ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជំរុញ​អាស៊ាន​ឲ្យ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ចិន​ដែល​សង់​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង


រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​​នៃ​បណ្តា​ប្រទេស​អាស៊ាន​នៅ​ក្នុង​​កិច្ច​ប្រជុំ​តាម​អនឡាញ​មួយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០។ (រូបភាព​ផ្តល់​ឲ្យ​ដោយ​ទូរទស្សន៍ VTV ដល់ AP)
រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​​នៃ​បណ្តា​ប្រទេស​អាស៊ាន​នៅ​ក្នុង​​កិច្ច​ប្រជុំ​តាម​អនឡាញ​មួយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០។ (រូបភាព​ផ្តល់​ឲ្យ​ដោយ​ទូរទស្សន៍ VTV ដល់ AP)

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ជំរុញ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ថ្ងៃព្រហស្បត៍​នេះ​ឲ្យ​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ចិន​ដែល​ជួយ​សាងសង់​កោះ​នានា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ លោក​ថ្លែង​ដូច្នេះ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​នូវ​ក្រុមហ៊ុន​ចិន​ជាង ២០ ដែល​បាន​ធ្វើការ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នោះ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​លើកឡើង​របស់​លោក​រដ្ឋមន្រ្តី Pompeo នេះ បាន​ធ្វើ​ឡើង​នៅឯ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​តាម​អនឡាញ ដែល​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​លើ​បញ្ហា​មួយ​ចំនួន​តាំងពី​បញ្ហា​ពាណិជ្ជកម្ម​រហូត​ដល់​ជំងឺ​កូវីដ១៩។

ភាព​តានតឹង​ក៏​កំពុង​កើន​កម្តៅ​ផងដែរ​ទាក់ទិន​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដោយ​សហរដ្ឋ​អាមេរិក​កាលពី​ខែ​មុន បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​ចំនួន ២៤ ដែល​ខ្លួន​អះអាង​ថា បាន​ជួយ​ស្ថាបនា​ទីតាំង​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​សម្បូរ​ដោយ​ធនធាន​នោះ។

លោក Pompeo បាន​មាន​ប្រសាសន៍​ទៀត​ថា វា​ដល់​ពេល​សម្រាប់​រដ្ឋាភិបាល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ពិចារណា​ឡើងវិញ​នូវ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​បណ្តា​ក្រុមហ៊ុន​ចិន​ដែល​ធ្វើ​ការ​នៅ​ក្នុង​សមុទ្រ​នោះ។

លោក Pompeo បាន​ប្រាប់​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​ទាំង ១០ នៃ​សមាគម​អាស៊ាន ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​តាម​អនឡាញ​នោះ​ថា៖ «កុំ​គ្រាន់តែ​និយាយ ប៉ុន្តែ​ត្រូវ​ធ្វើ​សកម្មភាព»។

លោក Pompeo បាន​បន្ត​ទៀត​ថា៖ «ចូរ​ពិចារណា​ឡើង​វិញ​នូវ​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​បណ្តា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​ទាំង​នោះ ដែល​បាន​រំខាន​យាយី​ដល់​បណ្តា​ប្រទេស​អាស៊ាន​នៅ​តាម​បណ្តោយ​ឆ្នេរ​នៃ​សមុទ្រ​ចិន​ខាងត្បូង។ ចូរ​កុំ​ឲ្យ​គណបក្ស​កុម្មុយនីស្ដ​ចិន​កេង​ប្រវ័ញ្ច​លើ​យើង និង​ប្រជាពលរដ្ឋ​របស់​យើង»។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក Pompeo ក៏​បាន​លើកឡើង​ផង​ដែរ​អំពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​លើ​គោលការណ៍ «បើក​ចំហ រួមរស់​ជាមួយ​គ្នា តម្លាភាព និង​ការ​គោរព​ច្បាប់​អន្តរជាតិ» ក៏​ដូចជា​បាន​សរសើរ​អាស៊ាន​ថា​មាន «សាមគ្គីភាព» និង «តម្លាភាព» នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ និង​បាន​បង្ហាញ​អំពី​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ នេះ៕

XS
SM
MD
LG