ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណើ​សហភាព​អឺរ៉ុប​អំពី​ទេសន្តរប្រវេសន៍ នាំ​ឱ្យ​ពួក​រដ្ឋ​អឺរ៉ុប​កណ្តាល​មាន​កំហឹង


រូបឯកសារ៖ ប៉ូលិស​អូទ្រីស និង​ហុងគ្រី ចូលរួម​ក្នុង​សមយុទ្ធ​មួយ​ដើម្បី​ការពារ​ជនចំណាកស្រុក​មិន​ឲ្យ​ឆ្លងកាត់​ព្រំដែន​អូទ្រីស​ពី​ហុងគ្រី​ក្នុង​ទីក្រុង Nickelsdorf នៃ​ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។

សហភាព​អឺរ៉ុប បាន​លាត​ត្រដាង​សំណើ​មួយ​ដើម្បី​សើរើ​គោល​នយោបាយ​ចំណាក​ស្រុក និង​ការសុំ​សិទ្ធិ​ជ្រកកោន​របស់​ប្លុក​នេះ និង​បង្កើត​ប្រព័ន្ធ​ចាំបាច់​មួយ​នៅ​ទូទាំង​សហគមន៍​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ទេសន្តរ​ប្រវេសន៍ តែ​ក្រុមមេដឹកនាំ​អឺរ៉ុប​កណ្តាល បាន​ច្រានចោល​សេចក្តីស្នើ​នេះ​រួចស្រេចហើយ។

កាល​ពី​ថ្ងៃ​ពុធ​ទី​២៣ ខែ​កញ្ញា​ សហភាព​អឺរ៉ុប​ បាន​លាត​ត្រដាង​សំណើ​ដែល​បាន​ពន្យារ​ពេល​យូរ​មក​ហើយ​ ដើម្បី​សើរើ​គោល​នយោបាយ​ចំណាក​ស្រុក​ និង​ការ​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្លុក​នេះ​ និង​បង្កើត​ប្រព័ន្ធ​ចាំ​បាច់​មួយ​នៅ​ទូទាំង​សហភាព​នេះ​ ដែល​មាន​ប្រទេស​ចំនួន​២៧ ជា​សមាជិក​ ដើម្បី​ដោះស្រាយ​បញ្ហា​ទេសន្តរ​ប្រវេសន៍។

​ក្រោយពីមាន​ការ​ខ្វែង​គំនិត​គ្នា​ច្រើន​ឆ្នាំ​រវាង​ពួក​រដ្ឋ​ជា​សមាជិក​អំពី​វិធី​ឆ្លើយ​តប​នឹង​ការហូរ​ចូល​នៃ​ក្រុម​ជន​ចំណាក​ស្រុក​ លោកស្រី ​Ursula von der Leyen​ ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​ បាន​ហៅ​សំណើ​នេះ​ថា ​ជា​«ដំណោះ​ស្រាយ​អឺរ៉ុប​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ទុកចិត្ត​របស់​ពលរដ្ឋ​ឡើង​វិញ»។​ តាម​រយៈ​ផែន​ការ​ដែល​គាំទ្រដោយ​ប្រទេស​អាល្លឺម៉ង់​នេះ​ ​ប្រទេស​ទាំង​២៧​នៃ​សហភាព​អឺរ៉ុប​ នឹង​ត្រូវ​តម្រូវ​ឱ្យ​ចូល​រួម​ជា​មួយ​ពួក​រដ្ឋ​ជា​សមាជិក​ក្នុង​ការ​យល់​ព្រម​ទទួល​យក​ពួក​អ្នកសុំ​សិទ្ធិ​ជ្រក​កោន​ ឬ​ ការ​បញ្ជូន​ចេញ​ក្រុម​ជន​ចំណាក​ស្រុក​ និង​ជន​ភៀស​ខ្លួន​ដែល​ពាក្យ​សុំ​ជ្រក​កោន​បាន​ត្រូវ​បដិសេធ។​

