ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ជំរុញ​​ឲ្យ​ប្រទេស​ក្រិក​និង​តួកគី​​បន្ត​ពិភាក្សា​គ្នា​លើ​ជម្លោះ​ដែន​ទឹក


រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​លោក Mike Pompeo​ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis នៅកោះ Crete ប្រទេសក្រិក កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​លោក Mike Pompeo​ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis នៅកោះ Crete ប្រទេសក្រិក កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​លោក Mike Pompeo​ បាន​អំពាវ​នាវ​នៅ​ថ្ងៃអង្គារ ឲ្យ​សម្ព័ន្ធ​មិត្តអូតង់ ឬ (NATO) ក្រិកនិង​តួកគី​ បន្ត​ការ​ពិភាក្សា​គ្នា​ឡើង​វិញឲ្យ​បាន​ឆាប់តាម​ដែល​អាច​ធ្វើ​បាន ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដែ​ន​ទឹក ​ដែល​កំពុងតែ​មាន​ការឈ្លោះ​ប្រកែកគ្នា​កាន់​តែ​ខ្លាំង​ឡើង​នោះ។​

ប្រទេស​ទាំង​ពីរ​ដែល​មិន​ចុះ​សម្រុង​គ្នាលើ​បញ្ហា​ជា​ច្រើន​នោះ បាន​ឯកភាព​គ្នា​ថា ​នឹង​រក​វិធី​ចរចា​គ្នា អំពី​តំបន់​សមុទ្រមេឌីទែរ៉ាណេខាង​កើត ​ដែល​នាវាចម្បាំង​នៃ​ប្រទេស​ទាំង​ពីរ​ បាន​ប្រឈម​មុខ​ដាក់​គ្នា​កាល​ពី​ខែ​មុន។​

​ប្រទេស​តួកគី​បាន​បញ្ជូន​នាវា​ស្រាវ​ជ្រាវ​មួយគ្រឿង ដែល​អម​ដោយ​នាវា​ចម្បាំង​មួយ​ចំនួន​ផង​នោះ ទៅ​ស្វែង​រក​ប្រេង​និង​ឧស្ម័ន ដើម្បី​ឃួង​យក​នៅ​ក្នុង​តំបន់​សមុទ្រ ដែល​ប្រទេស​ក្រិក​អះ​អាង​ថា ​ជា​ដែន​ទឹក​និង​ជា​សិទ្ធិ​គ្រប់គ្រង​ផ្នែក​សេដ្ឋ​កិច្ចរបស់​ខ្លួន។

ជា​ការ​ឆ្លើយ​តប​វិញ​ ប្រទេស​ក្រិក​បានបញ្ជូន​នាវា​ចម្បាំ​ង​ទៅ​កាន់​តំបន់នោះ និង​បានដាក់​កង​ទ័ព​របស់​ខ្លួន​ឲ្យស្ថិត​ក្នុង​ការ​ប្រុង​ជើង​ការ​ ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​មានការ​បារម្ភ​ពី​ការ​កើត​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ។​

ក្រោយមក​តួកគី​បាន​ដក​នាវា​របស់​ខ្លួន​ចេញ​វិញ​ ដោយ​និយាយថា​ កាយវិការ​នេះ​អាច​ជួយ​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ចរចាបន្ថែម​ទៀត​ នៅ​មុន​កិច្ច​ប្រជុំ​កំពូល​រយៈពេល​ ២ ​ថ្ងៃ របស់​សហភាព​អឺរ៉ុប ​ដែល​នឹង​ចាប់​ផ្តើ​មធ្វើឡើងនៅថ្ងៃទី​ ១ ខែ​តុលា​នេះ។​

សមាជិក​សហភាព​អឺរ៉ុប​ នឹង​ពិភាក្សា​រឿង​ជម្លោះដែន​ទឹក​របស់​ប្រទេស​ទាំង​ពីរ​ ហើយ​ក៏​នឹង​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​តួកគី​ផង​ដែរ ដែល​ជា​ការ​ទាម​ទារ​របស់​ប្រទេសស៊ីប (Cyprus)​ ក្រិក​និង​ប្រទេស​បារាំង​នោះ៕

XS
SM
MD
LG