ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វប្បធម៌​កូរ៉េ​នៅ​តែ​មាន​ភាព​ពេញ​និយម​ទៅ​លើ​យុវជន​មួយ​ចំនួន


ក្រុម​តន្រី្តករ​ K-Pop មួយ​ក្រុម​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ឈរ​ថតរូប​នៅក្នុង​ពិធី​ទទួល​រង្វាន់​តន្រី្ត K-Pop​នៅឆ្នាំ​២០១៤ ក្នុង​ទីក្រុង​សេអ៊ូល​នៃប្រទេស​កូរ៉េ​ខាងត្បូង​នៅថ្ងៃ​ទី ២៨ ខែមករា ឆ្នាំ២០១៥។

រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍ចុង​ក្រោយ​នេះ មាន​វប្បធម៌​ជា​ច្រើន​ដែល​បាន​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​តាម​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។ ប៉ុន្តែ​មាន​តែ វប្បធម៌​កូរ៉េខាង​ត្បូងបាន​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​ទៅ​លើ​ប្រជាជន​ខ្មែរ។​

ម៉ូដ​និង​ស្ទីលរបស់​ប្រទេស​កូរ៉េ ចម្រៀង​និង​កម្មវិធី​ទូរទស្សន៍​គឺ​ជា​ផ្នែក​មួយដែល​មាន​ភាព​ពេញ​និយម​នៅ​ក្នុង​ស្រទាប់​យុវជន​ខ្មែរ ហើយ​វា​កំពុង​តែរីកសាយ​ខ្លាំង​ឡើង​តាម​ប្រព័ន្ធ​អ៊ីនធើណែត។ មាន​ន័យ​ថា កម្មវិធី​ទូរទស្សន៍​ខែ្មរ​កំពុង​តែ​ប្រកួត​ប្រជែង​ជាមួយ​នឹងវប្បធម៌​ដែល​កំពុង​តែ​ជះ​ឥទ្ធិពល។

«ខ្ញុំ​មាន​និមិត្ត​រូប​ក្នុង​ចិត្ត ហើយ​ខ្ញុំ​ចូលចិត្ត​មើល​កម្មវិធី​ទូរទស្សន៍​ប៉ុស្តិ៍​កូរ៉េ» នេះ​ជា​ការ​លើក​ឡើង​របស់ នាង​ ឃាង វួចខេងនិស្សិត​ឆ្នាំ​ទី​បួន​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ។ និស្សិតរូប​នេះ​បាន​ប្រាប់ ​VOA ថា នាង​ចូលចិត្ត​មើល​កម្មវិធី​ដូច​ជាកម្មវិធី «We Got Married» ដែល​នៅ​ក្នុង​កម្មវិធី​នេះ​តម្រូវ​ឲ្យ​អ្នក​ដែល​មិន​ស្គាល់​គ្នា​មក​រស់​នៅ​ជាប្តី​ប្រពន្ធ​ជាមួយ​គ្នាដោយ​សង្ឃឹម​ថា​ពួកគេ​អាច​នឹង​បាក់​ចិត្ត​ស្រឡាញ់​គ្នា។

នាង​វួចខេង​បន្ថែម​ថា៖ «គឺ​អត់​មាន​កម្មវិធី​ប្រភេទ​ដូច្នេះ​ទេ​នៅ​ក្នុង​ស្រុក​ខ្មែរ ខ្ញុំ​ចូលចិត្ត​គំនិត​នៃ​កម្មវិធី​នេះ»។

វួចខេង ចំណាយ​ពេល​លើស​ពី​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​មើល​ភាគ​នីមួយៗ​នៃ​កម្មវិធីនៅ​លើ​បណ្តាញ​សង្គម​ YouTube ដែល​ជា​រឿយៗ​ នាង​មិន​សូវ​មើល​កម្មវិធី​ទូរទស្សន៍​ខ្មែរទេ។ ​និស្សិត​ស្រី​រូប​នេះ​និយាយ​ថា កម្មវិធី​ទូរទស្សន៍​ខែ្មរ មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​នាង​ក៏​ចូលចិត្ត​កម្មវិធី​មួយ​ចំនួន​ដូចជា Love9 ដែល​កម្មវិធី​នេះ​ផ្តល់​នូវ​ដំបូន្មាន​ល្អៗ​ជាច្រើន​ទៅ​យុវជន។​

ដើម្បី​បំពេញ​តម្រូវ​ការ​តាម​និន្នាការ​នេះ ទូរទស្សន៍​កម្ពុជា ​CNC បាន​ចុះ​កិច្ច​សហប្រត្តិបត្តិការ​ជាមួយ​ទូរទស្សន៍​កូរ៉េ​ខាងត្បូង MBC នៅក្នុងខែឧសភា ដើម្បី​នាំ​ចូល​កម្មវិធី​កូរ៉េ​បន្ថែម​ទៀត។ ​លោក មួន​ រ៉ាម៉ាឌី​ អគ្គនាយក​ទូរទស្សន៍ CNC បាន​ប្រាប់ VOA ថា​វា​ជា​ ជាយុទ្ធសាស្រ្ត​របស់​ទូរទស្សន៍ ​CNC ក្នុង​ការ​អនុវត្តន៍​ជាមួយ​ទូរទស្សន៍​កូរ៉េ MBC និងបង្កើន​ប្រជាប្រិយ​ភាព​សម្រាប់​ទូរទស្សន៍ CNC។ ​ លោក​បាន​ថ្លែង​ថា៖

«K-popគឺ​ពេញ​និយម​ក្នុង​ចំណោម​យុវជន មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេសកម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​»។

