និមិត្តរូបចម្រៀងប៉ុម Prince បានទទួលមរណភាពហើយក្នុងជន្មាយុ៥៧ឆ្នាំ។ សារព័ត៌មានចុះផ្សាយថា លោកបានស្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅក្នុងគេហដ្ឋានរបស់លោកក្នុងទីក្រុង Minneapolis រដ្ឋ Minnesota នៅសហរដ្ឋអាមេរិក។ ព័ត៌មានលម្អិតនៅមិនទាន់ត្រូវបានគេរាយការណ៍នៅឡើយទេ។
តារាចម្រៀងដែលមានឈ្មោះពីកំណើតថា Prince Rogers Nelson ដែលមានទេពកោសល្យជាច្រើន និងមានឥទ្ធិពលបានល្បីល្បាញតាមរយៈបទចម្រៀងមួយចំនួនដូចជា បទ «១៩៩៩» បទ «Little Red Corvette» និងបទ «Purple Rain» នៅក្នុងអាល់ប៊ុមចម្រៀង និងភាពយន្តឆ្នាំ១៩៨៤។
លោកបានលក់ដាច់អាល់ប៊ុមចម្រៀងជាង១០០លាននៅទូទាំងពិភពលោក បានឈ្នះពានរង្វាន់ Grammy ចំនួន៧ដង និងពានរង្វាន់ Oscar សម្រាប់បទចម្រៀង «Purple Rain» ថាជាបទចម្រៀងដែលល្អជាងគេបំផុត។
លោក Prince បានចូលរួមក្នុងមហោស្រព Rock and Roll Hall of Fame កាលពីឆ្នាំ២០០៤។
សារមួយដែលបានបង្ហោះលើគេហទំព័ររបស់មហោស្រព Rock and Roll Hall of Fame បានសរសេរថា «លោកបានសរសេរបទដ្ឋានថ្មីឡើងវិញ ដែលបានជួយដល់វិស័យចម្រៀងរ៉ុកកាលពីទសវត្សរ៍១៩៨០។ Prince បាននិពន្ធបទចម្រៀងរ៉ុកឲ្យកាន់តែល្បីល្បាញ»។
តន្ត្រីករ សិល្បករ និងអ្នកគាំទ្រសិល្បករ បានបង្ហោះសារលើបណ្តាញសង្គម Twitter បញ្ចេញអារម្មណ៍តក់ស្លុតនិងសោកស្តាយចំពោះព័ត៌មាននៃការស្លាប់របស់លោក Prince។
វីដេអូមួយដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍បានបង្ហាញពីក្រុមអ្នកគាំទ្រសិល្បករមួយក្រុមតូចប្រមូលផ្តុំគ្នានៅខាងក្រៅស្ទូឌីយូ Paisley Park របស់លោក Prince៕