ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ផែនការ​នានា​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប​នៅ​ស.រ.អា


ទង់ជាតិ​អាមេរិក​បក់​រវិចៗ​ នៅ​ពី​មុខ​រូប​របស់​សម្តេច​ប៉ាប​ Francis នៅ​ម្ខាង​នៃ​អគារ​មួយ​នៅ​ក្នុង​តំបន់​ប្រជុំជន​ Manhattan នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥។

​សម្តេច​ប៉ាប​​យាង​ទៅ​កាន់​ស.រ.អា​នា​​ចុង​ខែ​​នេះ​ ហើយ​ព្រះ​អង្គ​មាន​គម្រោង​ជាច្រើន​នៅ​ទី​នោះ​ដែល​ក្នុង​នោះ​មាន​ការ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​​អាមេរិក ​និង​ទៅ​កាន់​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ។

នៅ​ពេល​ដែល​សម្តេច​ប៉ាបយាង​មក​កាន់​ស.រ.អា​ នាចុង​ខែនេះ​ ព្រះ​អង្គ​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភាអាមេរិក ​និង​ទៅ​កាន់​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ។ ព្រះអង្គ​ក៏​នឹង​ប្រកាស​អំពី​បរិសុទ្ធភាព​នៃ​មេដឹកនាំ​សាសនា​ដ៏​ចម្រូង​ចម្រាស​ម្នាក់​ដែល​ទទួល​អនិច្ចកម្ម។ ព្រះអង្គ​ក៏​នឹង​ថ្លែង​ទៅ​កាន់​មហាជន​នៅ​ក្នុង​ការ​ប្រជុំ​មហា​គ្រួសារ​ពិភពលោក​នៅ​ក្នុង​ក្រុង ​Philadelphia ​ដែល​ត្រូវ​បាន​គេ​គិត​ទុក​ថា​ នឹង​ទាក់ទាញ​អ្នកចូលរួម​ដល់​ទៅ​១លាន​នាក់។ សម្តេច​ប៉ាប​ក៏​នឹង​យាង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាលា​កាតូលិក​មួយ​នៅ​ក្នុង​សង្កាត់​ East Harlem ក្នុង​បុរី​ញូវយ៉ក​ផងដែរ។

គេហទំព័រ​របស់​សាលា ​Our Lady Queen of Angels និយាយ​ថា​ មនុស្ស​ទាំង​អស់​នៅ​ក្នុង​សាលា​នេះ ​«គឺ​ជា​ចំណុច​ដែល​សម្តេចប៉ាប​ ផ្តោត​ការ​យកចិត្ត​ទុកដាក់នៅ​ក្នុងដំណើរ​ទស្សនកិច្ចរបស់​ព្រះ​អង្គ ដែល​សហគម​នេះ​ជា​រឿយៗ​មិន​មាន​ឱកាស​បញ្ចេញមតិ​ដូច​អ្នក​ដទៃ​នៅ​ក្នុង​សហគមន៍​ជនអន្តោប្រវេសន៍​នោះ​ទេ»។ សាលា​ខាង​លើ​នេះ​បាន​រៀប​រាប់​បញ្ជាក់​ថា «សិស្ស​របស់​ខ្លួន​មាន​ចំនួន​៧០ភាគរយ​ជា​ជន​ដែល​និយាយ​ភាសា​អេស្ប៉ាញ​ និង​២២ភាគរយ​ជា​ជនជាតិ​អាមេរិកាំង​កាត់​អាហ្វ្រិក» ដែល​ក្នុង​នោះ​ មាន​សិស្ស​៦៩ភាគរយ​មាន​សមត្ថភាព​សមស្រប​នឹង​ទទួល​បាន​អាហារូបករណ៍​ផ្អែក​លើ​តម្រូវការ។

