ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​តម្លាភាព​កម្ពុជា​ចេញ​របាយ​ការណ៍​អំពី​អំពើ​ពុករលួយ


នៅ​ថ្ងៃ​ទី ២៩​ ខែឧសភា ឆ្នាំ ២០១៤ នៅ​ទីក្រុង​ភ្នំពេញ សកម្មជន​និង​បាតុករ តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការធ្វើ​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។
នៅ​ថ្ងៃ​ទី ២៩​ ខែឧសភា ឆ្នាំ ២០១៤ នៅ​ទីក្រុង​ភ្នំពេញ សកម្មជន​និង​បាតុករ តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការធ្វើ​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។

ការគ្រប់​គ្រងដីធ្លី​ និងការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ បាន​បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ​ច្រើន​ជាង​គេ​បំ​ផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

នៅ​ក្នុង​របាយ​ការណ៍​ស្តី​ពីអំពើ​ពុក​រលួយ​កក្រោម​ចំណង​ជើង​ថា​ «ការ​វាយ​តម្លៃ​ប្រព័ន្ធសុចរិត​ភាព» ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ​អង្គការ​តម្លាភាព​កម្ពុជា​បាន​រក​ឃើញ​ថា​ វិស័យ​ទាំង​ពីរនេះ​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ជាច្រើន​និងជា​ប្រភព​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ក្រីក្រ​នេះ។​

ម្យ៉ាង​វិញ​ទៀត​ របាយ​ការណ៍​ដដែលបាន​សង្កត់ធ្ងន់​ថា​ ស្ថាប័នតុលាការ​និង​ភ្នាក់​ងារ​អនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា​មានភាព​ទន់​ខ្សោយ​បំផុត​ដែល​បង្ក​ឲ្យ​មានការ​«ទទួល​សំណូក​បាន​យ៉ាង​ងាយ»​ ​ជា​ពិសេស​ស្ថាប័ននេះ​មាន​លក្ខណៈ​នយោបាយ ​និង​ទទួល​រង​ឥទ្ធិ​ពល​ពី​ខាង​ក្រៅ។​

ការ​រក​ឃើញ​នេះ​គឺ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់អង្គការ​តម្លាភាព​កម្ពុជារយៈ​ពេល​ពីរ​ឆ្នាំ។​

ការ​សិក្សា​មួយ​ចំនួន​គឺផ្អែក​លើ​របាយ​ការណ៍​របស់អង្គការ​ការពារ​បរិស្ថានGlobal ​Witness ​របាយ​ការ​ណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ អង្គការ​មូលនិធិ​សកល​ (Global Fund)​ និង​របាយ​ការណ៍​ពី​ស្ថាប័នឃ្លាំ​មើល​ការ​បោះឆ្នោត​ខុមហ្វ្រែល​ និង​អង្គការ​ឃ្លាំមើល​សេរីភាព​សារ​ព័ត៌មាន​ Reporters Sans Frontiers ​ជា​ដើម។​

ក្រោយ​ពី​ពិធី​បង្ហាញ​របាយ​ការណ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ លោកព្រាប កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​មាន​ប្រសាសន៍​ថា ​កម្ពុជា​មាន​ច្បាប់​ដែល​អាច​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​បាន​ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​ទាំង​នោះមាន​បញ្ហា។​

«យើង​មាន​ក្រប​ខណ្ឌ​ច្បាប់​ល្អ​គួរសម​ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​នៅ​មាន​គម្លាត។ មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយដែល​ទាម​ទារ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ដើម្បី​ឲ្យ​ច្បាប់​នេះ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ក៏ដូចជា​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយក្នុង​ស្ថាប័នប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ប្រទេស​កម្ពុជា»។

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​ឲ្យ​ដឹង​ថា​ អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​តូច​កើត​មាន​ជា​ទូទៅ​ក្នុងវិស័យ​ឯកជន​ និង​វិស័យ​សាធារណៈ​ ឬ​ក្នុង​ស្ថាប័ន​រដ្ឋ​ ដែល​បង្ក​ឲ្យ​មានអយុត្តិធម៌​ និង​វិសមភាព​ក្នុងការ​យក​ចិត្ត​ទុក​ដាក់។​

ក្រៅ​ពី​ការ​វាយ​តម្លៃ​លើ​ប្រព័ន្ធ​តុលាការ​ របាយ​ការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​ក៏បាន​ធ្វើ​ការ​សិក្សា​លើ​ស្ថាប័នប្រឆាំង​អំពើ​ពុក​រលួយ​ ស្ថាប័នព័ត៌មាន​ សង្គម​ស៊ីវិល​ និង​វិស័យ​ឯកជន​ផង​ដែរ។​

របាយ​ការណ៍​នេះ​បាន​បន្ថែម​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​មាន​ភាព​សកម្ម​នៅ​ក្នុង​ការ​អប់រំ​សាធារណ​ជនអំពី​អំពើ​ពុក​រលួយ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។​ ក្រៅ​ពី​នោះការ​ស៊ើបអង្កេត​លើ​អំពើ​ពុក​រលួយ​នៅ​មាន​ភាព​ស្រអាប់។​

