សម្តេចប៉ាបហ្វ្រង់ស៊ីស (Francis) បានប្រារព្ធពិធីសូត្រធម៌ទៅកាន់មហាជនកាលពីថ្ងៃអាទិត្យនៅក្នុងក្រុងឡាហាវ៉ានដោយព្រះអង្គបានព្រមានប្រជារាស្ត្រគុយបាអំពីគ្រោះថ្នាក់នៃមនោគមវិជ្ជា។
ថ្លែងទៅកាន់មនុស្សរាប់ម៉ឺននាក់ដែលនៅពេញទីលានបដិវត្តន៍ជាប្រវត្តិសាស្ត្រនៃក្រុងឡាហាវ៉ាន សម្តេចប៉ាបបានមានព្រះបន្ទូលនៅក្នុងការសម្តែងទេសនារបស់ព្រះអង្គថា«សេវាកម្មមិនមែនជាមនោគមវិជ្ជាទេ ពីព្រោះយើងមិនបម្រើគំនិតទេ យើងបម្រើប្រជារាស្ត្រ។ លោកអ្នកមិនត្រូវមិនអើពើដល់ក្រុមមនុស្សឯទៀតសម្រាប់ផែនការដែលអាចជាការប្រលោមទេ ក៏ប៉ុន្តែមិនត្រូវខ្វល់ខ្វាយអំពីមុខមាត់របស់មនុស្សដែលនៅជិតលោកអ្នក»។
ព្រះរាជទស្សនកិច្ចរបស់សម្តេចប៉ាប Francis កំណត់ពេលដែលមានការផ្លាស់ប្តូរមួយសម្រាប់អង្គការព្រះវិហារគ្រឹស្តសាសនាកាតូលិកនៅក្នុងប្រទេសគុយបា ដែលបានត្រូវចាត់ទុកថាជា ការបន្ទាប់បន្សំជាច្រើនឆ្នាំមកហើយនៅក្រោមការត្រួតត្រាកុម្មុយនិស្តរបស់លោក Fidel Castro ក៏ប៉ុន្តែបានរើបឡើងវិញបន្តិចម្តងៗជាកម្លាំងខ្លាំងមួយនៅក្នុងប្រទេសជាកោះនេះក្នុងតំបន់សមុទ្រការ៉ាអ៊ីព។
សម្តេចប៉ាបមិនបានមានព្រះបន្ទូលដោយផ្ទាល់អំពីការគ្រប់គ្រងជាច្រើនទសវត្សរ៍នៃគណបក្សកុម្មុយនិស្តទេ ក៏ប៉ុន្តែព្រះអង្គបានមានព្រះបន្ទូលប្រាប់ហ្វូងមនុស្សថា«ក្រុមអ្នកកាន់គ្រឹស្តសាសនាបានត្រូវអំពាវនាវជាទៀងទាត់ឲ្យទុកការប៉ងប្រាថ្នាផ្ទាល់ខ្លួន និងការស្វែងរកអំណាចរបស់ពួកគេដោយឡែក ហើយត្រូវជួយក្រុមជនដែលងាយរងគ្រោះបំផុត»។
បន្ទាប់ពីពិធីសូត្រធម៌នេះ សម្តេចប៉ាប Francisមានកំណត់នឹងជួបជាផ្លូវឯកជនជាមួយលោកប្រធានាធិបតីគុយបា Raul Castro ហើយព្រះអង្គប្រហែលជាយាងទៅសួរសុខទុក្ខបងប្រុសលោក Raul Castro ដែលមានជំងឺ និងជាអ្នកកាន់តំណែងមុនលោកគឺលោក Fidel Castro ដែលមានអាយុ៨៩ឆ្នាំ។ នៅពេលបន្ទាប់មកព្រះអង្គនឹងសូត្រធម៌នៅពេលល្ងាចជាមួយក្រុមបព្វជិត និងមន្ត្រីព្រះវិហារគ្រឹស្តសាសនាមួយក្រុមនៅមុនពេលព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមយុវជនមួយក្រុមនៅក្នុងមជ្ឈមណ្ឌលវប្បធម៌មួយ៕