ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជំរុញ​ឲ្យ​បន្ត​គោល​នយោបាយ​របស់​លោក Trump ចំពោះ​ប្រទេស​ចិន


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងអនុនាយករដ្ឋមន្ត្រីចិនលោក Liu He ក្នុងអំឡុងពិធីចុះហត្ថលេខាលើការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ដែល​ជិត​អស់​អាណត្តិ បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា គោល​នយោបាយ​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន​ នៅ​ក្រោម​រដ្ឋបាល​របស់​លោក Joe Biden ដែល​នឹង​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ នឹង​បន្ត​ផ្តោតលើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ ជា​ការ​គំរាមកំហែង​ដ៏​ធំ​បំផុត​ចំពោះ​សហរដ្ឋ​អាមេរិក។

ថ្លែង​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​ទៅ​កាន់​បុគ្គលិក​និង​អ្នក​កាសែត​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល (USAGM) លោក Pompeo បាន​និយាយ​ថា លោក​ប្រធានាធិបតី Donald Trump៖ «បាន​កំណត់​យ៉ាង​ត្រឹមត្រូវ​អំពី​បញ្ហា​នេះ​ នៅ​ពេល​ដែល​លោក​បាន​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាលពី​ឆ្នាំ ២០១៥ ថា​ជា​ការ​គំរាម​កំហែង​តែ​មួយ​គត់​ចំពោះ​ចំណុច​ស្នូល​នៃ​គោល​គំនិត​របស់​បស្ចិម​ប្រទេស​នៅ​លើ​ពិភពលោក»។

លោក Pompeo និយាយ​ដូច្នេះ​ថា៖ «គណបក្ស​កុម្មុយនីស្ត​ចិន​មាន​បំណង​យ៉ាង​ជាក់ច្បាស់​សម្រាប់​ការ​ជះ​ឥទ្ធិពល​បែប​អនុត្តរភាព​និយម [នៅ​លើ​ពិភពលោក]។ យើង​មាន​កាតព្វកិច្ច​និង​ការ​ទទួល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​អាមេរិកាំង និង​ចំពោះ​ពលរដ្ឋ​ដែល​ស្រឡាញ់​សេរីភាព​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ពិភពលោក​បែប​នេះ​មិនមែន​ជា​ពិភពលោក​ដែល​កូន​ចៅ​របស់​យើង​រស់នៅ​នោះ​ទេ»។

លោក Pompeo បាន​ថ្លែង​អំពី​ភាព​ខុសគ្នា​រវាង​ប្រព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​និង​ប្រព័ន្ធ​របស់​ប្រទេស​ចិន។ លោក​មាន​ប្រសាសន៍​ថា៖ «ចំពោះ​គំនិត​ដែល​ថា​យើង​មាន​ប្រព័ន្ធ​ផ្អែក​លើ​ច្បាប់ ការ​គោរព​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ​និង​សេចក្តី​ថ្លៃថ្នូ​របស់​មនុស្ស ចិន​គឺជាប្រទេស​ដែល​គំរាម​កំហែង​ចំពោះ​ចំណុច​ទាំង​អស់​នេះ»។

លោក Pompeo បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា មាន​ការ​មូល​មតិ​គ្នា​អំពី​ចំណុច​នេះ។ ខ្ញុំ​បាន​ធ្វើការ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​លើ​បញ្ហា​សំខាន់ៗ​ជាច្រើន ​ដូចជា​បញ្ហា​ទីក្រុង​ហុងកុង ​និង​បញ្ហា​មួយ​ចំនួន​ទៀត​ដូចជា​បញ្ជា​ជាតិ​សាសន៍ Uyghurs នៅ​តំបន់ Xinjiang និង​អំពើ​ឃោរឃៅ​ដែល​បាន​កើតឡើង​នៅ​ទីនោះ​ជាដើម។ ខ្ញុំ​សង្ឃឹម​ថា ការ​ផ្ដោត​លើ​បញ្ហា​ទាំង​នេះ​នឹង​នៅ​បន្ត​ដដែល»។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ថ្លែងនៅក្នុងក្លឹបអ្នកសារព័ត៌មានអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ថ្លែងនៅក្នុងក្លឹបអ្នកសារព័ត៌មានអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ លោក Trump បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ (Human Rights and Democracy Act) ដែល​គាំទ្រ​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង។

