នៅពេលដែល Sidiki Diabaté ដែលជាកូនប្រុសរបស់លោក Toumani Diabaté សាស្រ្តាចារ្យឧបករណ៍តន្រ្តី Kora នៃប្រទេសម៉ាលីចង់ផ្សព្វផ្សាយស្នាដៃចម្រៀងចុងក្រោយបំផុត គាត់មិនបានទាក់ទងទៅខាងវិទ្យុ ឬក៏ខាងទូរទស្សន៏នោះទេ។ ផ្ទុយទៅវិញគាត់បានបញ្ចូនទៅអ្នកគ្រប់គ្រងរបស់គាត់ទៅផ្លូវ Fankélé Diarra ដើម្បីទៅជួបក្រុម «Telechargeurs»។
ក្រុមយុវជនទាំងនោះឈ្ងោកលើកំព្យូទ័ររបស់ពួកគេ។ ពួកគេផ្ទេរបទភ្លេងទៅទូរស័ព្ទដៃជាច្រើន និង USB ដោយយកត្រឹមតែ៤សេនក្នុង១បទ។ Sidiki គឺជាអ្នកចម្រៀងដែលគេសួររកច្រើនបំផុត។
ការចាក់ចម្រៀងរបស់គាត់នៅថ្ងៃដែលស្ងាត់មនុស្ស អាចទាក់ទាញបានអតិថិជនជាច្រើន។
អ្នកបញ្ចូលភ្លេងម្នាក់ឈ្មោះ Alfouseyni Ballo និយាយថា «ផ្លូវនេះដូចជាផ្សារមួយអញ្ចឹង។ បើសិនជាអ្នកចង់ឲ្យស្នាដៃចម្រៀងផ្សព្វផ្សាយដល់មនុស្សម្នាទូទៅ នេះជាកន្លែងដែលអ្នកត្រូវទៅ។ អ្នកមិនអាចលក់កាសែតនិង CD ចម្រៀងទៀតនោះទេ។ អ្នកគ្រប់គ្នាប្រើកាតផ្ទុកឯកសារ (Memory Card)»។
ការដាច់អគ្គិសនីជាញឹកញាប់ និងសេវាអ៊ិនធឺណិតមិនសូវល្អនិងដែលនៅតែមានតម្លៃថ្លៃសម្រាប់ប្រជាជនម៉ាលីជាច្រើននោះ បានបង្កើតឲ្យមានទីផ្សារពិសេសមួយសម្រាប់យុវវ័យនៅទីក្រុងដែលមានជំនាញផ្នែកបច្ចេកវិទ្យា។
លោក Alfouseyni Balloនិយាយថា «យើងស្គាល់ចម្រៀងដែលពេញនិយមជាច្រើន បទភ្លេងដែលធ្វើឲ្យមនុស្សរាំ។ មនុស្សគ្រប់គ្នាតែងតែស្វែងរកចម្រៀងណាដែលចេញថ្មីបំផុត។ បើសិនជាខ្ញុំចូលចិត្តចម្រៀងមួយណា ខ្ញុំនឹងណែនាំវា»។
បទចម្រៀងដែលមានការនិយមសួររកបំផុតនោះគឺ ចម្រៀងរ៉េបរបស់ម៉ាលី។
សព្វថ្ងៃនេះអ្នកចម្រៀងរ៉េប ជាមនុស្សតែម្នាក់ប៉ុណ្ណោះក្រៅពីអ្នកដឹកនាំសាសនា ដែលអាចធ្វើឲ្យពហុកីឡាដ្ឋានដ៏ធំរបស់ក្រុងបាម៉ាកូពោរពេញទៅដោយមនុស្សកុះករ។
ហើយអ៊ិនធឺណិតកំពុងជំរុញឲ្យឧស្សាហកម្មតន្រី្តអាហ្វ្រិកឆ្ពោះទៅរកគំរូអាជីវកម្មថ្មីយ៉ាងច្រើន ដែលអាចធ្វើឲ្យក្រុមហ៊ុនទូរស័ព្ទចល័តផ្សេងៗក្លាយជាក្រុមហ៊ុនចែកចាយតន្រ្តី។
ថ្មីៗនេះ អ្នកចម្រៀងរ៉េបរបស់ម៉ាលី លោក Mylmo បានចុះហត្ថាលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភដែលនឹងទទួលបានកម្រៃយ៉ាងច្រើនមួយជាមួយនឹងអ្នកផ្តល់សេវាទូរស័ព្ទ Orange Mali។ បទចម្រៀងដែលទើបតែចេញ អាចរកបានទិញបានតែជាមួយកម្មវិធីតន្រ្តីរបស់ក្រុមហ៊ុន Orange ប៉ុណ្ណោះ។ អ្នកចម្រៀងផ្សេងទៀតបានចុះកុងត្រាជាមួយក្រុមហ៊ុនទូរស័ព្ទចល័តម៉ាលីជាច្រើនទៀត ដូចជា Malitel ឬ Sotelma។
ប៉ុន្តែមិនមែនអ្នកចម្រៀងទាំងអស់សប្បាយចិត្តនៅពេលដែលចម្រៀងរបស់ពួកគេត្រូវបានចែកចាយនៅតាមផ្លូវនោះទេ។ អ្នកបញ្ចូលភ្លេងនៅតាមផ្លូវមិនបានចែករំលែកប្រាក់ចំណេញរបស់ពួកគេឡើយ។
លោក Coulibaly និយាយថា «បើសិនជាខ្ញុំមិនទាញយកចម្រៀងនោះទេ អ្នកផ្សេងទៀតនឹងធ្វើវា។ អ្នកចម្រៀងមួយចំនួននៅតែចេញអាល់ប៊ុមចម្រៀងរបស់ពួកគេ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យាថ្មី អ្វីគ្រប់យ៉ាងអាចរកបានតាមអ៊ិនធឺណិត។ អ្នកចម្រៀងទាំងនោះមិនលក់ចម្រៀងដើម្បីរកកម្រៃទៀតនោះទេ ពួកគេរកកម្រៃតាមការប្រគុំតន្រ្តីផ្សេងៗ»។
សហព័ន្ធតន្រ្តីករម៉ាលី បានព្យាយាមប្រយុទ្ធនឹងការលួចបទចម្រៀងខុសច្បាប់។ កាលពីឆ្នាំ២០១៤ រដ្ឋាភិបាលបានផ្តល់ថវិកាឲ្យសមាគមនោះនូវទឹកប្រាក់ចំនួន១ដុល្លារកាត់ចេញពីរាល់ការលក់ស៊ីមកាតរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត។ ប៉ុន្តែការយកកម្រៃពន្ធដូចនេះត្រូវបានច្រានចោលវិញតុលាការ។
ស្របពេលដែរនោះ ក្រុមហ៊ុនថតចម្រៀងដែលឈរជើងយូរមកហើយដូចជា Mali K7 កំពុងតែព្យាយាមប្រកួតជាមួយបច្ចេកវិទ្យាថ្មី និងវិធីសាស្រ្តក្នុងការចែកចាយ។ ហើយតន្ត្រីករទាំងនោះពឹងទៅលើអាពាហ៍ពិពាហ៍ ការប្រគុំតន្រ្តីដែលមិនងាយនឹងទទួលបានកម្រៃ និងការប្រគុំតន្រ្តីទេសចរណ៍អន្តរជាតិសម្រាប់អ្នកដែលមានសំណាងដើម្បីចិញ្ចឹមជីវិត៕
ប្រែសម្រួលដោយ ទុំ ម្លិះ