អង្គការ​តម្លាភាព​កម្ពុជា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា មាន​តែបណ្តាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ដែល​ផ្តល់​ព័ត៌មាន​អំពី​អភិបាល​កិច្ច​របស់​ស្ថាប័ន​រដ្ឋ​ប្រកប​ដោយ​គុណភាព ​នៅ​ពេលដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ភាគ​ច្រើន​មាន​ជំហរ​លម្អៀង។​

ដំណាល​គ្នា​នេះ​ អង្គការ​ដដែល​បាន​លើក​ឡើង​ក្នុង​បាយ​ការណ៍​របស់​ខ្លួន​ថា ​សង្គម​ស៊ីវិល​បាន​ដើរ​តួ​យ៉ាង​សំខាន់ក្នុង​ការ​ជំរុញ​ឲ្យ​មាន​គណនេយ្យ​ភាព​លើ​សកម្មភាព​របស់​រដ្ឋាភិបាល។

លោកស្រី​មួរ​ សុខហួរ ​តំណាងរាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាន​ចូលរួម​ក្នុងការ​បង្ហាញ​របាយ​ការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​ យល់​ថា ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រព័ន្ធ​តុលាការ​នឹង​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​របស់​ស្ថាប័ន​នេះ ​ជា​ពិសេស​តាម​រយៈ​ការ​ដំឡើងប្រាក់​ខែ​ដល់​មន្ត្រី​តុលាការ​ឲ្យ​បាន​សមស្រប​បំផុត។​

«តាម​របាយ​ការណ៍​ដែល​យើង​ឃើញ​នៅថ្ងៃ​នេះ​គឺ​ស្ថាប័នតុលាការពុក​រលួយ​ខ្លាំង​ជាង​គេ។​ ឃើញ​ថា​ ត្រូវ​តែ​ពង្រឹង​មន្ត្រី ​ហើយ​និង​ពង្រឹង​សមត្ថភាព​នៃ​ចៅ​ក្រម ​ព្រះរាជ​អាជ្ញា ​និង​មេធាវី​របស់​យើង។​ គឺ​ត្រូវ​តែ​សម្អាតប្រព័ន្ធ​នេះ​ទាំងមូល»។​

លោកស្រី​ វ៉ាន់ ហ៊ាលី ​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ថ្លែង​ថា​ ការ​រួម​សហការ​គ្នា​ពី​គ្រប់​ភាគី​ជាប់​ពាក់​ព័ន្ធ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រយុទ្ធ​ទល់​នឹង​អំពើ​ពុក​រលួយ។​

បន្ថែម​ពី​នោះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​ឲ្យប្រទេស​កម្ពុជា​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់ប្រព័ន្ធ​តុលាការ ​វិសោធន​កម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ​និង​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ។​

លោក​ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​រដ្ឋាភិបាល​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ឆ្លើយ​តប​នឹង​របាយ​ការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​នោះ​ទេ។​

«យើង​ខ្ញុំ​មិន​អត្ថាធិប្បាយ​ទេ។​ យើង​ខ្ញុំ​មិន​មើល​របាយ​ការណ៍​របស់​គាត់​តែហ្មង»។​

យ៉ាង​ណាក៏​ដោយ លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​នៃទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​មាន​ប្រសាសន៍​ថា​ អ្វីដែល​អង្គការ​តម្លាភាព​កម្ពុជា​លើក​ឡើង​នោះគឺ​ជា​អ្វី​ដែល​ «រដ្ឋា​ភិបាល​កំពុង​ដោះ​ស្រាយ​រួច​ទៅ​ហើយ»។​

«អ្វី​ដែល​គេ​បាន​លើកឡើង ​យើង​បាន​ដោះស្រាយ​ជា​បន្ត​រួចស្រេច​ទៅ​ហើយ។ ​អ្វី​ដែល​គេ​លើក​ឡើង​ គ្រាន់​តែ​ជា​ការ​បន្ទរ​ ​បន្ទាប់​ពី​កំណែ​ទម្រង់របស់​កម្ពុជា​ដែល​បាន​ធ្វើ»។​

សូម​បញ្ជាក់​ថា​ ​កាល​ពី​សប្តាហ៍​មុន​ លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​បាន​ថ្លែង​ទទួល​ស្គាល់​ថា​ ​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក៏​ប៉ុន្តែ​លោក​ស្តី​បន្ទោស​ថា ​អំពើ​ពុក​រលួយ​មួយ​ចំនួន​កើត​ចេញ​ពី​ឈ្មួញ​អ្នក​រក​ស៊ី​ ឬ​បុគ្គល​មួយ​ចំនួន​ ដែល​ផ្តល់​ឲ្យ​មន្ត្រី​សាធារណៈ​ជាមុន៕

XS
SM
MD
LG