រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា លោកគិតថា ប្រជាពលរដ្ឋវ៉េណេស៊ុយអេឡានឹងមិនអាចទ្រាំទ្របានទៀតទេជាមួយនឹងរបបដឹកនាំរបស់លោក Nicolas Maduro។
លោក Pompeo បានបញ្ជាក់ប្រាប់កាសែត El Comercio របស់ប្រទេសប៉េរូ កាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «ការបំផ្លិចបំផ្លាញដែលធ្វើឡើងដោយលោក Nicolas Maduro សោកនាដកម្មនៃស្ថានភាពមនុស្សធម៌ដែលបង្កឡើងដោយលោក Maduro តែម្នាក់ឯងគត់ ដែលធ្វើឲ្យប្រទេសគុយបា និងរុស្ស៊ីចូលធ្វើអន្តរាគមន៍នៅក្នុងប្រទេសវ៉េណេស៊ុយអេឡានេះ គឺជាអ្វីដែលកំពុងបំផ្លាញដល់ជីវិតរបស់យុវជនវ៉េណេស៊ុយអេឡា»។
លោក Pompeo បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសឈីលី ប៉ារ៉ាហ្គាយ ប៉េរូ និងកូឡុំប៊ី នៅទ្វីបអាមេរិកខាងត្បូង។ ភាពចលាចលសេដ្ឋកិច្ច និងនយោបាយនៅប្រទេសវ៉េណេស៊ុយអេឡាគឺជាក្ដីបារម្ភចម្បងមួយនៅក្នុងការពិភាក្សារបស់លោកនៅក្នុងប្រទេសទាំង ៤ នេះ។
លោក Pompeo និយាយដូច្នេះថា៖ «នេះមិនមែនជាអ្វីដែលបានកើតឡើងនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ ឬក៏ប៉ុន្មានខែចុងក្រោយនេះទេ។ នេះគឺជាការបំផ្លិចបំផ្លាញដែលបង្កឡើងដោយប្រទេសគុយបា ដោយប្រទេសរុស្ស៊ី និងដោយលោក Maduro នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ...។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ករណីនេះនឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ»។
ជាថ្មីម្ដងទៀត លោក Pompeo បានបញ្ជាក់ថា ជម្រើសទាំងអស់គឺអាចទៅរួចពាក់ព័ន្ធនឹងការធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ ប៉ុន្តែ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump មិនទាន់បានបញ្ជាក់នៅឡើយទេថាតើនឹងត្រូវប្រើជម្រើសយោធានៅក្នុងស្ថានការណ៍ណានោះ៕