ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនិពន្ធខ្មែរ​អាមេរិកាំង​នាំ​យក​បទភ្លេង​កំដ​ “អាទិទេព​ក្រុងអង្គរ”


រូប​ចម្លាក់​សំរិទ្ធិ​ខ្មែរ​បញ្ជូន​មក​តាំង​ពិព័រណ៍​វ៉ាស៊ីនតោន។​
រូប​ចម្លាក់​សំរិទ្ធិ​ខ្មែរ​បញ្ជូន​មក​តាំង​ពិព័រណ៍​វ៉ាស៊ីនតោន។​

ពិព័រណ៍​រូបចម្លាក់​ស្នាដៃ​សំរិទ្ធ​ខ្មែរ​ដែល​មាន​ឈ្មោះ​ថា​ “អាទិទេព​ក្រុង​អង្គរ”​កំពុងបើកឱ្យភ្ញៀវចូល​ទស្សនា​នៅ​សារៈមន្ទីរ​ Sackler ​នា​ទីក្រុង​វ៉ាស៊ីនតោន​រហូត​ដល់​ដើម​ឆ្នាំ​២០១១។

ស្របពេល​ជាមួយ​គ្នា​នេះ​ដែរមានការប្រគុំ​តន្រ្តី​ដែល​ជា​ទំនុក​និពន្ធ​របស់​លោក​ អ៊ឹង​ ជិន​ណា​រី អ្នក​និពន្ធ​ខ្មែរ​ អាមេរិកាំង​ដ៏​ល្បី​ឈ្មោះម្នាក់ដើម្បីអប​អរដល់ការតាំងពិព័រណ៍​នេះ​ផង​ដែរ។

លោក​ម៉ែន គឹមសេង​បាន​ចូលរួម​ក្នុង​ការ​ប្រគុំ​តន្រ្តី​នេះ​ សូម​ជូន​សេចក្តី​រាយ​ការណ៍​ដូច​ត​ទៅ៖

សូរសំឡេងដ៏គ្រលួច​ដែល​ចេញ​មក​ពី​ខ្លុយ​ដែល​ជា​ឧបករណ៍​ភ្លេង​បស្ចឹម​ប្រទេស​បូក​រួម​ជាមួយ​និង​សំឡេង​ព្យ៉ាណូ​ វីយូឡុង ​និង​ហ្គីតា​ ដែល​ប្រគុំ​ទៅតាម​ទំនុក​បទភ្លេង​ ដែល​និពន្ធ​ដោយ​លោកអ៊ឹង ជិនណារី ​បាន​អូស​ទាញ ​អង្រួន​បេះដូង​អ្នក​ចូលរួម​ទស្សនា​ការ​ប្រគុំ​តន្រ្តីក្នុងរាត្រី​ដ៏​កម្រនៅ​កណ្តាល​ទីក្រុង​វ៉ាស៊ីនតោន​ឱ្យ​ភ្ញាក់​ផ្អើល​នឹង​ទឹកដៃ​និពន្ធ​ដ៏ល្អ​ឯក​របស់​អ្នក​និពន្ធទំនុក​ភ្លេងជាតិ​ខ្មែរ​អាមេរិកាំង​ដែល​ទស្សនិកជន​ភាគច្រើន​បាន​ឮ​ជាលើក​ដំបូង។

ការ​ប្រគុំតន្ត្រីកាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នៅ​សារៈមន្ទីរ​ Sackler ​កន្លង​មក​នេះ​គឺ​ដើម្បី​ជាការ​ចូល​រួមដល់​ការ​តាំង​ពិព័រណ៍​ស្នាដៃ​សំរិទ្ធខ្មែរ​ដែល​បាន​យក​មក​ពី​សារៈមន្ទីរ​ជាតិ​កម្ពុជា។ ​ការ​ប្រគុំ​តន្រ្តីនេះ​ធ្វើឡើង​ដោយ​ក្រុម​ដែលមាន​ឈ្មោះ​ថា​ "Da ​Capo​ Chamber ​Players”។

