អស់រយៈពេលប៉ុន្មានខែមកហើយ មន្ត្រីសហរដ្ឋអាមេរិកបានព្រមានអំពីការកើនឡើងនូវការវាយប្រហារតាមអ៊ីនធឺណិត នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នេះ ប៉ុន្តែពួកគេមិនបានចោទប្រកាន់ប្រទេសណាមួយអំពីរឿងនេះនោះទេ។
ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ស្របពេលដែលពិភពលោកប្រឹងប្រជែងគ្នាផលិតវ៉ាក់សាំងជំងឺកូវីដ១៩ ហើយអ្នកលួចព័ត៌មានតាមអ៊ីនធឺណិតមានគោលដៅសំដៅលើការស្រាវជ្រាវវិទ្យាសាស្ត្រពាក់ព័ន្ធនានា មន្ត្រីអាមេរិកាំងកំពុងត្រៀមចោទប្រកាន់ប្រទេសចិនទាក់ទិននឹងរឿងនេះ។
នៅក្នុងសេចក្ដីប្រកាសរួមគ្នាមួយដែលគ្រោងនឹងបង្ហាញជាសាធារណៈក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ទីភ្នាក់ងារ FBI និងក្រសួងសន្តិសុខមាតុភូមិ ត្រូវបានគេរាយការណ៍ថាមានគម្រោងចោទប្រកាន់ប្រទេសចិនជាសាធារណៈថាមានបំណងលួចការស្រាវជ្រាវរបស់សហរដ្ឋអាមេរិកទាក់ទិនទៅនឹងវ៉ាក់សាំង ការព្យាបាល និងការធ្វើតេស្តជំងឺកូវីដ១៩។
លោក Tab Bradshaw នាយកប្រតិបត្តិនៃក្រុមហ៊ុន Redpoint Cybersecurity និងជាសមាជិកម្នាក់នៃក្រុមការងារចែកចាយព័ត៌មានជាមុននៃក្រសួងសន្តិសុខមាតុភូមិ បានអះអាងអំពីគម្រោងនេះនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃចន្ទម្សិលមិញ។
ទីភ្នាក់ងារ FBI និងក្រសួងសន្តិសុខមាតុភូមិ មិនបានឆ្លើយតបទៅនឹងសំណើរបស់ VOA សុំការបំភ្លឺអំពីរឿងនេះទេ។
អស់រយៈពេលជាយូរមកហើយ សហរដ្ឋអាមេរិកបានចាត់ទុកប្រទេសចិន ក៏ដូចជារុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់ ថាជាប្រភពដ៏សំខាន់នៃការវាយប្រហារតាមអ៊ីនធឺណិត។
ការចោទប្រកាន់ចិនជាសាធារណៈថាប៉ុនប៉ងលួចការស្រាវជ្រាវទាក់ទិននឹងវ៉ាក់សាំងជំងឺកូវីដ១៩ នេះ ទំនងជាអាចបង្កើនភាពតានតឹងបន្ថែមទៀតរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