គោល​ដៅ​នៃ​វិធានការ​នេះ​ គឺ​បន្ធូរ​សម្ពាធ​លើ​ពួក​ប្រទេស​ក្នុង​ប្លុក​នេះ​ ដែល​នៅ​ជាប់​សមុទ្រ ​Mediterranee ​(មេឌីទែរ៉ាណេ)​ គឺ​ប្រទេស​អ៊ីតាលី​ និង​ប្រទេស​ក្រិក ​ហើយ​ដើម្បី​ជួយ​តាម​វិធី​ផ្សេង​វិញ។​ ពួក​អ្នក​វិភាគ​និយាយ​ថា​ ​គ្មាន​ការ​ធានា​អំពី​ការ​យល់​ព្រម​តាម​ផែនការ​នេះ​ ដោយ​ប្រមុខរដ្ឋ​ និង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​២៧​របស់​សហភាព​អឺរ៉ុប​ទេ ​ហើយ​ការ​ជំទាស់​នឹង​សំណើ​នេះ ​កំពុង​កើតមាន​ហើយ។​

លោក​ Sebastian Kurz ​អធិការបតី​ប្រទេសអូទ្រីស ​មាន​ការ​សង្ស័យ​អំពី​គំនិត​នៃ​ការ​បែង​ចែក​ក្រុម​ជន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ទូទាំង​អឺរ៉ុប។​ លោក​បាន​និយាយ​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​AFP​ ថា ​«ធ្វើ​ដូច្នេះ​មិន​បាន​ការ​ទេ»។​

ការ​សាកល្បង​ម្តង​ទៀត​

ការ​ប៉ុនប៉ង​ច្រើន​ដង​ដើម្បី​រុះរើ​គោល​នយោបាយ​សហភាព​អឺរ៉ុប​អំពី​ពួក​ជន​ចំណាក​ស្រុក​កាល​ពី​អតីត​កាល​ មិន​បាន​ទទួល​ជោគជ័យ​ទេ​ ភាគ​ច្រើន​ដោយសារ​មាន​ការ​ជំទាស់​ពី​ពួក​រដ្ឋ​ជា​សមាជិក​មួយ​ចំនួន​តូច​នៅ​ក្នុង​ផ្នែក​កណ្តាល​នៃ​ទ្វីប​អឺរ៉ុប​ប្រឆាំង​ការ​តម្រូវ​ឲ្យ​ទទួល​យក​ពួក​ជន​សុំ​សិទ្ធិ​ជ្រក​កោន​នោះ។​ លោក​ស្រី​ Ylva Johansson ​ស្នងការ​កិច្ចការ​មហា​ផ្ទៃ​របស់​សហភាព​អឺរ៉ុប​ បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ក្នុង​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​កញ្ញា​ថា​ ​លោកស្រី​ប្រុង​ប្រៀប​ស្រេច​ហើយ​សម្រាប់​ការ​ជំទាស់​ពី​ប្រទេស​ហុងគ្រី ​ប៉ូឡូញ​ និង​ប្រទេស​ជាតិ​មាន​ធនធាន​ច្រើន​នៅ​ផ្នែក​ខាង​ជើង​នៃ​ទ្វីប​អឺរ៉ុប​ តែ​លោកស្រី​សង្ឃឹម​ថា​ ​នឹង​អាច​ពុះពារ​ការ​ប្រឆាំង​នេះ​បាន​ ដោយ​ផ្តល់​ឱ្យ​ប្រទេស​ទាំង​២៧​នៃ​សហភាព​អឺរ៉ុប​នូវ​«ជម្រើស​សម្របសម្រួល»​អំពី​វិធី​ចូល​រួម​ដោះស្រាយ។

ប៉ុន្មាន​ម៉ោង​មុន​សេចក្តី​ល្អិត​ល្អន់​នៃ​សេចក្តី​ស្នើ​នេះ​បាន​ត្រូវ​លាត​ត្រដាង​ជា​សាធារណៈ លោក​ស្រី​ Ylva Johansson​ បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ Euronews ​ថា៖​ «យើង​គួរ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ថា​ ​តើ​យើង​អាច​ចាត់ចែង​បែបណា​ឲ្យ​បញ្ហា​ចំណាក​ស្រុក​មាន​របៀប​រៀប​រយហើយ​ខ្ញុំ​យល់​ថា​ នេះ​ជា​អ្វី​ដែល​ពលរដ្ឋ​អឺរ៉ុប​សុំ​ពី​យើង»។ ​លោកស្រី​បាន​ថ្លែង​បន្ថែម​ថា៖​ «ពួក​ជន​ចំណាក​ស្រុកដូច​លោកអ្នក​និង​ខ្ញុំ​ដែរ ​គឺ​ពួក​គេ​ជា​ពួក​បុរស​និង​ពួក​ស្ត្រី​ កុមារា​និង​កុមារី។​ ពួក​គេ​ មាន​មតិ​ផ្សេងៗ​គ្នា។​ ពួក​គេ​មាន​ការ​ជួប​ប្រទះ​ផ្សេងៗ​គ្នា ​ហើយ​ពួក​គេ​ជា​មនុស្ស​ ហើយ​ពួក​គេ​ត្រូវ​ទទួល​ការ​រាប់​រក​ក្នុង​ឋានៈ​ជា​មនុស្ស»។​

នៅ​ពេល​លាត​ត្រដាង​ផែនការ​នេះ ​លោកស្រី ​Ursula von der Leyen​ ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​បាន​មាន​ប្រសសាន៍​ថា​ ​ផែនការ​នេះ​ នឹង​«បង្កើត​ការ​ទុក​ចិត្ត​គ្នា​ជា​ថ្មី​រវាង​ពួក​រដ្ឋ​ជា​សមាជិក»​ ហើយ​នឹង​ធ្វើ​ឱ្យ​មាន​«តុល្យភាព​រវាង​សាមគ្គីភាព​និង​ការ​ទទួល​ខុស​ត្រូវ»។ ​សេចក្តី​ស្នើ​ថ្មី​នេះ​ក៏​នឹង​ជំនួស​អ្វី​ដែល​ហៅ​ថា​ បទបញ្ញត្តិ​ក្រុង​ Dublin ​ដែល​ចែង​ថា​ ​បើ​ពួក​អ្នក​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​ដាក់​ពាក្យ​សុំ​ដំបូង​គេ​ទៅ​ប្រទេស​ណា​មួយ​ក្នុង​សហភាព​អឺរ៉ុប​ ប្រទេស​នោះ​ គឺ​ជា​អ្នក​ដោះស្រាយ។​

តាម​រយៈ​សំណើ​ថ្មី​នេះ​ ​ពួក​មន្ត្រី​សហភាព​អឺរ៉ុប​ នឹង​បញ្ជូន​ពួក​អ្នក​ស្វះ​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ជា​ពិសេស​ទៅ​កាន់​ប្រទេស​ណាមួយ​ដោយ​ផ្អែក​លើ​ចំណង​ទាក់​ទង​គ្រួសារ​ ប្រវត្តិ​នៃ​ការ​សិក្សា​អប់រំ​ ឬ​ការងារ ​ឬ​មួយ​ធ្លាប់​មាន​ទិដ្ឋាការ​ចេញ​កាល​ពី​ពេល​មុនដោយ​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប។​ ពួក​មន្ត្រី​ EU ​និយាយ​ថា​ ​ពួកគេ​សង្ឃឹម​ថាផែនការ​នេះ​ នឹង​បញ្ឈប់​ជម្លោះ​រវាង​ពួក​រដ្ឋ​សមាជិក​ អំពី​បញ្ហា​ជន​ចំណាក​ស្រុកដែល​បាន​លេច​ឡើង​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១៥​ នៅ​ពេល​មាន​លំហូរ​ជន​ចំណាក​ស្រុក​ច្រើន​ក្នុង​ទ្វីប​អឺរ៉ុប។​

ការ​ជំទាស់​នឹង​សំណើ​នេះ​

ក៏​ប៉ុន្តែ ​មាន​សញ្ញា​បន្តិច​បន្តួច​ដែល​ថា​ ​កិច្ច​ព្រមព្រៀង​នេះ​នឹង​បញ្ចប់​ភាព​ជូរ​ចត់​អំពី​បញ្ហា​ជន​ចំណាក​ស្រុក ​ឬ​បញ្ឈប់​មិន​ឱ្យ​បញ្ហា​ជន​ចំណាក​ស្រុក​ធ្វើ​ឲ្យ​ខូច​សកម្ម​ភាព​នយោបាយ។​ កាល​ពី​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​កញ្ញា​ មេដឹកនាំ​ហុងគ្រី​លោក​ Viktor Orban ​បាន​និយាយ​ច្បាស់លាស់​ថា លោក​គ្មាន​បំណង​សម្រប​សម្រួល​ និង​ទទួល​យក​ពួក​ជន​សុំ​សិទ្ធិ​ជ្រក​កោន​ទេ។ ​ លោក​បាន​បង្ហាញ​ការ​មិន​យល់​ព្រម​របស់​លោក​ក្នុង​អត្ថបទ​មួយ​ដែល​លោក​បាន​សរសេរ​ចុះ​ផ្សាយ​ក្នុង​កាសែត​ហុងគ្រី​ និយម​នយោបាយ​ខាង​ស្តាំ​ឈ្មោះ Magyar Nemzet។​ នៅ​ក្នុង​អត្ថបទ​នោះ ​លោក Viktor Orban ​បាន​និយាយ​ថា​ មាន​ភាព​ទាល់​ច្រក​មួយ​រវាង​ពួក​អភិរក្ស​និយម​ក្នុង​ប៉ែក​កណ្តាល​ និង​ផ្នែក​ខាង​កើត​នៃ​ទ្វីប​អឺរ៉ុប​ និង​ពួក​រដ្ឋ​សេរី​និយម​ក្នុង​ផ្នែក​ខាង​លិច​អឺរ៉ុប​ ហើយ​លោក​មើល​មិន​ឃើញ​ថា​ អាច​ពុះពារ​បាន​ឡើយ។​

មេដឹកនាំ​ហុង​គ្រី​រូប​នេះ​បាន​សរសេរ​ថា៖ ​«ពួក​សេរីនិយម​ដែល​មាន​កលល្បិច​ គ្មាន​ហេតុផល​ខ្លាច​លំហូរ​ក្រុម​ជន​អន្តោ​ប្រវេសន៍​ទេ»។​ លោកបាន​បន្ថែម​ថា៖ «ពួក​ប្រទេស​អឺរ៉ុប​កណ្តាល​ ជ្រើសរើស​អនាគត​មួយ​ខុសពី​មុន គឺ​មិន​ឱ្យ​មាន​ពួក​ជន​អន្តោ​ប្រវេសន៍​ និង​ក្រុម​ជន​ចំណាក​ស្រុក​ទេ»។​

ពួក​មន្ត្រី​ហុងគ្រី​និយាយ​ថា​ ​ពួក​គេ​សង្ស័យ​ថា​ រដ្ឋាភិបាល​ក្រុង​ Budapest ​ (ប៊ុយដាប៉ែស)​ នឹង​មិន​ព្រម​ចូល​ទាក់ទិន​នឹង​ការ​បណ្តេញ​ក្រុម​ជន​ដែល​បាន​ត្រូវ​បដិសេធ​សិទ្ធិ​ជ្រក​កោន​ទេ​ ដោយ​និយាយ​ថា​ ការ​ទទួល​យក​ក្រុម​ជន​ចំណាក​ស្រុក​ដែល​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​ជា​សមាជិក​ផ្សេង​ គឺ​ជា​នយោបាយ​ទេសន្តរ​ប្រវេសន៍​លាក់​លៀម។ ពួក​មន្ត្រី​ហុងគ្រី​ទាំង​នេះ​ចង្អុល​បង្ហាញ​ថា​ ​ភាគ​ច្រើន​នៃ​ក្រុម​ជន​គ្មាន​សិទ្ធិ​ជ្រក​កោន​ មិន​ដែល​បានត្រូវ​បញ្ជូន​ទៅ​ប្រទេស​ពួក​គេ​វិញ​ទេ​ ពីព្រោះ​មាន​បញ្ហា​ខ្វះ​ឯកសារ ​ឬ​ដោយសារ​អាជ្ញាធរ​ប្រទេស​ពួក​គេ ​ប្រកែក​មិន​ព្រម​ទទួល ​ឬ​មិន​ព្រម​ជួយ​ពួក​គេ​ទេ។​

ប្រទេស​ហុងគ្រី​ ​ប៉ូឡូញ សាធារណរដ្ឋឆែក ​និង​ប្រទេស​ស្លូវ៉ាគី​ បាន​ជំទាស់​នឹង​គោល​នយោបាយ​ សហភាព​អឺរ៉ុប​អំពី​បរិមាណ​ភាគ​នៃ​ការ​តាំង​លំនៅដ្ឋាន​របស់​ពួក​ជន​ចំណាក​ស្រុក​ ចាប់​តាំង​ពី​មាន​វិបត្តិ​ជន​ចំណាក​ស្រុក​ និង​ការ​សុំ​សិទ្ធិ​ជ្រក​កោន​កាល​ពី​ឆ្នាំ​២០១៥។​ កាល​ពី​ពេល​នោះ​ ជន​ចំណាក​ស្រុក ​ជន​ភៀស​ខ្លួន ​និង​ពួក​សុំ​ជ្រក​កោន​ជិត​ពីរ​លាន​នាក់​ ​ដែល​ភាគ​ច្រើន​មក​ពី​ទ្វីប​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា​ បាន​ទៅ​ដល់​ឆ្នេរ​សមុទ្រ​អឺរ៉ុប។ ​រដ្ឋ​មួយ​ចំនួន​នៅ​អឺរ៉ុប​ខាង​ជើង ​ក៏​មាន​ការ​រារែក​ដែរ​ចំពោះ​គោល​នយោបាយ​នេះ។​

លោកស្រី​អធិការបតី​អាល្លឺម៉ង់ ​Angela Merkel ​បាន​ជំរុញ​សេចក្តី​ស្នើ​នេះ​ខ្លាំង​ជាង​គេ ហើយ​ក៏​មាន​ភាព​បន្ទាន់​ថែម​ទៀត​ ​ក្រោយពី​អគ្គីភ័យ​កាល​ពី​ដើម​ខែ​កញ្ញា​ នៅ​ឯ​ជំរំ​ជន​ចំណាក​ស្រុក​ Moria​ ដែល​មាន​មនុស្ស​ណែន​ក្តន់​នៅ​លើ​កោះ​ Lebos ប្រទេស​ក្រិក។​ ពួក​មន្ត្រី​អាល្លឺម៉ង់​បាន​និយាយ​ថា​ ​ប្រទេស​អឺរ៉ុប​ចំនួន​១០ ​បាន​យល់​ព្រម​ទទួល​យក​ពួក​អនិតិជន​៤០០​នាក់ ​ដែលគ្មាន​ញាតិ​សន្តាន ហើយ​ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​អគ្គីភ័យ​នៅ​ Moria។​

ចំនួន​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​បាន​ទៅ​ដល់​ឆ្នេរ​សមុទ្រ​អឺរ៉ុប​ មាន​តិច​ជាង​កាល​ពី​ឆ្នាំ​មុនៗ។​ រហូត​មក​ដល់​ពេល​នេះ​ ក្នុង​ឆ្នាំ​នេះ​ មាន​មនុស្ស​ប្រមាណ​៥​ម៉ឺន ​៥​ពាន់​នាក់​បាន​ទៅ​ដល់​ឆ្នេរ​សមុទ្រ​អឺរ៉ុប​ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ពី​សង្គ្រាម ​ឬ​ដើម្បី​ស្វែង​រក​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន។​ ហេតុផល​ដែល​នាំ​ឲ្យ​មាន​ចំនួន​តិច​ជាង​មុន​នេះ​ គឺ​ភាគ​ច្រើន​ដោយសារ​កិច្ច​ព្រមព្រៀង​កាល​ពី​ឆ្នាំ​២០១៦ ​រវាង​ប្រទេស ​តួរគី​ និង​សហភាព​អឺរ៉ុប។ ​តាម​រយៈ​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០១៦​នោះ​ ​ប្រទេស​តួរគី​យល់​ព្រម​រារាំង​ពួក​អ្នក​ស្វះស្វែង​រក​កន្លែង​ជ្រក​កោន​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​តាម​ផ្លូវ​គោក​ ឬ​តាម​សមុទ្រ​ ជា​ថ្នូរ​នឹង​ការ​ទទួល​យក​ប្រាក់​ច្រើន​ក្រាស់​ក្រែល។ ​ក៏​ប៉ុន្តែ ​ដោយសារ​ប្រទេស​តួរគី​ និង​ពួក​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ មាន​ភាព​តាន​តឹង​ខ្លាំងៗ​នោះ​ ​គេ​ដឹង​មិន​ច្បាស់លាស់​ទេ​ថា​ ​តើ​នឹង​មាន​ការ​គោរព​កិច្ច​ព្រមព្រៀង​នេះ​ឬ​ទេ ​ក្នុង​ពេល​អនាគត៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG