សម្តេចប៉ាប Francis នឹងមកដល់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីសកលលោកទៅលើវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសនេះ។
មេដឹកនាំវិហារសាសនាគ្រិស្តនិកាយ Roman Catholic រូបនេះនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសបង់ក្លាដែសនៅថ្ងៃព្រហស្បតិ៍។
កាលវិភាគរបស់សម្តេចប៉ាប មិនមានការធ្វើទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួនទេ ប៉ុន្តែលោកមានគម្រោងនឹងជួបជាមួយនឹងជនអំបូររ៉ូហ៊ីងយ៉ាមួយក្រុមតូចនៅក្នុងរដ្ឋធានី ដាកា នៃប្រទេសបង់ក្លាដែស។
សម្តេចប៉ាប Francis បានថ្លែងទៅកាន់វិទ្យុវ៉ាទីកង់ ថា «ខ្ញុំមកដើម្បីប្រកាសជាសាធារណៈអំពីសាររបស់ព្រះយេស៊ូ ដែលជាសារនៃការផ្សះផ្សារគ្នា អត់ឱនឲ្យគ្នា និងសន្តិភាព។ ទស្សនកិច្ចរបស់ខ្ញុំគឺដើម្បីបញ្ជាក់ថា សហគមន៍សាសនាគ្រិស្តនិកាយ Catholic នៅមីយ៉ាន់ម៉ាគោរពបូជាព្រះជាម្ចាស់និងជាសាក្សីនៃសាររបស់ព្រះយេស៊ូ»។ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសមីយ៉ាន់ម៉ានិងប្រទេសបង់ក្លាដែសបានព្រមព្រៀងគ្នាទទួលយកជនអំបូររ៉ូហ៊ីងយ៉ារាប់សែននាក់ដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ដើម្បីគេចខ្លួនពីអំពើហិង្សា នៅក្នុងរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមមន្ត្រីនៃប្រទេសទាំងពីរ។
ទោះជាមានកិច្ចព្រមព្រៀងនេះក៏ដោយ ក៏មេគណៈសាសនាគ្រិស្តនិកាយ កាតូលិក Patrick D'Rozario ប្រចាំរដ្ឋធានី ដាកា បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំងAFP ថា ស្ថានភាព «នៅតែមានគ្រាប់មិនផ្ទុះជាច្រើនហើយពិបាកនឹងដោះស្រាយ»។ លោកបានបន្តថា «ខ្ញុំសង្ឃឹមថា ជនអំបូររ៉ូហ៊ីងយ៉ា អាចត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញបាន»៕