កាលពី​ថ្ងៃ​ទី ៣០ ខែ​មិថុនា​ឆ្នាំ​មុន ក្នុង​បរិបទ​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​រដ្ឋាភិបាល​ចិន​សម្រាប់​ទីក្រុង​ហុងកុង​បាន​ចូល​ជា​ធរមាន។ ច្បាប់​នេះ​ហាមឃាត់​សកម្មភាព​ទាមទារ​ការ​បំបែក​រដ្ឋ ការ​ធ្វើ​វិទ្ធង្សនា ការ​ឃុបឃិត​ជាមួយ​បរទេស និង​អំពើ​ភេរវកម្ម។ ការ​ដាក់​ទោស​ចំពោះ​អ្នក​ប្រព្រឹត្តិ​ល្មើស ​គឺ​មាន​ទាំង​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ផងដែរ រី​ឯការ​កាត់ទោស​សម្ងាត់​និង​ការ​ធ្វើ​បត្យាប័ន​បញ្ជូន​ជន​ល្មើស​ទៅកាន់​ចិន​ដីគោក​ក៏​អាច​ទៅ​រួច​ដែរ។

ជាង​នេះ​ទៀត កាលពី​ខែ​មិថុនា​ឆ្នាំ​មុន លោក Trump បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​គោល​នយោបាយ​សិទ្ធិ​មនុស្ស​សម្រាប់​ជាតិសាសន៍ Uyghur (Uyghur Human Rights Policy Act) ដែល​តម្រូវ​ឲ្យ​អង្គភាព​នានា​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​រាយការណ៍​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ចិន​លើ​ជាតិសាសន៍ Uyghur កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ខេត្ត Xinjiang។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា កាល​ពី​ពេល​ថ្មីៗ​នេះ លោក Pompeo បាន​ដក​ចេញ​នូវ​ការ​ដាក់​កំហិត​លើ​ទំនាក់ទំនង​ផ្នែក​ការទូត​ជាន់​ខ្ពស់​ជាមួយ​កោះ​តៃវ៉ាន់ ដែល​ជា​កោះ​ស្វ័យ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ ដែល​ចិន​អះអាង​ថា​ជា​ទឹកដី​របស់​ខ្លួន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​ថា រដ្ឋាភិបាល​ចិន​ប្រឆាំង​នឹង​វិធានការ​របស់​លោក Pompeo នេះ ហើយ​នឹង​ប្រយុទ្ធ​តបត​វិញ​ដោយ​មិន​ញញើត​ចំពោះ​ការ​ប៉ុនប៉ង​បំផ្លាញ​ផល​ប្រយោជន៍​របស់​ខ្លួន​នេះ។

កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump បាន​ចូលរួម​ជាមួយ​ប្រទេស​កាណាដា ចក្រភព​អង់គ្លេស និង​ប្រទេស​អូស្ត្រាលី នៅ​ក្នុង​ការ​ថ្កោលទោស​ការ​ចាប់​ខ្លួន​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ជាង ៥០ នាក់ កាលពី​ថ្ងៃ​ពុធ​ទី ៦ ខែ​មករា​កន្លង​ទៅ​នេះ នៅ​ក្នុង​ទីក្រុង​ហុងកុង។

លោក Pompeo បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អាច​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ដែល​ពាក់ព័ន្ធនៅ​ក្នុង​ការ​ចាប់ខ្លួន​ទាំង​នេះ។

លោក Antony Blinken ដែល​លោក Biden បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​បន្ទាប់ពី​លោក Pompeo អស់​អាណត្តិ បាន​សរសេរ​នៅ​លើ Twitter ថា៖ «ការ​ចាប់ខ្លួន​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ច្រើន​នេះ គឺជា​ការ​វាយ​ប្រហារ​លើ​អ្នក​ដែល​ហ៊ាន​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ជា​សាកល​របស់​មនុស្ស។ រដ្ឋបាល​របស់​លោក Biden និង​អ្នកស្រី Harris នឹង​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ហុងកុង​ហើយ​នឹង​ប្រឆាំង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ»។

