ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​គ្រោង​ជួប​ជាមួយ​ជន​ចំណាក​ស្រុក​វ៉េណេស៊ុយអេឡា


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo ស្តាប់​រដ្ឋ​មន្រ្តី​ការបរទេស​ប៉ារ៉ាហ្គាយ Luis Castiglioni អំឡុង​សន្និសីទ​កាសែត​នៅ «Palacio de Lopez» ក្នុង​ទីក្រុង Asuncion ប្រទេស​ប៉ារ៉ាហ្គាយកាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។

នៅ​ថ្ងៃ​អាទិត្យ​នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Cucuta ប្រទេស​កូឡុំប៊ី ដែល​ជា​ទីក្រុង​ជាប់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វ៉េណេស៊ុយអេឡា ដើម្បី​ជួប​ជាមួយ​នឹង​ជន​ភៀស​ខ្លួន​វ៉េណេស៊ុយអេឡា។ ជនជាតិ​វ៉េណេស៊ុយអេឡា​ជា​ច្រើន​នាក់​បាន​រត់​គេច​ពី​ភាព​អត់​ឃ្លាន និង​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​មក​កាន់​ទីក្រុង Cucuta។

លោក Pompeo បាន​ឈប់​សំចត​នៅ​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដើម្បី​គៀងគរ​ការ​គាំទ្រ​ចំពោះ​គោល​ជំហរ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​ក្នុង​ការ​ប្រឆាំង​នឹង​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក Nicolas Maduro និង​របប​ដឹកនាំ​របស់​លោក។

កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ក្នុង​ប្រទេស​ប៉េរូ លោក Pompeo បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ប៉េរូ​លោក Martin Vizcarra និង​រដ្ឋមន្ត្រី​ការបរទេស​ប៉េរូ​លោក Nestor Popolizio។ លោក Pompeo បាន​សរសើរ «ប្រជាពលរដ្ឋ​ប៉េរូ» ចំពោះ​ការណ៍​ដែល​ប្រទេស​ប៉េរូ​ទទួល​ជន​ភៀស​ខ្លួន​វ៉េណេស៊ុយអេឡា​រាប់​សែន​នាក់។

ចំណែក​ឯ​នៅ​ទីក្រុង​អាសង់ស្យង ប្រទេស​ប៉ារ៉ាហ្គាយ​វិញ លោក Pompeo បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​ប៉ារ៉ាហ្គាយ​លោក Mario Abdo Benitez អំពី​វិបត្តិ​ប្រទេស​វ៉េណេស៊ុយអេឡា សិទ្ធិ​មនុស្ស ឧក្រិដ្ឋកម្ម​ឆ្លង​ប្រទេស និង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់។

កាល​ពី​ថ្ងៃ​សុក្រ លោក Pomepo បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ឲ្យ​ជំទាស់​ទៅ​នឹង​សំណើ​វិនិយោគ និង​ជំនួយ​របស់​ប្រទេស​ចិន និង​រុស្ស៊ី ដោយ​លោក​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​គឺ​ជា​មិត្តភក្ដិ និង​ដៃគូ​វិនិយោគ​ប្រសើរ​ជាង​នេះ​សម្រាប់​ប្រទេស​ដៃគូ​នៅ​ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង៕

XS
SM
MD
LG