សូម្បីតែ​យុវជនខ្មែរក៏ធ្វើត្រាប់តាមទៀត នេះជាការលើកបន្ថែមរបស់លោក​។

លោក​បាន​បន្ត​ទៀត​ថា សព្វ​ថ្ងៃ​នេះ​ទូរទស្សន៍ CNC បាន​បញ្ចូល​នូវ​កម្មវិធី​ផ្សាយកូរ៉េ​រួម​មាន តន្រ្តី និង រឿង​ភាគ​ និង​គ្រោង​ផលិត​កម្មវិធី​ល្បែង​កំសាន្ត​ទៅ​ថ្ងៃ​មុខ។ ដោយសារ​តែ​កម្មវិធី​របស់​ខ្មែរ ​បច្ចេកទេស និង ថវិកា​មាន​កំណត់​ ដូច្នេះ​ធ្វើ​ឲ្យ​ភាព​ពេញ​និយម​របស់​យុវជន​ទៅ​លើ​កម្មវិធី​នៅ​ក្នុង​ស្រុកក៏​មាន​កំណត់​ដែរ។ លោកបន្ថែមថា៖

«ទៅ​ថ្ងៃ​ក្រោយ​ទៅ យើង​សង្ឃឹម​ថា​ទីផ្សារ​ពាណិជ្ជកម្ម​យើង​រីក​ចម្រើន​ ហើយ​យើង​នឹង​មាន​ថវិកា​ច្រើន ដើម្បី​ផលិត​រឿង​ឬ​ក៏​កម្មវិធី​មួយ​ដែល​មាន​គុណភាព អាច​ប្រកួត​ជាមួយ​កម្មវិធីដទៃ»។

លោក ថៃ នរៈសត្យា អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​និយាយថា ដោយសារ​តែ​វប្បធម៌​សព្វ​ថ្ងៃ​មាន​លក្ខណៈ​ជា​សកលភាវូបនីយកម្ម ហើយ​ជា​សម័យ​បច្ចេកវិទ្យា​រីកចម្រើន គឺ​អាស្រ័យ​ទៅ​លើ​យុវជន​ខ្លូនឯង​ក្នុង​ការ​ទទួល​យក និង​ថែរក្សា​វប្បធម៌​កាល​ពី​សម័យ​មុន។ លោក​បាន​បញ្ជាក់​ទៀត​ថា ស្ថាប័ន​នីមួយៗ​គួរ​គប្បី​រៀន​ពីអ្នក​ដទៃ ដើម្បីបង្កើនគុណភាពទៅលើផលិតផលខ្លួន។ ​

ផលិតករ​ភាពយន្ត​ លោក មុនី កណ្ណដារង្គ បាន​ប្រាប់​ថា៖

«កម្មវិធី​ទូរទស្សន៍​កូរ៉េ​គឺ​មាន​លក្ខណៈ​កំសាន្ត និងឆ្លុះ​បញ្ជាំង​តថភាព»។

លោក​បន្ត​ទៀតថា៖

«ពួកគេ​តែង​តែ​រិះរក​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​បង្កើត​ល្បែង គំនិត និង​ជ្រើសរើស​តួ​សម្តែងK-pop ល្បីៗ។ ការ​ធ្វើ​របៀប​នេះ ពួកគេ​អាច​បំផុស​នូវ​គំនិត​ថ្មី និង​បង្ហាញ​ពី​ផ្នែក​ឯកជន​មួយ​របស់​តារា​ទៅ​ទស្សនិកជន»។

លោក​បន្ត​ថា កម្មវិធី​ទូរទស្សន៍​ខ្មែរ​ភាគ​ច្រើន​ប្រើប្រាស់​ការកំប្លែង​ក្នុង​ប្រទេស​ ដែល​វា​អាច​នឹង​មាន​ភាព​ពេញ​និយម​ទៅ​លើ​ទស្សនិកជន​ក្នុងស្រុក ប៉ុន្តែ​ពេល​ខ្លះ​វា​អាច​នឹង​មាន​ភាព​ជ្រុលជ្រួសខ្លះ​ដែរ។ ពួក​គេ​ថែម​ទាំងខ្វះ​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​ទាក់​ទាញចំណាប់អារម្មណ៍​ពី​ទស្សនិកជន។ លើស​ពី​នេះ​ទៅ​ទៀត វា​មាន​ភាព​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​គុណភាព​របស់​កម្មវិធី​កំសាន្ត​កូរ៉េ។ លោក​និយាយថា៖

«នៅ​ពេល​ដែល​យុវ​ជន​កម្ពុជា​បែរ​ទៅ​ទស្សនា​កម្មវិធី​កូរ៉េ​ជា​ជាង​កម្មវិធី​ខ្មែរ ផលិត​កម្ម​ក្នុង​ស្រុក​នឹង​ធ្លាក់​ចុះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បើ​សិន​ជា​គ្មាន​កម្មវិធី​បរទេស​មក​ប្រកួត​ជាមួយ ផលិតកម្ម​ក្នុង​ស្រុក​ក៏​មិន​រីក​ចម្រើន​ដែរ ហើយ​ពួក​គេ​ក៏​មិន​ខំ​ប្រឹង​បង្កើន​គុណភាព​កម្មវិធី​ឲ្យ​មាន​ស្តង់ដា ដើម្បី​ប្រកួត​ប្រជែង​នោះ​ទេ។ ដូច្នេះ មានការប្រកួត​ប្រជែង​ខ្លះ​ទើប​ល្អ»។​

XS
SM
MD
LG