សម្តេចប៉ាប Francis នឹងថ្លែងសុន្ទរកថាទៅកាន់ក្រុមមេដឹកនាំពិភពលោកនៅក្នុងមហាសន្និបាតអ.ស.បនៅថ្ងៃសុក្រនេះ ដែលនៅទីនោះគេរំពឹងថាសម្តេចនឹងផ្តោតទៅលើការប្រែប្រួលអាកាសធាតុ និងបញ្ហាជនអន្តោប្រវេសន៍។
បន្ទាប់ពីបានយាងទៅដល់បូរី New York កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានចំណាយពេល៣ថ្ងៃយ៉ាងមមារញឹកក្នុងរដ្ឋធានីវ៉ាស៊ីនតោន សម្តេចប៉ាបបានសម្តែងនូវការអាណិតអាសូរដល់ជនមូស្លីម ដែលបានស្លាប់ដោយសារការរត់ជាន់គ្នាក្នុងពិធីសាសនា Hajj នៅពេលដែលសម្តេចធ្វើពិធីសូត្រមន្តពេលយប់នៅវិហារ Saint Patrick ។
សម្តេចប៉ាបក៏បានសម្តែងនូវការលួងលោមចិត្ត ជូនពួកអ្នកដែលបានរងគ្រោះក្នុងវិបត្តិរំលោភផ្លូវភេទដោយសារវិហារសាសនារ៉ូម៉ាំងកាតូលិកផងដែរ។
សម្តេចក៏នឹងយាងទៅកាន់សាលាមួយក្នុងតំបន់ Harlem ព្រមទាំងទៅធ្វើទស្សនកិច្ចនៅកន្លែងវាយប្រហារដោយពួកភេរវជននៅថ្ងៃទី១១កញ្ញាផងដែរ។
នៅថ្ងៃសៅរ៍ សម្តេចនឹងយាងទៅកាន់ទីក្រុងPhiladelphia ចំនួន២ថ្ងៃ ដែលជាកន្លែងសំចតចុងក្រោយរបស់សម្តេច៕