នៅក្រោមមេឃស្រទុំ សម្តេចប៉ាប Francis បានយាងមកដល់មូលដ្ឋានកងទ័ពអាកាស Andrews ក្នុងរដ្ឋ Maryland កាលពីរសៀលថ្ងៃអង្គារដើម្បីបំពេញព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រទីមួយរបស់ព្រះអង្គក្នុងស.រ.អា។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរអ៊ីតាលី Alitalia ដែលសម្តេចប៉ាបគង់ក្នុងនោះបានចុះដល់ដីនៅម៉ោង៣ និង៤៩រសៀលនៅក្នុងមូលដ្ឋានកងទ័ពអាកាសនេះដែលឋិតនៅជាយរដ្ឋធានីវ៉ាស៊ីនតោន។ លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា លោកស្រី Michelle Obama ជាភរិយាលោក និងកូនស្រីទាំងពីរនាក់របស់លោក ព្រមទាំងក្រុមមន្ត្រីអាមេរិកាំងឯទៀតៗបានរង់ចាំទទួលព្រះអង្គនៅអាកាសយានដ្ឋាននោះ។
ក្រុមបព្វជិតដែលមានសម្លៀកបំពាក់តាមប្រពៃណីសាសនាកាតូលិកក៏បានទៅទទួលព្រះអង្គដែរ។ មានមនុស្សរាប់រយនាក់បានទៅអបអរសាទរទទួលព្រះអង្គនៅជិតកន្លែងយន្តហោះចុះចត។
ក្រុមអ្នកអបអរសាទរទទួលព្រះអង្គបានស្រែកបន្ទរថា «សម្តេចប៉ាប Francis! សម្តេចប៉ាប Francis!»
ក្រុងវ៉ាស៊ីនតោនជាកន្លែងឈប់សំចតទីមួយរបស់ព្រះអង្គនៅក្នុងព្រះរាជទស្សនកិច្ច៦ថ្ងៃបស់ព្រះអង្គក្នុងក្រុងបីនៅឆ្នេរសមុទ្រខាងកើតស.រ.អា.គឺ ក្រុងវ៉ាស៊ីនតោន ក្រុងញូវយ៉ក និងក្រុង Philadelphia។ នឹងមានការប្រជុំមហាគ្រួសារពិភពលោកនៅកន្លែងឈប់សំចតចុងក្រោយបង្អស់របស់ព្រះអង្គនៅចុងសប្តាហ៍នេះ៕