លោក​អ៊ឹង ជិនណារី​បាន​រៀបរាប់​ពី​ខ្លឹមសារ​នៃ​ការ​និពន្ធ​បទភ្លេង​របស់​លោក​ប្រាប់​វីអូអេ​ថា ​វា​ជា​ការ​បញ្ចូល​គ្នា​រវាង​វប្បធម៌​ខ្មែរ​និង​អ្វី​ដែល​លោក​បាន​រៀន​សូត្រ​ពី​បស្ចឹម​ប្រទេស។

“បញ្ហានេះគឺថា​ វា​ទាក់ទង​ទៅ​នឹង​វប្បធម៌​ខ្មែរ​យើង ​ទាក់ទង​ខាង​តន្រ្តី​ខ្មែរ​យើង​ ហើយ​ពាក្យ​ពេចន៍​ ជួនកាល​ ខ្ញុំប្រើជា​បាលី​ និង​សំស្រ្កឹត​និង​ពាក្យ​ពេចន៍​ជា​ខ្មែរ​យើង​ ហើយនិង​ក្បួន​ច្បាប់​ដែល​ខ្ញុំបាន​រៀន​ចេះ​នៅ​បស្ចឹម​ប្រទេស"។

ការ​ប្រគុំ​តន្រ្តី​នា​រាត្រី​នោះ​មាន​ចំនួន​៥បទ​ដែល​ជាការ​និពន្ធ​របស់​លោក​អ៊ឹង​ ជិនណារី​ តាំង​ពី​ឆ្នាំ​១៩៨៥​ ដល់​ឆ្នាំ​២០០៧​ ក្នុង​នោះ​មាន​ទំនុក​បទ​រៀបរាប់​ពី​ចម្រៀង​ពី​កុមារ ​កង​រង្វង់​បញ្ចេញ​ពន្លឺ​ជីវិត​ក្រោយ​ពី​មរណៈ​ម្តាយ​និង​កូន​ និង​ពាក្យ​ទំនាយ។

លោក​ អ៊ឹង​ ជិន​ណារី​បញ្ជាក់​ពីខ្លឹមសារ​សំខាន់​នៃ​តន្រ្តី​របស់​លោក​ថា៖

“សំខាន់​គឺ​ចលនាខាង​ចិត្ត​មនុស្ស​ដើម្បី​សម្រួល​ចិត្ត​ និង​ឱ្យ​មាន​ឧត្តម​គតិ ​និង​មាន​សណ្ឋាន​ជា​ភាព​សុខសាន្ត”។

លោក​ អ៊ឹង​ ជិន​ណារី​ត្រូវបាន​គេ​ទទួល​ស្គាល់​ជាទូទៅ​ថា​ ​ជា​អ្នក​ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​នូវ​ឧបករណ៍​ភ្លេង​ ទស្សនទាន​ និង​សូរ​សំឡេង​ភ្លេង​មក​ពី​បណ្តា​ប្រទេស​លោក​ខាង​កើត​មក​បញ្ជូលគ្នា​ជាមួយ​បស្ចឹម​ប្រទេស​ ដើម្បី​ឱ្យ​ចេញ​ទៅជា​ស្នាដៃ​មួយ​ដែល​មាន​លក្ខណៈ​ដូច​ធម្មជាតិ​ទាំង​ស្រុង ​បើទោះបី​ជា​មាន​សមាស​ធាតុ​ខុស​គ្នា​ក៏​ដោយ។

បទភ្លេង​របស់​លោក​បាន​ធ្វើ​ឱ្យ​កន្រ្តាក់​អារម្មណ៍​ទស្សនិកជន​ខ្មែរ​និង​អាមេរិកាំង​ឱ្យ​មាន​មនោ​សញ្ចេតនា​អណ្តែត​ទៅតាម​សាច់​រឿង​ដែល​ម្តង​បង្ហាញ​ភាព​ក្រៀមក្រំ​និង​ភាព​ស្រងេះស្រងោច​និង​ម្តង​បង្ហាញ​នូវ​ក្តី​រីករាយ។

លោក​ស្រី​ច័ន្ទ លីនដា ​បាន​ប្រាប់​វីអូអេ​ សំឡេង​សហ​រដ្ឋ​អាមេរិក​ក្រោយ​ពី​បាន​ស្តាប់​ភ្លេង​នោះ​ ថា​៖ “ខ្ញុំស្តាប់​ទៅ​កន្លែង​ខ្លះ​ដូចជា​មាន​ភាព​ក្រៀមក្រំ ​ហើយគឺ​កន្លែង​ចុង​ក្រោយ​គាត់​មាន​សូត្រ​ នមោតស្សៈ”។