មេដឹកនាំវិហាររ៉ូមាំង​កាតូលិក​របស់​ពិភពលោក​រូប​នេះ​ នឹង​យាង​ទៅ​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃអង្គារ ទី២២ ខែកញ្ញា ហើយ​នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ដែល​មាន​កម្មវិធី​យ៉ាង​ច្រើន​របស់​ព្រះអង្គ​នៅ​ថ្ងៃ​បន្តបន្ទាប់ ដែល​រួម​មាន​ដូចជា​ ជំនួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​នៅ​ឯ​សេតវិមាន និង​ការ​ប្រកាស​បរិសុទ្ធភាព​ដល់លោក​ Junipero Serra ដែល​ជា​បេសកជន​ទទួល​មរណភាព​នៅ​ក្នុង​សតវត្សរ៍​ទី១៨។ ការ​ប្រកាស​បរិសុទ្ធភាព​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​ការ​ជួប​ជុំ​ជាមួយ​មហាជន​នៅ​លើ​ទីលាន​មួយ​នៅ​ឯ​ទី​សក្ការបូជា​ជាតិ​នៃ​ការ​ចាប់​បដិសន្ធិ​ភាពបរិសុទ្ធ​ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា National Shrine of the Immaculate Conception។ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​ជា​ភាសា​អេស្ប៉ាញ ជា​ភាសា​ដើម​របស់​សម្តេចប៉ាប​ Francis ដែល​លោក​ជា​អតីត​អាចារ្យ​មួយ​រូប​នៅ​ក្នុង​រដ្ឋធានី​ប៊ុយណូស៊ែ (Buenos Aires)។

មិនមែន​បរិសុទ្ធ​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ

មនុស្ស​មួយ​ចំនួន​មាន​ចម្ងល់​អំពី​ការ​ជ្រើស​រើស​លោក​ Serra ​សម្រាប់​ការ​ប្រកាស​បរិសុទ្ធភាព​នេះ។ អ្នក​នៅ​ព្រះវិហារ​យល់​ឃើញ​ថា លោក​ Serra ជា​បេសកជន​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត​មួយ​រូប​ដែល​បាន​កសាង​វិហារ​កាតូលិក​ជាច្រើន​នៅ​ក្នុង​រដ្ឋ ​California​ ដែល​ទង្វើ​នេះត្រូវ​បាន​គេ​ស្គាល់​ថា «ជា​បេសកកម្ម»។ អ្នក​រិះគន់​និយាយ​ថា លោក Serra បាន​បំផ្លាញ​វប្បធម៌របស់​ជនជាតិ​ដើម​អាមេរិក​នៅ​ក្នុង​រដ្ឋ​ California ​ដោយ​បាន​កាត់​ផ្តាច់​ជនជាតិ​ដើម​ពី​ភាសា​និង​វប្បធម៌​ប្រពៃណី​របស់​ពួកគេ និង​បាន​ចាប់​អ្នក​ដែល​ផ្លាស់ប្តូរ​មក​កាន់​សាសនា​គ្រិស្ត​ធ្វើ​ជា​ទាសករ ព្រមទាំង​បាន​នាំ​យក​ជំងឺ​មក​ជាមួយ​ដែលនាំ​ឲ្យ​មាន​ការ​ស្លាប់​ជនជាតិ​ដើមអាមេរិក​ជាច្រើន។

នៅ​ថ្ងៃទី​២៤ ខែកញ្ញានេះ​ សម្តេច​ប៉ាប​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​កិច្ចប្រជុំ​រួម​គ្នា​មួយ​របស់​សភា​អាមេរិក។ បន្ទាប់​មក ព្រះ​អង្គ​នឹង​ជួប​ជាមួយ​មនុស្ស​ដែល​គ្មាន​ផ្ទះ​សម្បែង​នៅ​ឯ​វិហារ​កាតូលិក​មួយ​នៅ​ទីប្រជុំជន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ដំណើរ​ទស្សនកិច្ចនៅ​ទីស្នាក់ការ​កណ្តាល​អ.ស.ប