លោក Pompeo ដែល​ជា​អតីត​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក (CIA) បាន​បញ្ជាក់​ថា៖ «កិច្ចការ​ទាំង​នេះ​មិន​ត្រូវ​ប្រញ៉ាប់​ទេ។ កិច្ចការ​ទាំង​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​កិច្ច​ប្រឹងប្រែង​ដែល​យើង​បាន​ធ្វើ ហើយ​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​ដែល​យើង​បាន​ដាក់​ចេញ​ទាក់ទិន​ទៅ​នឹង​វិធី​ការពារ​និង​ថែ​រក្សា​សេរីភាព​អាមេរិក​ពី​ការ​ប្រឈម​ដែល​គណបក្ស​កុម្មុយនីស្ត​ចិន បាន​បង្ហាញ​ឡើង។ ...មិន​ថា​ពួកគេ​និយាយ​អ្វី​នោះ​ទេ យើង​មិន​ត្រូវ​ទុកចិត្ត​នោះ​ឡើយ និង​ត្រូវ​ធ្វើ​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់»។

លោក Pompeo បាន​ពណ៌នា​អំពី​ការណ៍​ដែល​ចិន​មិន​គោរព​តាម​ការ​ប្ដេជ្ញា​របស់​ខ្លួន​ដែល​បាន​ធ្វើ​នៅ​លើ​ឆាក​អន្តរជាតិ។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «គណបក្ស​កុម្មុយនីស្ត​ចិន​បាន​សន្យា​ចំពោះ​ប្រជាពលរដ្ឋ​ហុងកុង ប៉ុន្តែ​មិន​បាន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ។ គណបក្ស​កុម្មុយនីស្ត​ចិន​មាន​ការ​សន្យា។ ជាជាង​ការ​យល់ដឹង​ដែល​យើង​មាន​ទាក់ទិន​នឹង​កោះ​តៃវ៉ាន់ យើង​ចាំបាច់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទទួល​ខុសត្រូវ​ចំពោះ​ការ​សន្យា​ទាំង​នោះ។ គណបក្ស​កុម្មុយនីស្ត​ចិន​បាន​សន្យា​ជាមួយ​លោក​អតីត​ប្រធានាធិបតី Barack Obama រួច​ហើយ​ថា ខ្លួន​នឹង​មិន​ដំឡើង​អាវុធ​នៅ​លើ​កោះ​នានា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ ប៉ុន្តែ​ពួកគេ​មិន​បាន​គោរព​តាម​ការ​សន្យា​ឡើយ ហើយ​បាន​ដំឡើង​អាវុធ ដោយ​ស្ទើរតែ​មិនមាន​ការ​ដាក់​ទណ្ឌកម្ម​អ្វី​ទាំង​អស់»។

រូបឯកសារ៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ ត្រូវបានចាប់ខ្លួនដោយប៉ូលិសហុងកុង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ ត្រូវបានចាប់ខ្លួនដោយប៉ូលិសហុងកុង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

លោក Pompeo បាន​លើកឡើង​ថា លោក​ប្រធានាធិបតី Trump «បាន​ដំឡើង​ពន្ធ​គយ​លើ​ទំនិញ​ចិន បាន​ព្យាយាម​បញ្ឈប់​ការ​លួច​កម្មសិទ្ធិ​បញ្ញា​ដែល​ធ្វើ​ឲ្យ​បាត់បង់​ការងារ​រាប់​លាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយសារតែ​ពួកគេ​នឹង​លួច​យក​ព័ត៌មាន​របស់​យើង​ទៅ​ប្រទេស​ចិន ផលិត​វា​ឡើង ហើយ​បន្ទាប់​មក យក​មក​លក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​វិញ»។

លោក Pompeo ក៏​បាន​ថ្លែង​ផងដែរ​អំពី​ជំងឺ​រាតត្បាត​កូវីដ១៩ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ប្រភព​ចេញ​ពី​ទីក្រុង Wuhan ប្រទេស​ចិន។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ទាក់ទិន​នឹង​បញ្ហា​នៃ​វីរុស Wuhan ...ខ្ញុំ​ដឹង​ថា នៅ​ពេល​ឥឡូវ​នេះ គណបក្ស​កុម្មុយនីស្ត​ចិន​នឹង​អនុញ្ញាត​ឲ្យ​អង្គការ​សុខភាព​ពិភពលោក (WHO) ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ស្វែងរក​ប្រភព​នៃ​វីរុស​នេះ ក៏ប៉ុន្តែ វា​បាន​ចំណាយ​ពេល​នៃ​ការ​ប្រឹងប្រែង​អស់​រាប់​ខែ​ដើម្បី​ធ្វើ​កិច្ចការ​នេះ។ ...យើង​នៅតែ​មិន​ទាន់​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​សំខាន់​អំពី​ប្រភព​នៃ​វីរុស​នេះ។ ព័ត៌មាន​នេះ​មាន​សារៈសំខាន់​សម្រាប់​សុខភាព​និង​សុវត្ថិភាព និង​សម្រាប់​ធ្វើ​ឲ្យ​ច្បាស់​ថា វីរុស​ដូច​នេះ​នឹង​មិន​កើត​មាន​ឡើង​ម្ដង​ទៀត​ចេញ​ពី​ប្រទេស​ចិន​ទេ»។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ក្នុង​ពេល​ប៉ុន្មាន​ខែ​មុន​វីរុស​នោះ​បាន​ផ្ទុះ​ឡើង រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump បាន​កាត់​បន្ថយ​បុគ្គលិក​ជាង ២ ភាគ ៣ នៅ​ឯ​ការិយាល័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

មជ្ឈមណ្ឌល CDC ដែល​បាន​ធ្វើការ​នៅ​ក្នុង​ប្រទេស​ចិន​អស់​រយៈពេល ៣ ទសវត្សរ៍​កន្លង​មក បាន​ផ្តល់​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​សុខភាព​សាធារណៈ​ដល់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក ហើយ​បាន​ធ្វើការ​ជាមួយ​ពួកគេ​ដើម្បី​ជួយ​បញ្ឈប់​ការ​ផ្ទុះឡើង​នូវ​ជំងឺ​ឆ្លង​នានា​កុំឲ្យ​រាលដាល​នៅ​ទូទាំង​ពិភពលោក។

រដ្ឋបាល​របស់​លោក Trump ក៏​បាន​បិទ​ការិយាល័យ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ផងដែរ។ ទីភ្នាក់ងារ USAID គឺជា​កម្មវិធី​ជំនួយ​មនុស្សធម៌​សាកលលោក ដែល​មាន​តួនាទី​នៅ​ក្នុង​ការ​ជួយ​ប្រទេស​ចិន​ដើម្បី​តាមដាន​មើល​និង​ឆ្លើយតប​ចំពោះ​ការ​ផ្ទុះឡើង​នូវ​ជំងឺ​ឆ្លង​នានា។

បន្ថែម​ពី​នេះ​ទៀត ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក​បាន​ផ្ទេរ​អ្នក​គ្រប់គ្រង​កម្មវិធី​ត្រួត​ពិនិត្យ​ជំងឺ​សត្វ​ចេញ​ពី​ប្រទេស​ចិន​កាលពី​ឆ្នាំ ២០១៨។

អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា វីរុស​កូរ៉ូណា​ដែល​បាន​បណ្តាល​ឲ្យ​កើត​ជំងឺ​កូវីដ១៩ ត្រូវ​បាន​គេ​ជឿ​ថា​មាន​ប្រភព​ចេញ​ពី​សត្វ​ប្រជៀវ ហើយ​បាន​ឆ្លង​ចូល​ក្នុង​ខ្លួន​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន៕

ប្រែសម្រួល​ដោយលោក ជឹង ប៉ូជីន

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG