan ត្រូវបានគេរំពឹងទុកថានឹងបង្កើនសមត្ថភាពផលិតសរុបរបស់ក្រុមហ៊ុន។ វាមានប្រហែលជា ៧០ភាគរយនៃកម្លាំងអគ្គីសនីចំនួន៥៥៦មេហ្គាវ៉ាត់ ដែលមានច្រើនជាង១ភាគ៤ នៃផលិតកម្មក្នុងស្រុកសរុប ហើយនឹងធ្វើឲ្យក្រុមហ៊ុន Ciprel ក្លាយជាក្រុមហ៊ុនអគ្គិសនីឯករាជ្យធំបំផុតមួយក្នុងប្រទេសនេះ។
នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ លោក Alassane Ouattara ប្រធានាធិបតីប្រទេសកូតឌីវ័រ បានសម្តែងការពេញចិត្តរបស់លោកដោយមានប្រសាសន៍ថា ប្រទេសនេះបានដើរជិតដល់គោលដៅរបស់ខ្លួន ក្នុងការឈានដល់សមត្ថភាពផលិតអគ្គិសនី ២.០០០មេហ្គាវ៉ាត់ឲ្យបានត្រឹមឆ្នាំ២០១៦។
លោកបានមានប្រសាសន៍ថា «ខ្ញុំពិតជាមានមោទនភាពណាស់ ក្នុងការនិយាយប្រាប់ប្រជាជនកូតឌីវ័រថា យើងមិនត្រឹមតែមានអគ្គិសនីប្រើប្រាស់ច្រើនជាងមុននោះទេ ប៉ុន្តែយើងក៏មានអគ្គិសនីដែលមានគុណភាពល្អ ដើម្បីធ្វើឲ្យជីវិតរស់នៅរបស់ប្រជាជនយើងប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើង និងជួយដល់ប្រទេសជិតខាងយើងផងដែរ»។
កូតឌីវ័រគឺជាប្រទេសផ្គត់ផ្គង់អគ្គិសនីនាំមុខគេមួយ ក្នុងចំណោមប្រទេសដ៏ទៃទៀតនៅបណ្តាប្រទេសនៅប៉ែកខាងលិចនៃទ្វីបអាហ្វ្រិក ដោយផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសជិតខាងដូចជាប្រទេសហ្គាណា (Ghana) ប្រទេសម៉ាលី (Mali) ប្រទេសប៊ូរគីណាហ្វាសូ (Burkina Faso) ប្រទេសតូហ្គោ (Togo) និងប្រទេសបេណាំង (Benin)។
លោក Adama Toungara រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលកូតឌីវ័រនិយាយថា ប្រទេសនេះបានវិនិយោគលក្ខណៈទ្រង់ទ្រាយធំក្នុងការបង្កើនផលិតផលអគ្គិសនីរបស់ខ្លួន ដើម្បីតាមឲ្យទាន់តម្រូវការដែលកំពុងកើនឡើង។
លោក Toungara បាននិយាយថា តម្រូវការអគ្គិសនីដែលកំពុងកើនឡើងនេះ ត្រូវបានព្យាករណ៍ថានឹងកើន១០ភាគរយជារៀងរាល់ឆ្នាំ ហើយមានទំនាក់ទំនងជាមួយកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា ដែលនាំកូតឌីវ័រទៅរកការចាប់ផ្តើមគម្រោងសាងសង់មួយចំនួនផ្សេងទៀត ទាក់ទងនឹងហេដ្ឋារចនាសម្ពន្ធ័អគ្គិសនីជាច្រើន។
លោក Toungara ក៏បានបន្តថាប្រទេសកូតឌីវ័រគ្រោងនឹងបង្កើនសមត្ថភាពផលិតអគ្គិសនីរបស់ខ្លួនច្រើនជាងមុនបីដងនៅត្រឹមឆ្នាំ២០៣០ ក្នុងការវិនិយោគដែលត្រូវបានព្យាករណ៍ថា មានតម្លៃ២២ពាន់លានដុល្លារ ដែលភាគច្រើនទទួលថវិកាពីវិស័យឯកជន។
ធនាគារពិភពលោកនិយាយថា កង្វះខាតថាមពលបានកាត់បន្ថយជាងពីរភាគរយនៃកំណើនប្រចាំឆ្នាំនៃផលិតផលក្នុងស្រុកសរុប (GDP)ជាមធ្យមក្នុងទ្វីបអាហ្រ្វិក។ នៅប្រទេសនីហ្សេរីយ៉ាការបាត់បង់នេះមានស្ទើរតែជិត៤ភាគរយក្នុងមួយឆ្នាំ៕
ប្រែសម្រួលដោយ ទុំ ម្លិះ