អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានអំពាវនាវដល់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ «ឲ្យក្រោកឈរការពារលទ្ធិប្រជាធិបតេយ្យ» ហើយទទួលស្គាល់លោក Juan Guaido មេដឹកនាំគណបក្សប្រឆាំងជាមេដឹកនាំស្របច្បាប់របស់ប្រទេសនោះ។
លោកអនុប្រធានាធិបតីអាមេរិកបានថ្លែងក្នុងជំនួបមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានកោះហៅដោយសហរដ្ឋអាមេរិកថា៖ «ខណៈដែលអង្គការអន្តរជាតិផ្សេងទៀតទទួលស្គាល់ អង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខបានបដិសេធពុំព្រមទទួលស្គាល់»។
លោកអនុប្រធានាធិបតីអាមេរិក Pence បាននិយាយទៀតថា៖ «ក៏ប៉ុន្តែ ឥឡូវនេះ ប្រទេសនានានៅទូទាំងតំបន់អឌ្ឍគោលនេះបាននិយាយ ពេលវេលាបានមកដល់ហើយសម្រាប់អង្គការសហប្រជាជាតិដើម្បីទទួលស្គាល់លោក Juan Guaido ប្រធានាធិបតីអន្តរកាលជាប្រធានាធិបតីស្របច្បាប់របស់វ៉េណេស៊ុយអេឡា និងអាសនៈតំណាងរបស់លោកនៅក្នុងអង្គការនេះ។ អង្គការនេះត្រូវតែដកហូតអ្នកតំណាងរបស់វ៉េណេស៊ុយអេឡាប្រចាំនៅអង្គការសហប្រជាជាតិ»។
លោកអនុប្រធានាធិបតីអាមេរិក Pence បាននិយាយទៀតថា សហរដ្ឋអាមេរិកកំពុងធ្វើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដើម្បីទទួលស្គាល់ពីភាពស្របច្បាប់រដ្ឋាភិបាលរបស់រដ្ឋាភិបាលលោក Juan Guaido ហើយជំរុញឲ្យសហគមន៍អន្តរជាតិគាំទ្រសេចក្តីសម្រេចនេះ។
លោកអនុប្រធានាធិបតីអាមេរិក បាននិយាយជាអេស្ប៉ាញថា៖ «ត្រូវក្រោកឈរជាមួយប្រជាពលរដ្ឋវ៉េណេស៊ុយអេឡា នៅពេលដែលពួកគេងើបឡើង ដើម្បីធ្វើឲ្យមានសេរីភាពប្រជាធិបតេយ្យឡើងវិញ និងរំដោះប្រទេសរបស់ខ្លួន»៕