កម្លាំងប៉ូលិសនៅទីក្រុង Portland រដ្ឋ Oregon ភាគពាយ័ព្យសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករដែលតវ៉ានៅអគារមួយកន្លែងដែលជាទីតាំងនៃការិយាល័យប៉ូលិសនិងពន្ធនាគារ។
អាជ្ញាធរបានហៅការតវ៉ានេះថាជា «កុប្បកម្ម»។ ការតវ៉ាលើកនេះគឺជាការតវ៉ាថ្មីចុងក្រោយបំផុតនៃការតវ៉ាពេលយប់អស់រយៈពេលជាច្រើនខែកន្លងមក។ អាជ្ញាធរថា នៅក្នុងការតវ៉ាលើកនេះ បាតុករខ្លះបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដូចជាការដុតភ្លើងនិងដុតកាំជ្រួចនៅក្រៅបរិវេណតុលាការសហព័ន្ធជាដើម។
បាតុកម្មទាំងនេះបានផ្ទុះឡើងដំបូងក្រោយពីមានការស្លាប់របស់ពលរដ្ឋអាមេរិកស្បែកខ្មៅលោក George Floyd ក្រោមសមត្ថកិច្ចប៉ូលិស នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota កាលពីចុងខែឧសភាកន្លងទៅនេះ។
ការតវ៉ានៅទីក្រុង Portland នេះ និងនៅតំបន់ជាច្រើនកន្លងមកនៅទូទាំងសហរដ្ឋអាមេរិកមានបំណងទាមទារឲ្យមានកំណែទម្រង់ប៉ូលិស និងវិធានការដោះស្រាយបញ្ហាវិសមភាពខាងជាតិសាសន៍នៅក្នុងសហរដ្ឋអាមេរិក។
ការតវ៉ានៅក្នុងទីក្រុង Portland នេះបានទទួលចំណាប់អារម្មណ៍ខ្លាំង ក្រោយពេលរដ្ឋាភិបាលអាមេរិកបានបញ្ជូនកងកម្លាំងសហព័ន្ធទៅទប់ទល់នឹងការតវ៉ាទាំងនេះ បើទោះបីជាមានការប្រឆាំងពីអាជ្ញាធរមូលដ្ឋានក្តី។ ពេលនេះកងកម្លាំងសហព័ន្ធទាំងនេះត្រូវបានដកចេញវិញហើយ៕