ចំណែក​លោកស្រី​ Beverly Hong Fincher ដែល​បាន​ស្តាប់​តន្រ្តី​នេះ​ជាលើក​ដំបូង​បាន​បញ្ជាក់​ថា ​វា​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​ស្រី​បាន​ឃើញ​នូវ​ការ​បញ្ចូលគ្នា​រវាង​សំឡេង​មនុស្ស​និង​តន្រ្តី។

“នេះជាក់​ច្បាស់​ណាស់​ថា វា​ជា​តន្រ្តី​ថ្មី​ខ្លាំង​ណាស់។ ​វា​មិន​ដូច​បទភ្លេង​ថ្មី​ៗ​ដទៃ​ទៀត​ទេ​ ដូច្នេះ​ខ្ញុំ​គិត​ថា​ ​នេះ​ពិត​ជា​តន្រ្តី​ថ្មី​មួយ"។

រីឯ​លោក ​Brian Silver​ អ្នក​ឯកទេស​តន្រ្តី​របស់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ដែល​បាន​ចូលរួម​ស្តាប់​ការ​ប្រគុំ​តន្រ្តី​នោះ ​បាន​បញ្ជាក់ពី​អារម្មណ៍​រំភើប​របស់​លោកថា​ មាន​ម្តងៗ​លោក​បះសក់​ដោយសារ​ទេព​កោសល្យ​នៃ​ការ​ប្រើ​សំឡេង​ និង​ស្ទើរ​តែ​ស្រក់​ទឹកភ្នែក​ដោយសារ​ភាព​កម្សត់​នៃ​បទភ្លេង។​ លោក​បាន​បន្ថែមថា​ ទំនុក​ភ្លេង​មួយ​ដែល​មាន​ចំណង​ជើង​ថា​ ”ម្តាយ​និង​កូន​” ដែល​សម្តែង​ដោយ​លោក​ស្រី​ Susan Ung ​ភរិយា​របស់​លោក​អ៊ឹង​ ជិនណារី ​ពិតជា​ធ្វើឱ្យ​លោក​ទប់​មិន​កោត​សរសើរ​មិន​បាន។

“ខ្ញុំ​មិន​ដែល​ឃើញ​ការ​សម្តែង​បែបនេះ​ទេ​ដែល​មាន​តន្រ្តីករ​សម្តែង​ដោយ​សូរ​សំឡេងពីរ​កម្រិតក្នុង​ពេល​តែ​មួយ។​ យើង​ក៏មាន​ល្ខោន ​អូប៉េរ៉ា​ ឬ ​ឆាក​កំប្លែង​ដែល​អ្នកនឹង​ឃើញ​គេច្រៀង​និង​សម្តែង​ ប៉ុន្តែ​បាន​ឮកម្រិត​រលក​សំឡេង​ពីរ​ដែល​ច្របាច់​បញ្ចូល​គ្នា​ ​ហើយ​ជួនកាល​សំឡេង​គាត់​ហួច​គឺ​ស្របតាម​អ្វីដែល​គាត់​កំពុង​បញ្ចេញ​សំឡេង​ក្នុង​កម្រិត​សំឡេង​ខ្ពស់​ ហើយ​ចំណុច​មួយ​ទៀត​គឺ​សំឡេង​ប្រទាក់​គ្នា​ដោយ​សំឡេង​ខ្ពស់​របស់​គាត់សំឡេង​កម្រិតទាប។ នោះ​គឺ​ជា​ផ្នែក​មួយដ៏អស្ចារ្យ"។

ក្រៅ​ពី​ការ​ប្រគុំ​តន្រ្តី​លើកនេះ​ សារៈមន្ទីរ​ Sackler ក៏នឹង​រៀបចំ​កម្មវិធី​សិល្បៈ​មួយ​ចំនួន​ទៀត​នៅ ខែ​សីហាខាង​មុខ​សម្រាប់​អបអរ​ដល់​ការ​ដាក់​តាំង​ពិព័រណ៍​ស្នាដៃ​សំរិទ្ធ​នេះ​ផង​ដែរ៕

XS
SM
MD
LG