នៅ​ថ្ងៃ​បន្ទាប់ សម្តេច​ប៉ាប​ Francis​ នឹង​ស្ថិត​នៅ​ទីក្រុង​ញូវយ៉ក​ដើម្បី​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប​ ព្រម​ទាំង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហាសន្និបាត​របស់​អង្គការ​ពិភពលោក​មួយ​នេះ។ គេ​រំពឹង​ថា​ ព្រះអង្គ​នឹង​ជួប​ពិភាក្សា​ជាមួយ​អ្នក​ការទូត​អំពី​វិបត្តិ​ជន​ភៀស​ខ្លួន​នៅ​អឺរ៉ុប​ផង​ដែរ។ សម្តេច​ប៉ាប​បាន​ជំរុញ​សហគមន៍​នានា​គ្រប់គ្រង​ដោយ​ជន​កាតូលិក​នៅ​អឺរ៉ុប​ ឲ្យ​ទទួល​យក​ជន​ភៀស​ខ្លួន​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​មួយ​គ្រួសារ។ នៅ​ថ្ងៃ​សុក្រ​ សម្តេច​ប៉ាប​នឹង​ចូល​រួម​ពិធី​អន្តរសាសនា​មួយ​នៅ​កន្លែង​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​ Ground Zero សម្រាប់​ជន​រងគ្រោះ​ដោយការ​វាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃទី១១ ខែកញ្ញា ហើយ​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាលា East Harlem​ ផងដែរ។ ព្រះអង្គ​ក៏​នឹង​បញ្ចប់​ទស្សនកិច្ច​ដោយ​មាន​ការ​ជួបជុំ​ជាមួយ​មហាជន​នៅ​សួន​ Madison Square Garden ដែល​អាច​ផ្ទុក​មនុស្ស​បាន​ដល់​ទៅ​២០.០០០នាក់។​

នៅ​ក្នុង​ក្រុង Philadelphia នៅ​ថ្ងៃទី​២៦ ខែកញ្ញា បន្ទាប់​ពី​ការ​ជួបជុំ​មហាជន​នៅ​វិហារ​ Saints Peter and Paul សម្តេច​ប៉ាប​នឹង​ជួប​ជាមួយ​ជន​អន្តោប្រវេសន៍​និយាយ​ភាសាអេស្ប៉ាញ​និង​ជន​អន្តោប្រវេសន៍​ដទៃ​ទៀត​នៅ​សាល​ឯករាជ្យ​ (Independence Hall)។ បន្ទាប់​មក​ ព្រះអង្គ​នឹង​ជួប​ជាមួយ​ទណ្ឌិត​នៅ​មណ្ឌល​អប់រំ Curran-Fromhold។

នៅ​មុនដំណើរ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ទៅ​កាន់​ស.រ.អា​ សម្តេច​ប៉ាប​នឹង​ឈប់​សំចត​នៅ​ក្នុង​ប្រទេស​គុយបា​ ជាទី​ដែល​គេ​រំពឹង​ទុក​ថា​ នឹង​មាន​ពិធី​អបអរសាទរទស្សនកិច្ច​របស់​ព្រះអង្គ​ដោយ​ការ​លើក​លែង​ទោស​ និង​ដោះលែង​ទណ្ឌិត​រាប់​ពាន់​នាក់។ បុរស​និង​ស្រ្តី​ចំនួន​៣.៥២២នាក់​ដែល​នឹង​ត្រូវលើក​លែង​ទោស​ រួម​មាន​អ្នក​ដែល​មាន​វ័យ​លើសពី​៦០ឆ្នាំ និង​តិច​ជាង​២០ឆ្នាំ​ដែល​មិន​ធ្លាប់​មាន​កំណត់ត្រា​ព្រហ្មទណ្ឌ​ពី​មុន អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ និង​ទណ្ឌិត​ដែល​រយៈ​ពេល​ជាប់​ពន្ធនាគារ​របស់​ខ្លួនត្រូវ​ដល់​ទីបញ្ចប់​នៅ​ចុង​ឆ្នាំ​ក្រោយ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG